នៅព្រឹកថ្ងៃអាទិត្យ ទី៣០ធ្នូ ពលរដ្ឋបង់ក្លាដែស ត្រូវអញ្ជើញទៅបោះឆ្នោតជាតិ។ ថ្ងៃសៅរ៍ មួយថ្ងៃមុនពេលបោះឆ្នោតចូលមកដល់ រដ្ឋអំណាចបង់ដែស ប្រកាសពង្រាយកងទ័ព និងមន្ត្រីនគរបាល ប្រមាណ៦សែននាក់ ដើម្បីឲ្យរក្សាការពារសន្តិសុខ នៅការិយាល័យបោះឆ្នោត ចំនួន៤ម៉ឺនកន្លែង។ អាជ្ញាធរថែមទាំងបិទប្រព័ន្ធអ៊ីនធ័រនែតមួយរយៈ ដើម្បីកុំឲ្យមានការផ្សាយពាក្យចចាមអារាមជុំវិញការបោះឆ្នោត។ ក៏ប៉ុន្តែ អ្នកសង្កេតការណ៍ មើលឃើញថា បក្សកាន់អំណាចបង់ក្លាដែស កំពុងតែបិទខ្ទប់សំឡេងប្រឆាំងមិនឲ្យងើបមុខរួច។
សមត្ថកិច្ចបង់ក្លាដែស យកចិត្តទុកដាក់ជាទីបំផុត ខាងបិទខ្ទប់ការផ្សព្វផ្សាយតាមបណ្តាញសង្គម។ តាំងតែពីថ្ងៃព្រហស្បតិ៍ទី២៧ធ្នូមកម្ល៉េះ ដែលបណ្តាញអ៊ីនធ័រនែតតាមទូរសព្ទដៃ ត្រូវរអាក់រអួល ឬដើរយឺតយកតែមែនទែន។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ ប្រាប់កាសែតបារាំងថា បណ្តាញអ៊ីនធ័រនែតតាមទូរសព្ទដៃ ត្រូវបន្ថយល្បឿននិងធ្វើឲ្យខ្សោយ ហើយនឹងត្រូវបិទខ្ទប់តែម្តង។ រដ្ឋាភិបាលស្នើសុំឲ្យបិទរយៈពេល៣៣ម៉ោង ដើម្បីរឹតបណ្តឹងសណ្តាប់ធ្នាប់ ជៀសវាង ខ្លាចក្រែងមានការចែកចាយព័ត៌មានមិនពិត ឬពាក្យចចាមអារាមជុំវិញដំណើរការបោះឆ្នោត និងលទ្ធផលឆ្នោត។ ប្រព័ន្ធអ៊ីនធ័រនែតតាមទូរសព្ទនឹងត្រូវបើកឲ្យប្រើស្រួលបួលឡើងវិញ នៅថ្ងៃចន្ទទី៣១ធ្នូ នៅពេលដែលដំណើរការបោះឆ្នោតបានចប់រួចរាល់។
នៅបង់ក្លាដែស មានពលរដ្ឋប្រមាណ១៦៥លាន។ ក្នុងចំណោមពលរដ្ឋទាំងនោះ មានជាង៩១លាននាក់ ដែលប្រើប្រាស់អ៊ីនធ័រនែត ហើយ៨៦លាននាក់ដែលប្រើអ៊ីនធ័រនែតតាមទូរសព្ទដៃ។
ក្រៅពីបិទខ្ទប់ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋាភិបាលបង់ក្លាដែស ក៏បានចាប់សកម្មជននយោបាយដែលអ្នកគាំទ្របក្សប្រឆាំងញាត់ពន្ធនាគារផងដែរ។ អ្នកស្រី Khaleda Zia ដែលជាអ្នកនយោបាយប្រឆាំងដ៏លេចធ្លោ ត្រូវជាប់ឃុំពីបទពុករលួយ ហើយសកម្មជនគាំទ្របក្សប្រឆាំង ចំនួន១ម៉ឺន៤ពាន់នាក់ ត្រូវចាប់ឃុំខ្លួន រាប់ចាប់តែពីថ្ងៃទី៨វិច្ឆិកា ខែមុននេះមក។ គួរជ្រាបថា ការប៉ះទង្គិចហិង្សាក្នុងពេលយុទ្ធនាការបោះឆ្នោត ជាងមួយខែមកនេះ គឺ ធ្វើឲ្យមនុស្ស១៣នាក់ បាត់បង់ជីវិត។
បើតាមការខ្ទង់មតិចុងក្រោយ លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina អាចនឹងត្រូវឈ្នះឆ្នោត កាន់អំណាចមួយអាណត្តិទៀត គឺជាគម្រប់អាណត្តិទី៤។ អ្នកវិភាគនយោបាយ បានលើកឡើងថា នាយករដ្ឋមន្ត្រីបង់ក្លាដែសបច្ចុប្បន្ន ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបានអំណាច ហើយនិងហ៊ានធ្វើគ្រប់មធ្យោបាយដើម្បីរក្សាអំណាច៕