ទិន្នន័យប្រហែលជា 614 gigabytes របស់គម្រោងកងនាវាចររបស់សហរដ្ឋអាមេរិកត្រូវគេរាយការណ៍ថាត្រូវគេលួចចេញពីអ្នកម៉ៅការម្នាក់ដែលរក្សាទុកទិន្នន័យនេះដែលរួមមាននូវគម្រោងប្រព័ន្ធម៉ីស៊ីល supersonic missile របស់មន្ទីរបញ្ចកោណ Pentagon ផងដែរ។ ការបែកធ្លាយនេះអាចធ្វើឱ្យខូចខាតយ៉ាងខ្លាំងទៅលើទិន្នន័យនៃការគ្រប់គ្រងដែនទឹករបស់កងយោធានៃសហរដ្ឋអាមេរិកនៅក្បែរតំបន់ដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង South China Sea នៅកើតឡើងយ៉ាងហោចណាស់ពីរដងគឺនៅក្នុងខែមករា និងខែកុម្ភៈឆ្នាំនេះនេះបើតាមការបញ្ជាក់របស់មន្ត្រីសហរដ្ឋរដ្ឋអាមេរិកម្នាក់ប្រាប់ទៅកាន់សារព័ត៌មាន The Washington Post ។
ទិន្នន័យនេះត្រូវរំលោភបំពានដែលមន្ត្រីជាច្រើនជឿជាក់ថានេះគឺជាក្រុមហេគឃ័ររបស់ចិនដែលស្ថិតនៅក្នុងក្រុមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដែលចង់បានគម្រោង Sea Dragon project ដែលប្រើប្រាស់ជាមួយនឹងប្រព័ន្ធគ្រប់គ្រងអាវុធ និងប្រព័ន្ធកងនាវាចរនោះ។ ក្រុមហេគឃ័រប្រមូលនូវ Signals និងទិន្នន័យ Sensor Data រួមទាំងទិន្នន័យព័ត៌មាននៃនាវាមុជទឹកផងដែរ។ ទិន្នន័យនេះពិតជាមានតម្លៃណាស់សម្រាប់កងនាវាចររបស់សហរដ្ឋអាមេរិកនោះ។ តាមការស្រាវជ្រាវ ក្រុមការងារនៃស្ថាប័នសន្តិសុខរបស់ចិនធ្វើការប្រមូលនូវទិន្នន័យរបស់កងនាវាចររបស់សហរដ្ឋអាមេរិកដែលបង្ហាញអំពីប្រព័ន្ធមេកានិច និងកម្មវិធី Software ជាច្រើនទៀតរបស់កងនាវានេះ។
នៅក្នុងទិន្នន័យដែលប្រមូលបាននៅលើគម្រោងជាច្រើនរបស់ផែនការកងទ័ពជើងទឹកនេះក៏មានគម្រោង supersonic anti-ship ផងដែរ។ នៅក្នុងការស៊ើបអង្កេតរួមគ្នារវាងកងទ័ពជើងទឹក និងប៉ូលិស FBI បញ្ជាក់ថា ហេតុការណ៍នេះត្រូវរកឃើញដោយលោក Jim Mattis រដ្ឋមន្រ្តីការពារជាតិរបស់សហរដ្ឋអាមេរិក ហើយគាត់ក៏ធ្វើការស៊ើបអង្កេតទៅលើការិយាល័យស៊ើបអង្កេតទូទៅរបស់មន្ទីរបញ្ចកោណដើម្បីពិនិត្យមើលទៅលើបញ្ហានេះផងដែរ។
អ្នកម៉ៅការដែលទទួលរងនូវការវាយប្រហារនេះនៅមិនទាន់បានកំណត់អត្តសញ្ញាណនៅក្នុងការរាយការណ៍នេះនោះទេ ប៉ុន្តែវាមានការទម្លាយថា ការងារនេះគឺស្ថិតនៅក្នុងមន្ទីរស្រាវជ្រាវ Naval Undersea Warfare Center របស់កងនាវាជើងទឹកដែលធ្វើការស្រាវជ្រាវ អភិវឌ្ឍ ការតេស្ត និងការវាយតម្លៃទៅលើនាវាមុជទឹករួមទាំងប្រព័ន្ធការពារ ការវាយលុក និងសង្គ្រាមនៅក្រោមទឹកផងដែរ។
នៅក្នុងការប៉ះពាល់ទៅលើការហេគទៅលើសមត្ថភាពនៃកងនាវាចររបស់សហរដ្ឋអាមេរិកត្រូវបានវាយតម្លៃដោយការិយាល័យគ្រប់គ្រងនៃការវាយតម្លៃខូចខាតរបស់មន្ទីរបញ្ចកោណ(Pentagon’s Damage Assessment Management Office) ក៏បដិសេធទៅលើរឿងនេះផងដែរ។ នៅក្នុងប៉ុន្មានខែនេះ វាក៏មានភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងផងដែរ។
នៅចុងខែឧសភានេះ នាវាពិឃាតរបស់សហរដ្ឋអាមេរិក USS Higgins និង USS Antietam ដឹកនាំដោយ Ticonderoga-class ចូលមកនៅក្នុងចម្ងាយ 12 ម៉ាយ៍ពីកោះ Paracel Islands ដែលប្រទេសចិន និងប្រទេសវៀតណាមទាមទារផងដែរ។ ក្រសួងការពារជាតិរបស់ចិនថ្កោលទោសទៅលើការមកដល់នៃនាវាពិឃាតរបស់សហរដ្ឋអាមេរិកនេះផងដែរព្រោះនេះគឺជាការបង្កហេតុដែលរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ខ្លួន។
ទីក្រុងប៉េកាំងក៏កំពុងបង្កើតនូវប្រព័ន្ធសិប្បនិម្មិត artificial structures និងការពង្រាយហេដ្ឋារចនាសម្ព័ន្ធយោធា (military infrastructure) នៅលើកោះ Paracels រួមទាំងកោះ Spratly Islands ដែលរួមមានប្រព័ន្ធប្រឆាំងយន្តហោះ(anti-aircraft) និងប្រព័ន្ធប្រឆាំងម៉ីស៊ីល (anti-missile systems)។ ខណៈដែលមានភាពតានតឹងទៅលើសមុទ្រចិនខាងត្បូង(South China Sea) ដែលសម្បូរទៅដោយធនធានជាកម្មវត្ថុនៃការទាមទារទឹកដីពីប្រទេសជាច្រើនដូចជាប្រទេសវៀតណាម ប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសព្រុយណេ និងប្រទេសសិង្ហបុរី៕
ប្រភព៖
https://www.rt.com/news/429213-china-stole-us-navy-sensetive-data/