រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញនូវសេចក្តីព្រមានជាសាធារណៈអំពីការកើនឡើងនៃការវាយប្រហារជាច្រើនទៅលើឧស្សាហកម្ម blockchain និង crypto ដែលក្រុមហេគឃ័រទាំងនេះគឺមានទំនាក់ទំនងជាមួយនឹងប្រទេសកូរ៉េខាងជើង។ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធ (CISA) និងក្រសួងរតនាគារសហរដ្ឋអាមេរិក (រតនាគារ) បានចេញសេចក្តីថ្លែងការណ៍រួមអំពីយុទ្ធសាស្ត្រដែលប្រើដោយឧក្រិដ្ឋជនតាមអ៊ីនធឺណិតដែលដឹកនាំដោយរដ្ឋនៃប្រទេសកូរ៉េខាងជើង។
សេចក្តីថ្លែងការណ៍បានលើកឡើងពីក្រុម Lazarus របស់កូរ៉េខាងជើងដូចជា APT38, BlueNoroff និង Stardust Chollima ជាការគំរាមកំហែងធំបំផុត។ ចំនួនគោលដៅឧស្សាហកម្ម blockchain និង crypto ដែលស្ថិតនៅក្នុងការវាយប្រហារនេះរួមមានស្ថាប័នអប់រំ ក្រុមហ៊ុនឯកជន និងអ្នកប្រើប្រាស់ cryptocurrency និង NFT ជាដើម។
នៅក្នុងសេចក្តីព្រមាននេះបញ្ជាក់ថា “រដ្ឋាភិបាលសហរដ្ឋអាមេរិករកឃើញនូវក្រុមហេគឃ័ររបស់កូរ៉េខាងជើងជាច្រើនដែលមានគោលដៅវាយប្រហារទៅលើស្ថាប័នជាច្រើននៅក្នុងឧស្សាហកម្ម blockchain និង cryptocurrency ។” រដ្ឋាភិបាលសហរដ្ឋអាមេរិករកឃើញនូវក្រុមហេគឃ័ររបស់កូរ៉េខាងជើងដែលប្រើប្រាស់នូវយុទ្ធសាស្រ្តស្រដៀងគ្នាទៅនឹងក្រុមហេគឃ័រ Lazarus Groupដែលមុននេះវាយប្រហារទៅលើឧស្សាហកម្មជាច្រើននៅក្នុងប្រទេសអ៊ីស្រាអែល និងធនាគារជាច្រើន។ វាក៏មានការចែកចាយនូវសារ spearphishing messages ដែលគេហៅឈ្មោះថា “TraderTraitor” ផងដែរ៕