នៅថ្ងៃទី៤មករា នៅប្រទេសអាល្លឺម៉ង់ ត្រូវបានគេរកឃើញថា មានករណីទំលាយឯកសារ និងព័ត៌មានផ្ទាល់ខ្លួន របស់អ្នកនយោបាយអាល្លឺម៉ង់ រាប់រយនាក់ ដែលក្នុងនោះ ក៏មានរូបលោកស្រី អង់ហ្គេឡា មែរគែលផងដែរ។ រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងស៊ើបអង្កេត ស្វែងរកអត្តសញ្ញណ របស់ជនដែលបានធ្វើសកម្មភាពនេះ ដោយមិនទាន់ប្រាកដថា វាជាការវាយប្រហារតាមបណ្តាញពត៌មានវិទ្យា ឬយ៉ាងណានោះទេ។
យោងតាមលោកស្រី Martina Fietz អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានឲ្យដឹងថា មកត្រឹមថ្ងៃសុក្រ ទី៤មករា ពិតជាមានករណីបែកធ្លាកព័ត៌មាន និងឯកសារផ្សេងៗ របស់គណបក្សនយោបាយអាល្លឺម៉ង់ធំៗទាំងអស់ ព្រមទាំងអ្នកនយោបាយជាច្រើនរយនាក់ទៀត។ ទោះយ៉ាងណា អ្នកនាំពាក្យដដែល អះអាងថា មិនមានព័ត៌មានសំងាត់ ឬសំខាន់បំផុតណាមួយ ត្រូវបានបែកធ្លាយទេ។ តែយ៉ាងណា រដ្ឋាភិបាលកំពុងតាមដានអង្កេតរឿងនេះ ដោយយកចិត្តទុកដាក់បំផុត។
ឆ្លងកាត់ការវិភាគជាបឋម អ្នកដែលរងគ្រោះក្នុងរឿងនេះ គឺមានអ្នកនយោបាយអាល្លឺម៉ង់ សឹងតែគ្រប់គណបក្ស មានទាំងមន្ត្រីរដ្ឋាភិបាល សមាជិកសភាអឺរ៉ុប សមាជិកសភាBundestag សមាជិកសភាតំបន់ ព្រមទាំងអ្នកតំណាងរាស្ត្រមូលដ្ឋានជាដើម។ អាជ្ញាធរ កំពុងតាមដានស្វែងរក ជនដែលទំលាយព័ត៌មានទាំងនេះ។
យោងតាមប្រភពពីក្រសួងមហាផ្ទៃអាល្លឺម៉ង់ គឺជនដៃដល់ បានប្រើគណនីTwitter មួយ ដើម្បីទំលាយព័ត៌មានទាំងនេះ។ បច្ចុប្បន្នគណនីនោះ ត្រូវបានបណ្តាញTwitter បិទខ្ទប់ហើយ។ ក្នុងចំណោមព័ត៌មានដែលបែកធ្លាយ គេសង្កេតឃើញមានដូចជាអាស័យដ្ឋានអ៊ីម៉ែល២ របស់លោកស្រីអង់ហ្គេឡា មែរគែល លេខFax។ ក្រៅពីនេះ ក៏មានតារាងបញ្ជីឈ្មោះសមាជិកគណបក្ស លេខទូរស័ព្ទដៃ និងអាស័យដ្ឋាន របស់សមាជិកគណបក្សនយោបាយ រាប់រយនាក់ទៀត។ ដោយឡែក ទូរទស្សន៍RBB បានផ្សាយថា ក៏មានអ្នកកាសែត មន្ត្រីបុគ្គលិកសាធារណៈ និងពិធីករវិទ្យុ ទូរទស្សន៍មួយចំនួន ត្រូវបានគេទំលាយព័ត៌មានផ្ទាល់ខ្លួនដែរ។
គួរកត់សម្គាល់ថា មកទល់ពេលនេះ អាជ្ញាធរអាល្លឺម៉ង់ មិនទាន់អាចកំណត់បានទេ ថាវាជាករណីវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា ឬក៏គ្រាន់តែជាការទំលាយឯកសារ និងទិន្ន័យ ដែលបានមកពីរនុកក្នុងណាមួយ។ រឿងរ៉ាងនេះ កំពុងធ្វើឲ្យរញ្ជួយពិភពនយោបាយអាល្លឺម៉ង់ ដែលវាស្តែងឲ្យឃើញពីភាពផុយស្រួយផ្នែកសន្តិសុខព័ត៌មានវិទ្យា។ កាលពីខែវិច្ឆិកាកន្លងទៅ កាសែត Der Spiegel បានចុះផ្សាយថា មានការចូលទៅលួចទិន្នន័យ ក្នុងគណនីអ៊ីមែល របស់សមាជិកសភាអាល្លឺម៉ង់ ជាច្រើននាក់។
កន្លងមក រដ្ឋាភិបាលអាល្លឺម៉ង់ ធ្លាប់បានសម្តែងការព្រួយបារម្ភ និងដាក់សង្ស័យរួចមកហើយ ទៅលើក្រុមចោរព័ត៌មានវិទ្យា មានប្រភពនៅរុស្ស៊ី ដែលបានប៉ុនប៉ង ធ្វើសកម្មភាពទុច្ចរិក កកូរកកាយបង្កបញ្ហា និងធ្វើឲ្យបាត់បង់ទំនុកចិត្ត មកលើសន្តិសុខ និងស្ថាប័នរដ្ឋរបស់អាល្លឺម៉ង់៕