មន្រ្តីប៉ូលិសចំនួនពីរនាក់ត្រូវគេបាញ់សម្លាប់នៅតំបន់ដាយម៉ុនហេដ(Diamond Head) នៃខេត្តហូណូឡូលូលូ(Honolulu) ក្នុងរដ្ឋហ៉ាវ៉ៃ(Hawaii)។ អគ្គិភ័យដ៏ធំមួយក៏បានឆាបឆេះនៅក្នុងតំបន់នោះផងដែរ។
យោងតាមប្រភពព័ត៌មានក្នុងស្រុកបានអោយដឹងថា មន្រ្តីទាំងនោះឆ្លើយតបទៅនឹងបុរសម្នាក់ដែលកាន់អាវុធ។ក្រោយមកជនសង្ស័យបើកការបាញ់ប្រហារ និងវាយប្រហារទៅលើមន្ត្រីទាំងពីរនាក់។ ជនសង្ស័យចូលទៅដុតផ្ទះមួយ ហើយក្រោយមកភ្លើងឆាបឆេះរាលដាលយ៉ាងលឿនទៅកាន់ផ្ទះជិតខាងមួយចំនួនផ្សេងទៀត។ ប៉ូលិសអំពាវនាវដល់សាធារណជនឱ្យចៀសវាងធ្វើដំណើរកាត់តំបន់នោះ ហើយផ្លូវមួយចំនួនត្រូវគេបិទខណៈដែលការស៊ើបអង្កេតនៅតែអនុវត្តបន្ត។
ការប្រកួតកីឡាវាយកូនបាល់នៅជិតសួនកាព័រឡេនី(Kapiolani) ត្រូវគេលុបចោល ដោយសារតែមានការបាញ់ប្រហារកើតឡើង ទោះបីជាប៉ូលិសនិយាយថា ពួកគេមិនជឿថា ជនសង្ស័យចូលពួនក្នុងឧទ្យាននេះក៏ដោយ។ ពួកគេបានបិទតំបន់នោះជាការប្រុងប្រយ័ត្ន។
មានសេចក្តីរាយការណ៍ដែលមិនបានបញ្ជាក់ឈ្មោះអះអាងថា ជនសង្ស័យរងការបណ្តេញចេញពីផ្ទះរបស់គាត់នៅព្រឹកថ្ងៃអាទិត្យ។ ក្រោយមកទៀតគាត់ចាក់សម្លាប់ម្ចាស់ផ្ទះ ហើយនេះគឺជាមូលហេតុបណ្តាលឱ្យប៉ូលិសធ្វើការឆ្លើយតប៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០









