នៅក្នុងឆ្នាំ 2021 នេះ អាជ្ញាធរសន្តិសុខសុវត្ថិភាពអ៊ីនធឺណិតនៅក្នុងសហរដ្ឋអាមេរិក អូស្រា្តលី និងចក្រភពអង់គ្លេសសង្កេតឃើញនូវការកើនឡើងយ៉ាងខ្លាំងទៅលើការវាយប្រហារមេរោគ ransomware ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ស្ថាប័នជាច្រើននៅជុំវិញពិភពលោក។
ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) ទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធ (CISA) និងទីភ្នាក់ងារសន្តិសុខជាតិ (NSA) បានសង្កេតឃើញឧប្បត្តិហេតុដែលពាក់ព័ន្ធនឹង ransomware ប្រឆាំងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន 14 ក្នុងចំណោម 16 របស់សហរដ្ឋអាមេរិក រួមទាំងមូលដ្ឋានឧស្សាហកម្មការពារជាតិ សេវាសង្គ្រោះបន្ទាន់ អាហារ និងកសិកម្ម គ្រឿងបរិក្ខាររដ្ឋាភិបាល និងវិស័យព័ត៌មានវិទ្យា។ មជ្ឈមណ្ឌលសន្តិសុខតាមអ៊ីនធឺណិតអូស្ត្រាលី (ACSC) បានសង្កេតឃើញការបន្តកំណត់គោលដៅនៃមេរោគ ransomware នៃអង្គភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អូស្ត្រាលី រួមទាំងនៅក្នុងផ្នែកថែទាំសុខភាព និងវេជ្ជសាស្ត្រ សេវាហិរញ្ញវត្ថុ និងទីផ្សារ ការអប់រំ និងស្រាវជ្រាវជាន់ខ្ពស់ និងវិស័យថាមពល។
មជ្ឈមណ្ឌលសន្តិសុខតាមអ៊ីនធឺណិតជាតិរបស់ចក្រភពអង់គ្លេស (NCSC-UK) ទទួលស្គាល់ថា មេរោគ ransomware គឺជាការគំរាមកំហែងសាយប័រធំបំផុតដែលកំពុងតែប្រឈមមុខនៅក្នុងចក្រភពអង់គ្លេស។ ការអប់រំគឺជាវិស័យមួយក្នុងចំណោមវិស័យកំពូលរបស់ចក្រភពអង់គ្លេសដែលជាគោលដៅនៃការវាយប្រហាររបស់ហេគឃ័រជាមួយនឹងមេរោគ ransomware ប៉ុន្តែ NCSC-UK ក៏រកឃើញនូវការវាយប្រហារជាច្រើនទៀតដែលមានគោលដៅទៅលើអាជីវកម្ម អង្គការសប្បុរសធម៌ វិជ្ជាជីវៈច្បាប់ និងសេវាសាធារណៈនៅក្នុងរដ្ឋាភិបាលក្នុងតំបន់ និងវិស័យសុខាភិបាលផងដែរ។ គួរបញ្ជាក់ផងដែរថា យុទ្ធសាស្ត្រ និងបច្ចេកទេសនៃការចែកចាយមេរោគ Ransomware បានបន្តវិវឌ្ឍក្នុងឆ្នាំ 2021 ដែលបង្ហាញពីការគំរាមកំហែងខាងបច្ចេកវិទ្យារបស់ក្រុមហេគឃ័រតាមរយៈមេរោគ ransomware និងការកើនឡើងការគំរាមកំហែង ransomware ដល់អង្គការជាច្រើននៅទូទាំងពិភពលោក៕