យោធាអ៊ីស្រាអែលនិយាយនៅថ្ងៃពុធថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបបាញ់រ៉ុក្កែតចំនួន ៤គ្រាប់នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។ គ្រាប់ចំនួនពីរត្រូវប្រព័ន្ធការពារមីស៊ីល Iron Dome បាញ់ទម្លាក់។ ភ្នាក់ងារព័ត៌មាន AP និយាយថា មិនមានរបាយការណ៍បង្ហាញពីការរងរបួស ឬការខូចខាតឡើយ។
ការវាយប្រហារគ្រាប់រ៉ុក្កែតចេញពីតំបន់ប៉ាឡេស្ទីនលើកដំបូងនៅក្នុងរយៈពេលជិតមួយខែមកនេះ។ ហេតុការណ៍នេះកើតឡើងចំពេលដែលកិច្ចប្រឹងប្រែងអន្តរជាតិដើម្បីបង្កើតឱ្យមានបទឈប់បាញ់ក្រៅផ្លូវការរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាដែលគ្រប់គ្រងអំណាចនៅតំបន់ហ្គាហ្សា។ភាគីទាំងពីរធ្វើការចរចាដោយប្រយោលតាមរយៈអ្នកសម្របសម្រួលអេហ្ស៊ីប អង្គការសហប្រជាជាតិ និងអ្នកសម្របសម្រួលប្រទេសកាតា ក្នុងគោលបំណងបន្ធូរបន្ថយការបិទទឹកដីអ៊ីស្រាអែលជាថ្នូរនឹងការបញ្ឈប់ការបាញ់រ៉ុក្កែត។ មិនមានការអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហាររ៉ុក្កែតនោះទេ៕

ប្រភពព័ត៌មានRT ផ្សាយឡើងវិញថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០









