សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា កម្ពុជាកំពុងរៀបចំតាក់តែងច្បាប់មួយស្តីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មព័ត៌មានបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយ។ សម្តេចប្រមុខរាជរដ្ឋាភិបាលបានបង្ហើបបែបនេះក្នុងពេលជួបសំណេះសំណាលជាមួយអ្នកព័ត៌មានជិត ៥ពាន់នាក់នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។
សម្តេចតេជោ បានថ្លែងថា ប្រទេសក្នុងតំបន់អឺរ៉ុប និងបណ្តាប្រទេសដែលអួតអាងជាប្រទេសបិតាប្រជាធិបតេយ្យសុទ្ធតែកំពុងព្រួយបារម្ភអំពីឧក្រិដ្ឋកម្មព័ត៌មានបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយ ហើយពួកគេក៏មានច្បាប់គ្រប់គ្រងទៅលើបញ្ហានេះផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជាត្រូវតែមានច្បាប់នេះ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃបញ្ហាព័ត៌មាននាពេលបច្ចុប្បន្ន ហើយច្បាប់នេះត្រូវតែមានសុគតភាពជាមួយនឹងច្បាប់ស្តីពីរបបសារព័ត៌មានដែលតាក់តែងឡើងនៅឆ្នាំ១៩៩៥ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងក្រមព្រហ្មទណ្ឌរបស់កម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «សូម្បីតែប្រទេសដែលគេហៅថាការគោរពសិទ្ធិបញ្ចេញមតិក៏បង្កើតនូវការព្រួយបារម្ភពីបញ្ហាទាក់ទងជាមួយនឹងឧក្រិដ្ឋកម្មព័ត៌មានបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយរហូតដល់ប្រទេសខ្លះនៅអឺរ៉ុប ដែលគេចាត់ទុកថាជាបិតាប្រជាធិបតេយ្យក៏មានច្បាប់រារាំង ដើម្បីដាក់ទណ្ឌកម្មទៅលើព័ត៌មានក្លែងក្លាយ និងដាក់ទណ្ឌកម្មទៅលើការរំលោភបំពានអំពីបច្ចេកវិទ្យាព័ត៌មាននេះផងដែរ។ អ៊ីចឹងខ្ញុំសូមស្នើឲ្យមានការពិភាក្សាឲ្យច្បាស់ទៅលើបញ្ហានេះ ដើម្បីយើងលើកជាក្របខណ្ឌនៃការគ្រប់គ្រង»។
«គ្រប់ប្រទេសនៅលើពិភពលោកនេះសុទ្ធតែមានច្បាប់គ្រប់គ្រងទាំងអស់ យើងមានច្បាប់មួយរួចហើយ យើងកំពុងព្រាងសេចក្តីព្រាងច្បាប់ពីរផ្សេងទៀត ប៉ុន្តែខ្ញុំសូមទាក់ទាញការចាប់អារម្មណ៍ថា ច្បាប់ទាំងអស់ត្រូវមានសុគតភាពជាមួយគ្នា បំពេញឲ្យគ្នាទៅវិញទៅមក រាប់ទាំងការបំពេញបន្ថែមជាមួយនឹងក្រមព្រហ្មទណ្ឌដែលយើងកំពុងប្រើប្រាស់ផងដែរ ដើម្បីផ្តន្ទាទោសទៅលើបទល្មើសបច្ចេកវិទ្យាព័ត៌មាន»។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបញ្ជាក់បន្ថែម៕