គណបក្សសំខាន់ពីររបស់សភាអូស្ត្រាលី នៅថ្ងៃអង្គារនេះបានយល់ព្រមព្រៀងគ្នាថា នឹងបោះឆ្នោតលើសេចក្តីព្រាងច្បាប់ ស្តីពី សន្តិសុខតាមអ៊ីនធ័រនែត។ គណបក្សចម្រុះដែលដឹកនាំរដ្ឋាភិបាលអូស្រ្តាលី បានលើកឡើងពីតម្រូវការចាំបាច់ នៃច្បាប់ សម្រាប់ប្រយុទ្ធប្រឆាំង អំពើភេរវកម្ម ហើយនិងការរំលោភផ្លូវភេទទៅលើកុមារ ប៉ុន្តែ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា ហ្គូហ្គល ហ្វេសប៊ុក កំពុងព្រួយបារម្ភពីការធ្លាក់ចុះខ្សោយនៃប្រព័ន្ធការពារសន្តិសុខ និងការរំលោភជីវិតឯកជនរបស់អ្នកប្រើប្រាស់អ៊ីនធ័រនែត។
សេចក្តីព្រាងច្បាប់ ដែលគណបក្សប្រឆាំង និងគណបក្សកាន់អំណាចបានព្រមព្រៀងគ្នា ថា នឹងបោះឆ្នោត អនុម័តនៅសប្តាហ៍នេះ បានចែង ឲ្យក្រុមហ៊ុនបច្ចេកវិទ្យា មិនថា ក្នុងស្រុក ឬក្រុមហ៊ុនអន្តរជាតិ ដែលមានវត្តមាននៅអូស្រ្តាលី ត្រូវចូលរួមសហការជាមួយ ភ្នាក់ងារស៊ើបការណ៍សម្ងាត់អូស្ត្រាលី។ ទៅតាមសេចក្តីព្រាងច្បាប់ថ្មី ក្រុមហ៊ុនបច្ចេកវិទ្យា ត្រូវជួយប៉ូលិសអូស្ត្រាលី ឲ្យអាចចូលទៅមើលអាន សារឆ្លើយឆ្លង របស់ឧក្រិដ្ឋជន ឬក្រុមភេរវជនដែលគេសង្ស័យ ប៉ុនប៉ងធ្វើភេរវកម្មនៅក្នុងទឹកដី អូស្ត្រាលី។ ជារួម ក្រុមហ៊ុនអ៊ីនធ័រនែត ឬក្រុមហ៊ុនបណ្តាញសង្គម ត្រូវផ្អាកព្យួរ ប្រព័ន្ធការពារអេឡិចត្រូនិករបស់ខ្លួន ជួយបិទបាំងបេសកកម្មរបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់រដ្ឋាភិបាល ហើយនិងជួយឲ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់អាចចូលទៅប្រើ គ្រប់គ្រងបណ្តាញអ៊ីនធ័រនែតរបស់ខ្លួន។
ទៅតាមសេចក្តីព្រាងច្បាប់ ក្រុមហ៊ុនអ៊ីនធ័រនែត ក្រុមហ៊ុនបច្ចេកវិទ្យាត្រូវប្រឈមនឹងការបង់ប្រាក់ពិន័យ រាប់លានដុល្លារ បើសិនមិនព្រមសហការជាមួយភ្នាក់ងារស៊ើបការណ៍អូស្ត្រាលី។ ប៉ុន្តែ យ៉ាងណាក៏ដោយ ក្រុមហ៊ុនអ៊ីនធ័រនែតនៅតែអាចប្រឆាំង នៅក្នុងបណ្តឹងតវ៉ា របស់ខ្លួនតាមផ្លូវតុលាការ។
សម្រាប់រដ្ឋាភិបាលអភិរក្សនិយមអូស្ត្រាលី ច្បាប់ថ្មីស្តី ពីសន្តិសុខតាមអ៊ីនធ័រនែត ជាតម្រូវការដ៏ចាំបាច់ ដើម្បីស៊ើបអង្កេតទៅលើបទឧក្រិដ្ឋធ្ងន់ធ្ងរ ដូចជា ភេរវកម្ម ឬការរំលោភផ្លូវភេទលើកុមារ។ ច្បាប់ថ្មីជាវិធានការបន្ទាន់ សម្រាប់ទប់ស្កាត់ សកម្មភាពភេរវនិយម ជាពិសេស នៅក្នុងអំឡុងបុណ្យចុងឆ្នាំនេះ។ ទាំងគណបក្សប្រឆាំង ហើយនិងគណបក្សកាន់អំណាចបានយល់ស្របគ្នា ឲ្យមានច្បាប់ថ្មី នេះ នៅក្រោយករណីចាប់ខ្លួនជនសង្ស័យធ្វើភេរវកម្ម កាលពីពេល ថ្មីៗនេះ បង្ហាញថា ឧក្រិដ្ឋជនបានរៀបចំគម្រោងធ្វើភេរវកម្ម តាមរយៈ កម្មវិធីសរសេរសារឆ្លើយឆ្លង តាមបណ្តាញសង្គម។
នៅថ្ងៃអង្គារ ក្រុមការពារសិទ្ធិមនុស្ស បានលើកឡើងពីការរំលោភសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់អ៊ីនធ័រនែត។ ចំណែក ក្រុមហ៊ុនGigital Industry Group Inc ដែលតំណាងឲ្យក្រុមអ៊ីនធ័រនែតធំៗ ដូចជា ហ្គូហ្គល ហ្វេសប៊ុក ទ្វីតធ័រ អាម៉ាហ្សូនជាដើម ធ្លាប់បានសរសេរសំបុត្រ ទៅរដ្ឋាភិបាលដើម្បីបញ្ជាក់ពីកង្វល់របស់ពួកគេ ដែលថា សេចក្តីព្រាងច្បាប់នឹងធ្វើប្រព័ន្ធការពារអេឡិចត្រូនិករបស់ក្រុមហ៊ុនចុះខ្សោយ និងដែលជាឱកាស បើកដៃ ឲ្យក្រុមចោរអ៊ីនធ័រនែតអាចឆ្លៀត ចូលទៅលួចទិន្និន័យរបស់អ្នកប្រើប្រាស់៕