ក្មេងប្រុសអាយុ១៧ឆ្នាំនៅរដ្ឋផ្លរីដារងការចោទប្រកាន់ពីបទហេគលើគណនីរបស់តារាល្បីៗនៅលើបណ្តាញសង្គម Twitter ដែលក្នុងនោះរួមមានទាំងបេក្ខជនប្រធានាធិបតីប្រធានាធិបតេយ្យលោក Joe Biden និងនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk។
នៅថ្ងៃអង្គារ ម្សិលមិញនេះ ក្មេងប្រុសនោះបានអះអាងថា លោកមិនមានកំហុសចំពោះដូចការចោទប្រកាន់នោះទេ។
យោងតាមរបាយការណ៍របស់តុលាការ លោក Graham Clark បានប្រាប់ចៅក្រមតុលាការលោក Christopher Nash នៅទីក្រុង Tampa ថា គាត់មិនមានពិរុទ្ធពីបទឧក្រិដ្ឋក្លែងបន្លំចំនួន៣០ដូចដែលព្រះរាជអាជ្ញាចោទប្រកាន់។
លោក Clark នឹងត្រូវបង្ហាញខ្លួននៅតុលាការម្តងទៀតនៅថ្ងៃពុធដើម្បីបើកសវនាការលើសំណើសុំផ្លាស់ប្តូរសំណងទឹកប្រាក់ចំនួន៧៥០,០០០ដុល្លាររបស់គាត់ និងលក្ខខណ្ឌនៃការដោះលែង។ លោក David Weisbrod មេធាវីរបស់លោក Clark ពុំបានធ្វើការឆ្លើយតបភ្លាមៗទេចំពោះការស្នើសុំធ្វើសេចក្តីអត្ថាធិប្បាយ។
ក្រសួងយុត្តិធម៍បាននិយាយថា បុរសជនជាតិអង់គ្លេសអាយុ១៩ឆ្នាំ និងបុរសអាយុ ២២ឆ្នាំនៅទីក្រុង Orlando រដ្ឋផ្លរីដាក៏ត្រូវបានចោទប្រកាន់ក្រោមច្បាប់សហព័ន្ធសហរដ្ឋអាមេរិកពីបទជួយដល់ការវាយប្រហារនេះដែរ។
មន្ត្រីរដ្ឋមានប្រសាសន៍ថា Clark ទទួលបានប្រាក់យ៉ាងហោចណាស់ ១០ម៉ឺនដុល្លារពីគម្រោងបោកដោយប្រើគណនីរបស់តារាល្បីៗ ដើម្បីសុំការវិនិយោគពីអ្នកប្រើបណ្តាញសង្គម Twitter ដែលមិនបានដឹងរឿង។
លោក Mason Sheppard អាយុ ១៩ឆ្នាំមកពីទីក្រុង Bognor Regis ប្រទេសអង់គ្លេសដែលបានប្រើឈ្មោះក្រៅ Chaewon ត្រូវជាប់ចោទពីបទឆបោក និងលាងលុយកខ្វក់ខណៈដែលលោក Nima Fazeli អាយុ ២២ ឆ្នាំដែលមានឈ្មោះហៅក្រៅថា Rolex ត្រូវបានចោទប្រកាន់ពីបទជួយ និងលុបបំបាត់បទឧក្រិដ្ឋ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់នាយកដ្ឋានយុត្តិធម៌។
នៅក្នុងការហេគបន្លំលើបណ្តាញសង្គមធ្វីតដើម្បីស្វែងរកការវិនិយោគរូបិយប័ណ្ណឌីជីថល bitcoin ត្រូវបានបង្ហោះនៅពាក់កណ្តាលខែកក្កដាដោយគណនីធ្វីតទ័រដែលបានផ្ទៀងផ្ទាត់ចំនួន៤៥ រួមទាំងគណនីរបស់អតីតប្រធានាធិបតីបារ៉ាក់អូបាម៉ា និងមហាសេដ្ឋីប៊ីលហ្គេត។ ក្រុមហ៊ុន Twitter បាននិយាយថា ក្រុមហេគឃ័រទំនងជាបានអានសារផ្ទាល់មួយចំនួនរួមទាំងសាររបស់មន្ត្រីជាប់ឆ្នោតប្រទេសហូឡង់ផងដែរ។
របាយការណ៍សាធារណៈរបស់ bitcoin បានបង្ហាញថា ក្រុមហេគឃ័រទទួលបានទឹកប្រាក់ច្រើនជាង ១០ម៉ឺនដុល្លារ។ កន្លងមកក្រុមហ៊ុន Twitter បាននិយាយថា បុគ្គលិករបស់ខ្លួនត្រូវបានគេបញ្ឆោតឱ្យចែករំលែកអត្តសញ្ញាណគណនី។
អាជ្ញាធរបានផ្តល់ព័ត៌មានលម្អិតថ្មីៗនៅថ្ងៃសុក្រនៅក្នុងលិខិតមួយដែលចោទប្រកាន់ថា Clark បានប្រើប្រាស់វិស្វកម្មសង្គមដើម្បីបញ្ចុះបញ្ចូលបុគ្គលិកលើបណ្តាញសង្គម Twitter ដោយកុហកថា គាត់ជាមិត្តរួមការងារនៅក្នុងនាយកដ្ឋានព័ត៌មានវិទ្យាហើយមាននិយោជិកផ្តល់លិខិតបញ្ជាក់ក្នុងការចូលទៅកាន់ សេវាកម្មអតិថិជន ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Reuters ផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០