មានគ្រាប់រ៉ុក្កែតផ្ទុះឡើងនៅក្បែរតំបន់បៃតង(Green Zone) របស់ទីក្រុងបាកដាដដែលនៅទីនោះមានស្ថានទូតអាមេរិក និងស្នាក់ការការទូតបរទេសផ្សេងទៀត។ ភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា មានការផ្ទុះចំនួនពីរកើតឡើងជុំវិញតំបន់បៃតងនៅថ្ងៃច័ន្ទ ទី២០ ខែមករានេះ។ គេមិនទាន់ច្បាស់ថា ការផ្ទុះនោះបណ្តាលឱ្យមានអ្នកស្លាប់ ឬរបួសនោះទេ។ដេអូឃ្លីបផ្សព្វផ្សាយនៅលើបណ្តាញសង្គមបង្ហាញឱ្យឃើញពីតំបន់មួយដែលមានស៊ីរ៉ែនសង្គ្រោះបន្ទាន់។ការវាយប្រហារកើតឡើងចំពេលមានឧប្បត្តិហេតុស្រដៀងគ្នានៅរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានគ្រាប់រ៉ុក្កែតមួយគ្រាប់បាញ់នៅក្បែរជំរុំថាជី(Taji) ដែលជាមូលដ្ឋានទ័ពអាមេរិកនៅភាគខាងជើងនៃទីក្រុងបាកដាដនៅថ្ងៃអង្គារសប្តាហ៍មុន។ ហាតុការណ៍នោះធ្វើឱ្យទាហានអ៊ីរ៉ាក់ម្នាក់រងរបួស។ នៅរយៈពេល ប៉ុន្មានថ្ងៃមុននេះគ្រាប់រ៉ុក្កែតខេធីយូស្ហា(Katyusha)ចំនួន ៨គ្រាប់វាយប្រហារលើមូលដ្ឋានទ័ពអាកាសអាល ប៉ាឡាដ(Al-Balad) ជាទីតាំងមួយផ្សេងទៀតដែលមានកងទ័ពអាមេរិកតាំងនៅ។ ការវាយប្រហារនោះបណ្តាលឲ្យបុគ្គលិកអ៊ីរ៉ាក់ចំនួន ៤នាក់រងរបួស។ ពុំមានក្រុមណាមួយទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២០ ខែមករា ឆ្នាំ២០២០









