បច្ចុប្បន្ន រដ្ឋបាលលោក Biden បានប្រកាសហាមឃាត់មិនឱ្យប្រើកម្មវិធីកម្ចាត់មេរោគ Kaspersky និងបានជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់ក្រុមហ៊ុន និងអ្នកប្រើនៅប្រទេសអាមេរិក ដោយកំណត់ពេលឱ្យត្រឹមចុងខែកញ្ញា ឆ្នាំ២០២៤ ដើម្បីស្វែងរកកម្មវិធីសុវត្ថិភាពផ្សេងមកជំនួស។
ព័ត៌មានប្រកាសចេញពីទីភ្នាក់ងារ US BIS បានឱ្យដឹងថា ថ្ងៃនេះការិយាល័យឧស្សាហកម្ម និងសន្តិសុខរបស់នាយកដ្ឋានពាណិជ្ជកម្ម (BIS) បានប្រកាសការហាមប្រាមចុងក្រោយចំពោះ Kaspersky Lab ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អាមេរិកផលិតកម្មវិធីកម្ចាត់មេរោគដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី និងក្រុមហ៊ុនសន្តិសុខសាយប័រ តាំងពីការផ្តល់កម្មវិធីកម្ចាត់មេរោគដោយផ្ទាល់ ឬប្រយោលក្តី និងផលិតផល ឬសេវាកម្មសន្តិសុខតាមអ៊ីនធឺណិតនៅអាមេរិក ឬប្រជាជនអាមេរិក។ ការហាមឃាត់ក៏ត្រូវបានដាក់ចេញចំពោះក្រុមហ៊ុន Kaspersky Lab សាខារបស់ក្រុមហ៊ុន ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនមេក្តី (ទាំងអស់របស់ Kaspersky Lab និយាយរួមក្រុមហ៊ុន Kaspersky)។
ការហាមឃាត់នេះមិនត្រឹមតែពាក់ព័ន្ធនឹងការលក់ផលិតផលរបស់ Kaspersky ប៉ុន្តែថែមទាំងហាមឃាត់ក្រុមហ៊ុនមិនឱ្យបញ្ជូនកម្មវិធីកម្ចាត់មេរោគ និងធ្វើបច្ចុប្បន្នសុវត្ថិភាពដល់អតិថិជនថែមទៀត ដែលបណ្តាលឱ្យអ្នកប្រើប្រាស់ត្រូវស្វែងរកកម្មវិធីជំនួសថ្មីត្រឹមចុងខែកញ្ញានេះ។ រដ្ឋបាលលោក Biden-Harris បានប្តេជ្ញាអនុវត្តវិធីសាស្រ្តរដ្ឋាភិបាលទាំងមូលដើម្បីការពារសុវត្ថិភាពជាតិ បើយោងតាមរដ្ឋលេខាធិការពាណិជ្ជកម្មលោក Gina Raimondo។ ប្រទេសរុស្ស៊ីបានបង្ហាញម្តងហើយម្តងទៀតថា ពួកគេមានសមត្ថភាព និងមានបំណងកេងចំណេញលើក្រុមហ៊ុនរុស្ស៊ីដូចជា Kaspersky Lab ដើម្បីប្រមូលព័ត៌មានសម្ងាត់អាមេរិក និងចាប់ពីពេលនេះអាមេរិកនឹងបន្តប្រើឧបករណ៍របស់ខ្លួនដើម្បីការពារសន្តិសុខជាតិ និងប្រជាជនអាមេរិក។ ខណៈពេលដែលក្រុមហ៊ុន Kaspersky បានបដិសេធថាមិនបានទាក់ទងជាមួយរដ្ឋាភិបាលរុស្ស៊ីនោះ រដ្ឋាភិបាលអាមេរិកមានអារម្មណ៍ថាដោយសារតែសមត្ថភាព និងលទ្ធភាពសាយប័ររបស់រដ្ឋាភិបាលរុស្ស៊ីបានជះឥទ្ធិពលដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន Kaspersky ដែលគ្មានវិធីសាស្រ្តកាត់បន្ថយបញ្ហាក្រៅពីការហាមឃាត់ទាំងស្រុងចំពោះការប្រើប្រាស់សេវារបស់ក្រុមហ៊ុននៅក្នុងប្រទេសអាមេរិកនោះទេ។
ការព្រួយបារម្ភកើតឡើងមកពី ការទិញយកឧបករណ៍សុវត្ថិភាព និងការកេងចំណេញរបស់ Kaspersky ទាក់ទងនឹងក្រុម Equation ដែលត្រូវបានជឿជាក់ថាជាផ្នែកមួយនៃប្រតិបត្តិការអ៊ីនធឺណិតរបស់ NSA។ នៅពេលដែល ក្រុមហ៊ុន Kaspersky បានថ្លែងថា កម្មវិធីកម្ចាត់មេរោគរបស់ពួកគេបានមកពី NSA Files ដោយស្វ័យប្រវត្តិ បន្ទាប់ការរកឃើញឯកសារមេរោគ។ ជាទូទៅ អ្នកលក់កម្មវិធីកម្ចាត់មេរោគបង្ហោះឯកសារដែលត្រូវបានសង្ស័យថាជាមេរោគទៅកាន់ម៉ាស៊ីនមេរបស់ពួកគេសម្រាប់ការវិភាគបន្ថែម។
ទោះជាយ៉ាងណា រដ្ឋាភិបាលអាមេរិកជឿជាក់ថាទីភ្នាក់ងារ FSB រុស្ស៊ី ឬអ្នកនៅក្នុងក្រុមហ៊ុន Kaspersky បានប្រើកម្មវិធីកម្ចាត់មេរោគ Kaspersky ជាឧបករណ៍ស្រាវជ្រាវអន្តរកម្មសម្រាប់ស្គេនកុំព្យូទ័រទូទាំងពិភពលោកចំពោះឯកសារដែលពួកគេចាប់អារម្មណ៍។ តាំងពីពេលនោះមក រដ្ឋាភិបាលអាមេរិកបានហាមឃាត់មិនឱ្យប្រើផលិតផល Kaspersky នៅក្នុងទីភ្នាក់ងារសហព័ន្ធ ហើយការប្រកាសនៅថ្ងៃនេះ គឺហាមឃាត់ទូទាំងប្រទេស។ ជាផ្នែកមួយនៃការប្រកាស BIS បានបង្កើតទំព័រមួយដែលបង្ហាញពីអ្វីដែលត្រូវហាមឃាត់សម្រាប់សាជីវកម្ម និងអ្នកប្រើប្រាស់។ ចាប់ពីពាក់កណ្តាលអាធ្រាត្រថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន Kaspersky ត្រូវបានហាមឃាត់មិនឱ្យចុះកិច្ចព្រមព្រាងថ្មីជាមួយអាជីវកម្មអាមេរិកទៀតទេ។ រួមទាំងកម្មវិធី និងផលិតផលផងដែរ។ នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ Kaspersky ឬភ្នាក់ងារណាមួយរបស់ក្រុមហ៊ុនត្រូវបានហាមឃាត់មិនឱ្យចែកចាយកម្មវិធី និងបច្ចុប្បន្នភាពលើកម្មវិធីកម្ចាត់មេរោគទៅកាន់អតិថិជន រួមទាំងប្រតិបត្តិការណិតវើកសុវត្ថិភាព (KSN) Kaspersky ក្តី នៅក្នុងប្រទេសអាមេរិក ឬប្រព័ន្ធរបស់ប្រជាជនអាមេរិកទៀតឡើយ។ Kaspersky Security Network គឺជាផ្លេតហ្វមនៃការគំរាមកំហែងមានមូលដ្ឋានលើក្លោដរបស់ក្រុមហ៊ុន បានចាប់យកគម្រូឯកសារថ្មី និងបង្ហោះពីឧបករណ៍ដែលដំណើរការកម្មវិធីរបស់វា។
រដ្ឋាភិបាលថ្លែងថា ពួកគេនឹងមិនប្រឆាំងចំពោះប្រជាជនអាមេរិកដែលបន្តប្រើកម្មវិធី Kaspersky បន្ទាប់ពីដល់ការកំណត់នៃការបញ្ឈប់នោះទេ ប៉ុន្តែវាជាគ្រោះថ្នាក់ផ្ទាល់ខ្លួន។ បន្ថែមពីលើបំរាម BIS បានបន្ថែមអង្គភាព៣ ដែលពាក់ព័ន្ធនឹង Kaspersky រួមមាន AO Kaspersky Lab, OOO Kaspersky Group (រុស្ស៊ី) និង Kaspersky Labs Limited (ចក្រភពអង់គ្លេស) ទៅក្នុងបញ្ជីអង្គភាពត្រូវបានចោទប្រកាន់ថាមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលរុស្ស៊ី៕
ប្រភពព័ត៌មាន៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤