មានការព្រួយបារម្ភបានកើនឡើងបន្ទាប់ពីរដ្ឋាភិបាលចិនបានបង្ហាញថា មេរោគអាចឆ្លងពីមនុស្សទៅមនុស្ស។
មានការប្រុងប្រយ័ត្នខ្ពស់នៅក្នុងប្រទេសចិន និងកន្លែងផ្សេងទៀត នៅថ្ងៃអង្គារនេះ ខណៈពេលដែល រដ្ឋាភិបាលបានព្យាយាមគ្រប់គ្រងការផ្ទុះឡើងនៃវីរុសថ្មី ដែលគំរាមកំហែង និងរីករាលដាលបន្ថែម ទៀតក្នុងកំឡុងពេលធ្វើដំណើរកម្សាន្តតាមច័ន្ទគតិ។
ការថប់បារម្ភបានកើនឡើង បន្ទាប់ពីអ្នកជំនាញរដ្ឋាភិបាលចិន លោក Zhong Nanshan បានបង្ហើបប្រាប់តាមកញ្ចក់ទូរទស្សន៍រដ្ឋកាលពីល្ងាចថ្ងៃច័ន្ទថា មេរោគនេះអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត។ ករណីដំបូង កាលពីចុងខែមុនគឺទាក់ទងទៅនឹងទីផ្សារអាហារសមុទ្រ ហើយការឆ្លងត្រូវបាន គេសង្ស័យថា បានកើតឡើងពីសត្វទៅមនុស្ស។ កន្លងមកអាជ្ញាធរមិនបានបញ្ជាក់ពីការឆ្លងពីមនុស្ស ទៅមនុស្សទេ។
មនុស្ស ៤នាក់បានស្លាប់ ហើយជាង ២០០ នាក់បានឆ្លង ហើយភាគច្រើននៃជំងឺ និងអ្នកស្លាប់ទាំងអស់ គឺស្ថិតនៅក្នុងទីក្រុង Wuhan ដែលជាទីប្រជុំជនផ្សារកណ្តាលគ្រឿងសមុទ្ររបស់ប្រទេសចិន។ ក្រៅពីករណីចំនួន ១៩៨ករណីនៅ Wuhan ជាង ២០ ករណីត្រូវបានគេធ្វើរោគវិនិច្ឆ័យនៅទីក្រុង ប៉េកាំង សៀងហៃ និងខេត្តក្វាងទុងភាគខាងត្បូង ហើយ ៤ ករណីទៀតត្រូវបានបញ្ជាក់នៅក្រៅ ប្រទេសក្នុងចំណោមអ្នកដំណើរជនជាតិចិននៅកូរ៉េខាងត្បូង ជប៉ុន និងថៃ។
២ ករណីនៅក្វាងទុងគឺជាមនុស្សដែលមិនបានទៅលេងនៅ Huhan ទេ ប៉ុន្តែបានធ្លាក់ខ្លួនឈឺបន្ទាប់ពី សមាជិកគ្រួសារបានត្រឡប់មកពីទីនោះ។ លោក Zhong បានលើកឡើងថា ជាភស្ដុតាងដែលថាជំងឺ បានឆ្លងពីមនុស្សទៅមនុស្ស។ ដោយមានការព្រួយបារម្ភអំពីការរាតត្បាតជាសកលដែលស្រដៀងនឹងជំងឺ SARS ដែលជាវីរុសប្លែក ដែលឆ្លងពីប្រទេសចិន ទៅប្រទេសជាង ១២ ក្នុងឆ្នាំ ២០០២-២០០៣ ប្រទេសជាច្រើនបានអនុម័ត វិធានការពិនិត្យសម្រាប់អ្នកដំណើរ ដែលធ្វើដំណើរមកពីប្រទេសចិន ជាពិសេសអ្នកដែលមកពី Wuhan។ ទីផ្សារភាគហ៊ុនបានធ្លាក់ចុះនៅអាស៊ីភាគច្រើនដោយសារវិនិយោគិនព្រួយបារម្ភអំពីផលប៉ះពាល់ សក្តានុពលលើវិស័យទេសចរណ៍ និងសេដ្ឋកិច្ច។ Rajiv Biswas ប្រធានសេដ្ឋវិទូប្រចាំអាស៊ីប៉ាស៊ីហ្វិកបានសរសេរថា “ការផ្ទុះឡើងនៃវីរុស ដូចវីរុស SARS នៅ Wuhan កំពុងវិវត្តទៅជាហានិភ័យសេដ្ឋកិច្ចដ៏មានសក្តានុពលមួយនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ឥឡូវនេះមានភស្តុតាងពីវេជ្ជសាស្ត្រអំពីការឆ្លងពីមនុស្សទៅមនុស្ស” នៅក្នុងការវិភាគ។ លោកបានកត់សម្គាល់ថា វិបត្តិ SARS បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសចិន បណ្តា ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន និងនៅឆ្ងាយដូចជា កាណាដា និងអូស្ត្រាលី។អូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូងស្ថិតក្នុងចំណោមប្រទេសដែលបង្កើនការរឹតបន្តឹងនៅព្រលាន យន្តហោះ Screening។ លោក Brendan Murphy ប្រធានផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសនេះបានប្រាប់ ក្រុមអ្នកយកព័ត៌មានថា ប្រទេសអូស្ត្រាលីទទួលបានអ្នកធ្វើដំណើរពីប្រទេសចិនយ៉ាងច្រើនក្នុងនោះ មានជើងហោះហើរត្រង់ចំនួន ៣ដងក្នុងមួយសប្តាហ៍ពីទីក្រុង Wuhan ទៅទីក្រុងស៊ីដនី ហើយការ ហោះហើរទាំងនេះនឹងត្រូវបំពេញដោយបុគ្គលិកសន្តិសុខ និងការពារជីវគីមីតាមព្រំដែន។ យ៉ាងហោចណាស់អាកាសយានដ្ឋានចំនួន ៣ របស់អាមេរិកបានចាប់ផ្តើមត្រួតពិនិត្យអ្នកដំណើរតាម យន្តហោះ ដែលចូលមកពីភាគកណ្តាលប្រទេសចិន។ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូអាបេ បាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយរដ្ឋមន្រ្តីក្រសួង សុខាភិបាល និងអ្នកផ្សេងទៀតមកពីក្រសួងពាក់ព័ន្ធថា “យើងត្រូវបង្កើនកម្រិតប្រុងប្រយ័ត្នរបស់យើង នៅពេលចំនួនអ្នកជំងឺកំពុងកើនឡើងនៅក្នុងប្រទេសចិន”។ លោក អាបេ បាននិយាយថា “សូមចាត់វិធានការប្រុងប្រយ័ត្នឱ្យបានគ្រប់ករណី”។ ក្រុមគ្រួសារ coronavirus រួមទាំងអ្នក ដែលបង្កឱ្យមានជំងឺផ្តាសាយធម្មតា ប៉ុន្តែមេរោគខ្លះរកឃើញនៅ ក្នុងសត្វប្រចៀវ សត្វអូដ្ឋ និងសត្វដទៃទៀតបានវិវត្តទៅជាជំងឺធ្ងន់ធ្ងរថែមទៀត។ មេរោគ SARS ឬរោគ សញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ និងជំងឺ MERS រោគសញ្ញាផ្លូវដង្ហើមមជ្ឈឹមបូព៌ា គឺស្ថិតនៅក្នុងក្រុមគ្រួសារ មេរោគ coronavirus។ លទ្ធភាពដែលវីរុសអាចឆ្លងរវាងមនុស្សបង្កើនឱកាសអាចរីករាលដាលលឿន និងទូលំទូលាយ។ រដ្ឋាភិបាលចិនបាន ប៉ាន់ប្រមាណថា ប្រជាជននឹងធ្វើដំណើរប្រមាណ ៣ ពាន់លាននាក់ក្នុងរដូវធ្វើ ដំណើរ បុណ្យចូលឆ្នាំប្រពៃណីជាតិ ប៉ុន្តែអ្នកប្រើបណ្តាញសង្គមមួយចំនួនបាននិយាយថា ពួកគេអាច ស្នាក់នៅផ្ទះ ដោយសារតែការព្រួយបារម្ភអំពីការរាលដាលនៃជំងឺនេះ។លោក Zhong ដែលបានជួយលាតត្រដាងពីទំហំនៃ SARA បានប្រាប់ទូរទស្សន៍ស៊ីស៊ីធីវីថា មនុស្ស ២ នាក់ នៅខេត្តក្វាងទុងបានឆ្លងវីរុសនេះពីសមាជិកគ្រួសារ។ គណៈកម្មការសុខាភិបាលក្រុង Wuhan បាននិយាយថា បុគ្គលិកពេទ្យចំនួន ១៥នាក់ ក៏បានធ្វើតេស្ត ឃើញមានផ្ទុកវីរុសនេះផងដែរ។ ប្រធានាធិបតីចិនលោក ស៊ីជីនពីង បានណែនាំដល់នាយកដ្ឋានរដ្ឋាភិបាលឱ្យបញ្ចេញព័ត៌មានជា បន្ទាន់អំពីមេរោគ និងធ្វើឱ្យស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការអត្ថាធិប្បាយរបស់គាត់ កាលពីថ្ងៃច័ន្ទ គឺជាលើកដំបូងរបស់គាត់ទាក់ទងនឹងជំងឺនេះ។ នៅពេលវីរុស SARS បានឆ្លងរាលដាលដល់ប្រជាជននៅភាគខាងត្បូងប្រទេសចិនរដ្ឋាភិបាលចិន បានព្យាយាមលាក់បាំងភាពធ្ងន់ធ្ងរនៃការរាលដាល ដែលបានសម្លាប់មនុស្សជិត ៨០០នាក់។ ការបិទ បាំងត្រូវបានលាតត្រដាងដោយគ្រូពេទ្យជាន់ខ្ពស់។ Gabriel Leung ព្រឹទ្ធបុរសផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យហុងកុងបាននិយាយថា អាជ្ញាធរចិន បានឆ្លើយតបយ៉ាងឆាប់រហ័សនៅពេលនេះ។ លោក Leung បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “ការសន្មតជាមូលដ្ឋានរបស់យើងគឺថា កម្លាំងនៃការ ឆ្លងមានភាពខុសគ្នាខ្លាំងណាស់ ពីព្រោះវិធានការសុខភាពសាធារណៈជាច្រើនត្រូវបានអនុវត្ត ហើយ អន្តរាគមន៍ជាច្រើនត្រូវបានប្រតិបត្តិ”។ លោក Leung ដែលបានចូលរួមយ៉ាងខ្លាំងក្នុងការឆ្លើយតបទៅនឹង SARS បាននិយាយថា គំរូបាន បង្ហាញករណីជាច្រើននឹងកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ប៉ុន្តែការផ្ទុះនឹងបាត់បង់ សន្ទុះជាបណ្តើរៗ នៅពេលដែលការប្រុងប្រយ័ត្នមានប្រសិទ្ធិភាព។ រោគសញ្ញាដំបូងនៃវីរុស caronavirus ថ្មីរួមមាន គ្រុនក្តៅ ក្អក តឹងទ្រូង និងដង្ហើមខ្លី។ មនុស្សគ្រប់គ្នាចូលមន្ទីរពេទ្យ Beijing United Family Hospital នៅថ្ងៃអង្គារនេះ តម្រូវឱ្យមានការត្រួត ពិនិត្យកំដៅខ្លួនរបស់ពួកគេឱ្យបានឆាប់នៅពេលដែលពួកគេចូលដល់មាត់ទ្វារ។ មន្ទីរពេទ្យបានផ្តល់ ម៉ាសដល់អ្នកជំងឺទាំងអស់ និងប្រាប់ពួកគេឲ្យពាក់។ គិលានុបដ្ឋាយិកា វេជ្ជបណ្ឌិត និងបុគ្គលិកសម្អាត ទាំងអស់ក៏ពាក់ម៉ាសដែរ៕

ប្រភពព័ត៌មាន ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០









