ការផ្ទុះកញ្ចប់សំបុត្រធ្វើឱ្យរញ្ជួយកន្លែងផ្ញើសារនៅក្នុងទីក្រុងហូឡង់ចំនួនពីរក្នុងរយៈពេលកន្លះម៉ោង។ ឧប្បត្តិហេតុនេះផ្ទុះចេញពីកញ្ចប់ដ៏អាថ៌កំបាំង ដែលផ្ញើទៅក្រុមហ៊ុនផ្សេងៗនៅក្នុងប្រទេសនេះនៅរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗកន្លងមកនេះ។ប៉ូលិសនិយាយថា ការផ្ទុះដំបូងកើតឡើងនៅការិយាល័យសេវាកម្មប្រៃសណីយ៍មួយនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Bolstroen នៃទីក្រុង Amsterdam មុនម៉ោង ៨ព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃពុធ។ កន្លះម៉ោងក្រោយមក មានការផ្ទុះជាលើកទី ២នៅកន្លែងផ្ញើសំបុត្រមួយនៅទីប្រជុំជន Kerkrade នៅភាគអាគ្នេយ៍ខេត្ត Limburg ។ ពុំមាននរណាម្នាក់រងរបួសពីឧប្បត្តិហេតុទាំងពីរនេះទេ។ប៉ូលិសនៅទីក្រុង Amsterdam និយាយថា ការផ្ទុះនេះអាចកើតឡើងពីការបំផ្ទុះគ្រាប់បែក។ ក្រោយពីមានការផ្ទុះកញ្ចប់ទាំងពីរនៅពេលព្រឹក កញ្ចប់គួរឱ្យសង្ស័យទី ៣ត្រូវគេរកឃើញនៅឯធនាគារមួយក្នុងក្រុង Maastricht ។ ប៉ូលិសនិយាយថា ទោះបីជាយ៉ាងណា ពេលនេះការបន្លាចពីគ្រាប់បែកប្រែទៅជាហេតុការណ៍មិនពិតព្រោះថា ប្រអប់សំបុត្រមិនមានផ្ទុកគ្រឿងផ្ទុះណាមួយឡើយគ្រាន់តែជាឧបករណ៍បញ្ជាកុំព្យូទ័រ (mouse) តែប៉ុណ្ណោះ។ ក្រោយមក នៅថ្ងៃដដែលប៉ូលិសបង្ហាញថា មូលហេតុនៅពីក្រោយការបំផ្ទុះចំនួនពីរនោះគឺជាការជំរិតទារប្រាក់ ហើយពួកគេកំពុងធ្វើការស៊ើបអង្កេតថា ការវាយប្រហារនៅថ្ងៃពុធមានជាប់ទាក់ទងនឹងឧប្បត្តិហេតុស្រដៀងគ្នាខែមុន ឬយ៉ាងណា។ក្រុមហ៊ុនអាជីវកម្មជាច្រើននៅទីក្រុង Amsterdam ក្រុង Rotterdam ក្រុង Utrecht និង ក្រុងMaastricht ទទួលបានកញ្ចប់អាថ៌កំបាំងមានគ្រឿងផ្ទុះនៅខែមុន។ គេរកឃើញកញ្ចប់មួយចុងក្រោយនៅទីក្រុង Rotterdam នៅថ្ងៃសុក្រ។ ពុំមានកញ្ចប់ណាមួយបានផ្ទុះឡើងនោះទេ ប៉ុន្តែប៉ូលិសព្រមានថា កញ្ចប់នោះអាចបង្កឱ្យមានរបួសលើរាងកាយធ្ងន់ធ្ងរ។ កញ្ចប់មុនៗមានរូបសញ្ញារបស់ក្រុមហ៊ុនប្រមូលបំណុលជាតិ Centraal Invorderings Bureau (CIB) ហើយអ្នកទទួលកញ្ចប់នោះនិយាយថា ពួកគេមិនមានកិច្ចការអ្វីដែលត្រូវធ្វើជាមួយក្រុមហ៊ុននោះទេ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០









