សមាជិកសភាអ៊ីរ៉ង់អំពាវនាវផ្តល់អំណោយដល់អ្នកណាដែលអាចកាត់ក្បាលប្រមុខរដ្ឋសហរដ្ឋអាមេរិកលោកដូណាល់ត្រាំជាការឆ្លើយតបទៅនឹងការវាយប្រហារពីយន្តហោះគ្មានមនុស្សបើកសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់របស់ទីក្រុងតេរ៉ានលោកកាហ្ស៊ីមសូឡៃម៉ានី(Qassem Soleimani)។សេចក្តីថ្លែងការណ៍នោះធ្វើឡើងដោយលោកអាមាដ ហាម៉េស(Ahmad Hamzeh) សមាជិកសភាមកពីភាគខាងត្បូងខេត្តកឺម៉ាន(Kerman)។ លោកហា ម៉េស ថ្លែងនៅក្នុងសុន្ទរកថាទៅកាន់សមាជិកសភានៅថ្ងៃអង្គារថា “ក្នុងនាមជាប្រជាជននៃខេត្តកឺម៉ាន យើងនឹងបង់ប្រាក់រង្វាន់ចំនួន ៣លានដុល្លារដល់អ្នកដែលអាចសម្លាប់លោកត្រាំបាន”។ លោកបន្ថែមថា ប្រទេសអ៊ីរ៉ង់នឹងចាត់វិធានការណ៍ការពារពីការវាយប្រហារ និងការគំរាមកំហែងពីសហរដ្ឋអាមេរិក ប្រសិនបើអាមេរិកប្រើអាវុធនុយក្លេអ៊ែរ ហើយទីក្រុងតេរ៉ាននឹងពិចារណាអភិវឌ្ឍន៍មីស៊ីលចម្ងាយឆ្ងាយដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់មិនធម្មតា។
ឯកអគ្គរដ្ឋទូតអាមេរិកលោករ៉ូប៊ឺតវ៉ូតសម្តែងមតិរិះគន់ដល់ការលើកឡើងរបស់លោកហា ម៉េសក្នុងការផ្តល់អំណោយដល់អ្នកកាត់ក្បាលលោកត្រាំ ។ អ្នកការទូតរូបនោះប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសន្និសីទរំសាយអាវុធនៅទីក្រុងហ្សឺណែវប្រទេសស្វីសថា“វាគួរឱ្យអស់សំណើចណាស់ ប៉ុន្តែវាធ្វើឱ្យអ្នកយល់ពីរបរបភេរវកម្ម ហើយរបបនោះត្រូវការផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួន” ។

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២១ ខែមករា ឆ្នាំ២០២០









