ថ្មីៗនេះ វាមានការវាយប្រហារមួយដ៏ធំបំផុតរបស់ក្រុមហេគឃ័រ LockBit ransomware ទៅលើក្រុមហ៊ុនផលិតសម្បកកង់លំដាប់ពិភពលោក Bridgestone Americas ។
ក្រុមហេគឃ័រនេះប្រកាសថា ពួកគេនឹងទម្លាយនូវទិន្នន័យដែលពួកគេលួចបានចេញពីក្រុមហ៊ុននេះ ហើយពួកគេកំណត់នូវម៉ោងថយក្រោយត្រឹមតែ 3 ម៉ោងប៉ុណ្ណោះ។
ក្រុមហ៊ុន Bridgestone មានអង្គភាពផ្នែកផលិតកម្មជាច្រើនកន្លែងនៅជុំវិញពិភពលោក ហើយក្រុមហ៊ុននេះមានបុគ្គលិកជាង 130,000 នាក់។ នៅថ្ងៃទី 27 ខែកុម្ភៈនេះ ក្រុមហ៊ុន Bridgestone ចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅលើឧប្បត្តិហេតុនៃសន្តិសុខទិន្នន័យរបស់ខ្លួន និងរកឃើញនូវការវាយប្រហាររបស់មេរោគ ransomware នៅថ្ងៃដដែលផងដែរ។
វានៅមិនទាន់មានព័ត៌មានលម្អិតនៃឧប្បត្តិហេតុនេះទេរហូតមកទល់ពេលនេះនៅពេលដែលក្រុមហេគឃ័រ LockBit ransomware អះអាងថាក្រុមហ៊ុន Bridgestone Americas ស្ថិតនៅក្នុងបញ្ជីនៃជនរងគ្រោះរបស់ពួកគេផងដែរ។ ក្រុម LockBit គឺជាក្រុមហេគឃ័រមួយដែលសកម្មខ្លាំងបំផុត ហើយក្រុមនេះមានគោលដៅក្នុងការវាយប្រហារទៅលើក្រុមហ៊ុនសហគ្រាសធំៗដើម្បីទាមទារប្រាក់លោះជាច្រើនលានដុល្លារអាមេរិក។ វានៅមិនទាន់ច្បាស់នោះទេថា តើទិន្នន័យអ្វីខ្លះដែលក្រុមហេគឃ័រ LockBit បានលួចពីក្រុមហ៊ុន Bridgestone នោះ៕