កាលពីថ្ងៃអង្គារ ទី១១ ខែតុលា ដើមសប្តាហ៍នេះ ក្រុមហ៊ុន Google បាននិយាយថា ខ្លួននឹងពឹងលើក្រុមហ៊ុន ឬ កម្មវិធី Coinbase សម្រាប់ឱ្យអ្នកប្រើប្រាស់ដែលចង់ទិញសេវាកម្ម Google Cloud របស់ខ្លួន ទូទាត់ប្រាក់ដោយប្រើរូបិយប័ណ្ណគ្រីបតូ ឬ រូបិយប័ណ្ណអេឡិចត្រូនិកឱ្យបានត្រឹមដើមឆ្នាំ២០២៣។
ជាមួយនឹងការដាក់បញ្ចូលសេវាកម្ម Coinbase Commerce លោក Amit Zavery ដែលជានាយកប្រតិបត្តិក៏ដូចជាអ្នកគ្រប់គ្រងទូទៅរបស់សេវាកម្ម Google Cloud បានឱ្យដឹងថា សេវាកម្ម Google Cloud នឹងចាប់ផ្តើមទទួលការទូទាត់ជារូបិយប័ណ្ណគ្រីបតូពីសំណាក់អ្នកប្រើប្រាស់នៅក្នុង Web3។
លោក Amit Zavery បានបន្ថែមថា ក្រុមហ៊ុន Google នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្សេងទៀត (ក្រៅពីអ្នកប្រើប្រាស់របស់ Web3) ទូទាត់តាមរូបិយប័ណ្ណគ្រីបតូបានក្នុងពេលឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់បន្ថែមផងដែរថា សេវាកម្ម Coinbase Commerce អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទូទាត់ដោយរូបិយប័ណ្ណគ្រីបតូចំនួន ៥ ប្រភេទបានដែលរួមមាន រូបិយប័ណ្ណ Bitcoin, Bitcoin Cash, Dogecoin, Ethereum និងរូបិយប័ណ្ណ Litecoin៕
ប្រភព៖ CNBC
អត្ថបទ៖ ប៉ោក លក្ខិណា