ឧត្តមស្នងការសិទ្ធិមនុស្សអ៊ីរ៉ាក់បានបញ្ជាក់កាលពីថ្ងៃអាទិត្យនេះថាក្រុមបាតុករជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ខណៈដែលមនុស្សរាប់រយនាក់បានរងរបួស។ គណៈកម្មការនេះក៏បានពន្យល់បន្ថែមទៀតថាក្រុមបាតុករ៩នាក់ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានីបាដាដ រីឯ៣នាក់ទៀតត្រូវបានសម្លាប់នៅភាគខាងត្បូងទីក្រុងNasiriyah។
មិនតែប៉ុណ្ណោះមនុស្ស២៣០នាក់ក៏បានរងរបួសផងដែររួមមានទាំងក្រុមបាតុករ និងបុគ្គលិកសន្តិសុខ។ យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថាពេលនេះកម្លាំងសន្តិសុខបានចាប់ខ្លួនអ្នកតវ៉ាសរុបចំនួន៨៩នាក់នៅក្នុងរដ្ឋធានីបាដាដ និងទីក្រុងBasra ក្នុងរយៈពេល៤៨ម៉ោងកន្លងមកនេះ។ បន្ទាប់ពីបព្វជិតShia ដ៏មានឥទ្ធិពលអ៊ីរ៉ាក់គឺលោកMuqtada al-Sadr បានប្រកាសកាលពីថ្ងៃសៅរ៍នេះថាគាត់នឹងបញ្ឈប់ការគាំទ្ររបស់គាត់ចំពោះបាតុកម្មប្រឆាំងរដ្ឋាភិបាល ហើយកងកំលាំងសន្តិសុខបានវាយឆ្មក់ជំរុំរបស់ក្រុមបាតុករនៅក្នុងតំបន់ដាច់ដោយឡែកពីគ្នានៅទូទាំងប្រទេសអ៊ីរ៉ាក់ដោយបង្កើនកិច្ចប្រឹងប្រែងដើម្បីបញ្ចប់បាតុកម្ម។ គួររំលឹកថាប្រទេសអ៊ីរ៉ាក់ត្រូវបានរញ្ជួយដោយបាតុកម្មទ្រង់ទ្រាយធំចាប់តាំងពីដើមខែតុលាមករហូតមកដល់ពេលនេះ ដោយក្រុមអ្នកតវ៉ាជាង៦០០នាក់ត្រូវបានសម្លាប់ និងជាង២៥,០០០នាក់ផ្សេងទៀតបានរងរបួស។

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០









