អាជ្ញាធរសុខាភិបាលបាននិយាយនៅថ្ងៃអង្គារថា ប្រទេសស៊ែប៊ីនឹងបើកដំណើរការសេវាកម្មរថយន្តក្រុង និងផ្លូវដែក និងអនុញ្ញាតឱ្យមានជើងហោះហើរពាណិជ្ជកម្ម ដែលជាផ្នែកមួយនៃការបន្ធូរបន្ថយការរឹតបន្តឹងនៅទូទាំងប្រទេសដោយសារអត្រានៃការឆ្លងមេរោគកូវីដ១៩ថយចុះ។អ្នកជំនាញផ្នែករោគរាតត្បាតលោក Branislav Tiodorovic ប្រាប់អ្នកយកព័ត៌មានថា ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់អ្នកដំណើរដែលផ្អាកនៅខែមីនា នៅពេលដែលប្រទេសស៊ែប៊ីបានណែនាំស្ថានភាពអាសន្ន និងបិទព្រំដែនរបស់ខ្លួននឹងអាចដំណើរការឡើងវិញចាប់ពីថ្ងៃទី១៨ ខែឧសភា។
ការដឹកអ្នកដំណើរតាមបណ្តាទីក្រុងធំ ៗ រួមទាំងរដ្ឋធានីបេឡារុស្សនឹងដំណើរការឡើងវិញនៅពាក់កណ្តាលខែឧសភា រួមជាមួយសេវាកម្មផ្លូវដែក និងឡានក្រុង។ ផ្សារទំនើប ហាងកាហ្វេ និងភោជនីយដ្ឋានក៏នឹងបើកដំណើរការ តែមានលក្ខខណ្ឌដោយពួកគេត្រូវតែរក្សាគម្លាតពីគ្នា។ លោក Tiodorovic បានមានប្រសាសន៍ថា “យើងអាចផ្លាស់ប្តូរវិធីសាស្រ្តប្រសិនបើស្ថានភាពបង្ហាញថាយើងខុស។”ប្រទេសនេះបានដាក់ចេញនូវវិធានការណ៍នៅខែមុនដើម្បីទប់ស្កាត់ការរីករាលដាលនៃ
មេរោគកូវីដ១៩ ដោយរួមមានកម្មវិធីជំនួយចំនួន៥,១ពាន់លានអឺរ៉ូ (៥,៦ ពាន់លានដុល្លារ) សម្រាប់អាជីវកម្មខ្នាតតូច។រដ្ឋាភិបាលបានអនុញ្ញាតិឱ្យអាជីវកម្មខ្នាតតូចបើកដំណើរការឡើងវិញ និងអនុញ្ញាតិឱ្យមានការចេញដើររយៈពេលខ្លីនៅពេលយប់ និងបន្ធូរបន្ថយលើការបិទទ្វាររយៈពេល២៤ម៉ោងដល់ប្រជាជនដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ។
ភ្នាក់ងារព័ត៌មាននិយាយថា មនុស្សប្រហែលចំនួន ៨ ៥០០នាក់នៅក្នុងប្រទេស Balkan ត្រូវបានគេអះអាងថា បានឆ្លងជំងឺកូវីដ១៩ ហើយមនុស្ស១៦៨នាក់បានស្លាប់ដោយសារជំងឺនេះ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០









