អ្នកលេងយ៉ូធូប ឈ្មោះ Bobby Kataria ពាក់ព័ន្ធនឹងនៅក្នុងទំនាក់ទំនងនៃការជួញដូរមនុស្ស តាំងពីឆ្នាំមុន និងទាក់ទងជាមួយក្រុមឧក្រិដ្ឋកម្មអន្តរជាតិថែមទៀត បើយោងតាមសំដីរបស់ប៉ូលីស។និយាយរួមទៅជនល្មើស Bobby Kataria មានការទាក់ទងក្នុងបទល្មើសជួញដូរមនុស្សដ៏ធំ និងត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ត្រូវបានបញ្ជូនទៅឃុំខ្លួនរយៈពេល ៣ថ្ងៃ ថែមទាំងបានឆបោកយុវជនជាច្រើននាក់ទាក់ទងនឹងការឆបោកថានឹងផ្តល់ការងារនៅក្រៅប្រទេស។
អ្នកបង្កើតមាតិកាល្បីនៅលើបណ្តាញសង្គមឈ្មោះពិត Balwant Kataria បន្លំជាឈ្មោះក្លែងក្លាយ Bobby Kataria ត្រូវបានចាប់ខ្លួនពីបទជួញដូរមនុស្ស និងឆបោកកាលពីថ្ងៃចន្ទ រួចបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសតាមសំណើតុលាការក្រុង បើយោងតាមសំដីរបស់ប៉ូលីសកាលពីថ្ងៃអង្គារ ពួកគេបានថ្លែងថា ប្រាក់ចំនួន ២០លានរ៉ូពី (Rupee) ឯកសារមួយចំនួន និងទូរស័ព្ទដៃចំនួន ៤គ្រឿងក៏ត្រូវបានដកហូតពីជនល្មើសផងដែរ។ លោក Varun Dahiya ជំនួយការស្នងការនគរបាល (ACP) ឧក្រិដ្ឋកម្មបានថ្លែងថា ជនល្មើស Bobby Kataria ត្រូវបានបញ្ជូនខ្លួនទៅប៉ុស្តិ៍ប៉ូលីសអស់រយៈពេល ៣ថ្ងៃ។ ភស្តុតាងទាំងអស់កំពុងតែត្រូវបានប៉ូលីសធ្វើការស្រាវជ្រាវស៊ើបអង្កេត។
ប៉ូលីសបានបន្ថែមថា ការស៊ើបអង្កេតបឋមបានបង្ហាញថា យុវជនអត់ការងារជាច្រើននាក់ត្រូវបានឆបោកដោយជនល្មើសរូបនេះ ដែលកំពុងតែដំណើរការអាជីវកម្មខុសច្បាប់ជាមួយមិត្តស្រីម្នាក់ទៀត។ មានបុរសពីរនាក់បានមកប្តឹងប៉ូលីសស្រុក Gurugram និងរៀបរាប់ថា ជនល្មើស Kataria បានបោកប្រាក់ពួកគេអស់ជាង ៤លានរ៉ូពី (Rupee) ដោយបានសន្យាថានឹងផ្តល់ការងារនៅក្រៅប្រទេសដល់ពួកគេ។ យោងតាមពាក្យបណ្តឹងរបស់ Arun Kumar មានដើមកំណើតនៅស្រុក Fatehpur និង Manish Tomar អ្នកស្រុក Dholana នៃរដ្ឋ Uttar Pradesh ពួកគេបានឃើញការផ្សាយនៅលើ Instagram ស្តីពីការផ្តល់ឱកាសការងារក្រៅប្រទេស។ ការផ្សាយបានបង្ហោះពី Instagram ID ផ្លូវការ និង YouTube Channel របស់ជនល្មើស Kataria។ នៅពេលទាក់ទងទៅជនល្មើស Bobby Kataria ពួកគេត្រូវបានស្នើសុំឱ្យជួបគាត់នៅការិយាល័យគាត់ក្នុងផ្សារទំនើបស្រុក Gurugram។ ជនរងគ្រោះ Kumar បានប្រាប់ប៉ូលីសថា កាលពីថ្ងៃទី១ ខែកុម្ភៈ គាត់បានជួបជនល្មើស Bobby Kataria នៅការិយាល័យរបស់គាត់ ហើយជនល្មើសបានធានាជនរងគ្រោះថានឹងផ្តល់ការងារនៅក្រៅប្រទេស (UAE) បន្ទាប់ពីទទួលប្រាក់ ២ពាន់រ៉ូពី (Rupee) ជាថ្លៃចុះឈ្មោះ។ បន្ទាប់មក ជនរងគ្រោះបានផ្ទេរប្រាក់ ១,៥លានរ៉ូពី (Rupee) ទៅគណនីរបស់ជនល្មើស និងទទួលបានសំបុត្រពីទីក្រុងវៀងចន្ទ (ទីក្រុងនៃប្រទេសឡាវ) បើយោងតាមសំដីជនរងគ្រោះ។ ស្រដៀងគ្នានេះដែរ មិត្តភក្តិជនរងគ្រោះឈ្មោះ Manish Tomar ក៏ត្រូវបានធានាថានឹងផ្តល់ការងារនៅប្រទេសសិង្ហបូរី។ ជនល្មើស Kataria ជាប់ចោទពីបទបោកប្រាក់ចំនួន ២,៥៩លានរ៉ូពី (Rupee) ពីជនរងគ្រោះ Tomar រីឯជនរងគ្រោះបានទទួលសំបុត្រទៅទីក្រុងវៀងចន្ទ និងចេញដំណើរនៅថ្ងៃទី២៨ ខែមីនា។ នៅពេលជនរងគ្រោះទាំងពីរនាក់បានចុះចតនៅព្រលានយន្តហោះវៀងចន្ទ ពួកគេបានជួបមនុស្សម្នាក់ឈ្មោះ Abhi បានណែនាំខ្លួនថាជាមិត្តភក្តិរបស់ជនល្មើស Kataria។ ក្រោយមក បុរសជនជាតិប៉ាគីស្ថានបាននាំពួកគេទៅកាន់សណ្ឋាគារមួយ។ នៅថ្ងៃបន្ទាប់ ពួកគេបាននាំទៅកាន់ក្រុមហ៊ុនចិន ដែលជាកន្លែងដែលពួកគេត្រូវបានវាយដំធ្វើបាប និងយកលិខិតឆ្លងដែនរបស់ពួកគេទុក។ ពួកគេត្រូវបានបង្ខំឱ្យប្រព្រឹត្តបទល្មើសឆបោកតាមអ៊ីនធឺណិត (Cyber Fraud) ដែលមានគោលដៅលើប្រជាជនអាមេរិក។ ជនរងគ្រោះទាំងអស់ ១៥០នាក់ ហើយក៏មានស្រីជាច្រើននាក់ផងដែរ ដែលត្រូវបាននាំទៅកាន់ទីនោះតាមរយៈការជួញដូរមនុស្ស និងត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ នៅថ្ងៃទី៣ ពួកគេបានរៀបចំផែនការរត់ និងទៅជួបស្ថានទូតឥណ្ឌា។ បន្ទាប់ពីត្រលប់មកប្រទេសឥណ្ឌាវិញ ពួកគេបានស្នើឱ្យជនល្មើស Kataria សងប្រាក់វិញ ប៉ុន្តែជនល្មើសមិនព្រម។
តាមពាក្យបណ្តឹង FIR ត្រូវបានចុះបញ្ជីប្រឆាំងនឹងជនល្មើស Kataria និងបក្សពួកនៅក្រោមច្បាប់មាត្រា ៣២៣ (បង្ករបួស) មាត្រា ៣៤២ (បង្ខាំងមនុស្សដោយខុសច្បាប់) មាត្រា ៥០៦ (ការបំភិតបំភ័យឧក្រិដ្ឋកម្ម) មាត្រា ៣៦៤ (ការចាប់ពង្រត់) មាត្រា ៤២០ (ការឆបោក) មាត្រា ៣៧០ (ធ្វើជាទាសករ) មាត្រា ១២០-B (សមគំនិតប្រព្រឹត្តឧក្រិដ្ឋកម្ម) នៃក្របព្រហ្មទណ្ឌឥណ្ឌា និងផ្នែកទី 10/24 នៃច្បាប់អន្តោប្រវេសន៍។ ជនល្មើសត្រូវបានចាប់ខ្លួននៅការិយាល័យរបស់ជនល្មើស ដែលមានទីតាំងនៅផ្សារទំនើប Conscient-One, Sector 109។ ខណៈពេលនេះ ទីភ្នាក់ងារស៊ើបអង្កេតជាតិ (NIA) កាលពីថ្ងៃចន្ទបានដាក់ចេញនូវការស្រាវជ្រាវនៅទីតាំងចម្រុះនៅទូទាំងរដ្ឋ /UTs ចំនួន៦ ដើម្បីធ្វើប្រតិបត្តិការជាមួយនឹងប៉ូលីសតំបន់នៅក្នុងករណីនៃការជួញដូរមនុស្ស ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសាយប័រ ដែលឈានដល់ការចាប់ខ្លួនមនុស្សចំនួន ៥នាក់។ ជនសង្ស័យទាំងនោះរួមមាន Manish Hingu នៅស្រុក Vadodara, Pahlad Singh នៅស្រុក Gopalganj, Nabialam Rai នៅស្រុក South-west Delhi, Sartaj Singh នៅស្រុក Chandigarh ខណៈពេលនៅលើព័ត៌មានពី NIA ប៉ូលីសស្រុក Gurugram បានរៀបរាប់ថាបានចាប់ខ្លួនជនល្មើស Kataria៕
ប្រភពព័ត៌មាន៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤