ប៉ូលិសចំនួន០៩នាក់មកពីស្រុក Mzairib នៅភាគខាងលិចនៃខេត្ត Daraa ប្រទេសស៊ីរី ត្រូវបានគេធ្វើឃាតនៅព្រឹកថ្ងៃចន្ទ ក្រោយពីមានការវាយប្រហារពីក្រុមភេរវករមួយក្រុមទៅលើអាគារសង្កាត់។
ក្រសួងមហាផ្ទៃនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកចំនួន៩នាក់នៃបុគ្គលិកបញ្ជាការប៉ូលិសខេត្ត Daraa បានស្លាប់ ដោយសារតែក្រុមភេរវករបានធ្វើការវាយប្រហារសម្លាប់ពួកគេ នៅពេលដែលពួកគេកំពុងតតែបំពេញភារកិច្ច។ សាកសពទាំងនោះត្រូវបានដឹកទៅកាន់មន្ទីរពេទ្យជាតិ Daraa។
មេបញ្ជាការកងពលតូចនគរបាលខេត្ត Daraa លោកឧត្តមសេនីយ៍ Dharrar Mejhem al-Dandal បានប្រាប់អ្នកយកព័ត៌មានថា នៅម៉ោងប្រហែល៨ព្រឹក មានក្រុមភេរវករមួយក្រុមដែលមានសមាជិកចំនួនពី៥០ ទៅ ៦០នាក់ប្រដាប់ដោយអាវុធធុនស្រាលបានវាយប្រហារទៅលើអគារសង្កាត់នោះនិងបាញ់ប្រហារសម្លាប់ប៉ូលិសចំនួន៩នាក់។លោកថែមទាំងអះអាងថា នឹងរកជនល្មើសឱ្យឃើញ និងនាំយកមកកាត់ទោស៕
ប្រភពព័ត៌មានសាណា ផ្សាយថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០