អ្នកបើកបររបស់អង្គការសុខភាពពិភពលោកម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើយានយន្តរបស់អង្គការសហប្រជាជាតិដែលកំពុងដឹកយកសំណាកមួយចំនួនឆ្លងកាត់ខេត្តដែលកំពុងមានបញ្ហាសន្តិសុខ រ៉ាក់ឃីន(Rakhine) របស់ប្រទេសមីយ៉ាន់ម៉ា។ ទីនោះជាកន្លែងដែលមានការប្រយុទ្ធបានបន្តរយៈពេលជាច្រើនថ្ងៃមកហើយ។
ការិយាល័យអង្គការសហប្រជាជាតិក្នុងតំបន់បញ្ជាក់នៅថ្ងៃអង្គារថាប្រទេសមីយ៉ាន់ម៉ាដែលមានករណីឆ្លងជំងឺកូវីដ១៩ ឡើងដល់ចំនួន ១១៩ករណី បានឃើញឧប្បត្តិហេតុសន្តិសុខមួយនៅក្នុងសង្កាត់ Minbyaនៃរដ្ឋរ៉ាឃីនស្ថិតនៅភាគខាងលិចប្រទេសម៊ីយ៉ាន់ម៉ា។
ប្រភពបន្តថា រថយន្តមានលិខិតសម្គាល់របស់អង្គការសហប្រជាជាតិបានដឹកយកសំណាកជំងឺកូវីដ១៩ ដើម្បីជួយដល់ក្រសួងសុខាភិបាលនិងកីឡា ទៅកាន់រដ្ឋធានី Yangon របស់ប្រទេសមីយ៉ាន់ម៉ា។ របាយការណ៍នោះបន្ថែមថា អ្នកបើកបរបានឈប់ឡាន ព្រោះគាត់រងរបួស។ ប្រភពមិនបានបញ្ចាក់បន្ថែមពីការវាយប្រហារនោះទេ។
ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលដែលអរិភាពកំពុងតែផ្ទុះឡើងនៅខេត្តរ៉ាក់ឃីន និងរដ្ឋឈិន(Chin) ដែលនៅជាប់គ្នា ហើយទីនោះជាកន្លែងដែលកងទ័ពកំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាមផ្សេងៗ។យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថាយ៉ាងហោចណាស់មានមនុស្សចំនួន ៣២នាក់បានស្លាប់ និងមានមនុស្សច្រើនជាង៧០នាក់បានរងរបួសនៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០









