ការឆបោកតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ឬបទល្មើសបច្ចេកវិទ្យា កំពុងតែពេញនិយមពីសំណាក់ជនខិលខូច រហូតមានច្រើនករណីនាពេលថ្មីៗនេះ។ បើទោះបីជា អ្នកប្រើប្រាស់ភាគច្រើនបានដឹងអំពីព័ត៌មានបទល្មើសបច្ចេកវិទ្យានេះតៗគ្នាតាមបណ្តាញសង្គមយ៉ាងណាក្តី ក៏អ្នកប្រើប្រាស់នៅតែធ្វេសប្រហែស និងងាយនឹងធ្លាក់ចូលទៅក្នុងការលួងលោមពីជនខិលខូច ដោយសារតែជនខិលខូចបានប្រើប្រាស់នូវបច្ចេកទេសលួងលោមដ៏គួរឱ្យជឿជាក់ ឬ Social engineering និងអាចបន្ទន់ចិត្តជនរងគ្រោះបានតាមរយៈការផ្ញើសារអត្ថបទ និងសារសម្លេង ។ល។ ដើម្បីស្នើសុំផ្ទាល់ខ្លួនរបស់អ្នកដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន ជាដើម។
បន្ទាប់ពីទទួលបានព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ជនខិលខូចអាចនឹងហេគចូលគណនីណាមួយរបស់អ្នក ដូចជាគណនីហ្វេសប៊ុករបស់អ្នកជាដើម។ ប្រសិនបើ ជនខិលខូចបានលួចយកគណនីហ្វេសប៊ុករបស់អ្នក រួចបន្លំអត្តសញ្ញាណជាអ្នកដើរខ្ចីលុយពីបងប្អូន និងមិត្តភក្តិអ្នក និងអ្នកដទៃទៀត តើអ្នកគួរ ធ្វើដូចម្តេច?
ចំពោះករណីនេះ ជាករណីបទល្មើសបច្ចេកវិទ្យា ដូច្នេះ ជនរងគ្រោះអាចដាក់ពាក្យបណ្តឹង
ទៅកាន់ “នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា” នៃអគ្គស្នងការដ្ឋាននគរបាលជាតិ របស់ក្រសួងមហាផ្ទៃដែលមាន៖
– ទីតាំងនៅក្នុងក្រសួងមហាផ្ទៃ អគារ L ជាន់ទី១ (https://goo.gl/maps/SqjuBZhFgijPepcNA)
– ឬតាមប្រព័ន្ធអនឡាញ (https://hotline.police.gov.kh/)
- លោកអ្នកអាចស្វែងរកពាក្យបណ្តឹងនៅខាងក្រោមនេះ
– ឬសាកសួរព័ត៌មានបន្ថែម (https://www.facebook.com/anti.cyber.crime.department)
សូមប្រុងប្រយ័ត្ន ចំពោះការសាកសួរព័ត៌មានផ្ទាល់ខ្លួន ឬអត្តសញ្ញាណរបស់អ្នក សូមចងចាំថា អាចជាករណីបទល្មើសបច្ចេកវិទ្យា៕