នៅក្នុងប្រទេសបារាំង ពលរដ្ឋជាច្រើនមានជំនឿទុកចិត្តកាន់តែតិចទៅៗលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ទោះបីជាពួកគេបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើបច្ចុប្បន្នភាពក៏ដោយ នេះជាលទ្ធផលនៃការស្ទាបស្ទង់មតិប្រចាំឆ្នាំរៀបចំដោយវិទ្យាសា្ថន Kantar និងកាសែត La Croix ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៤ មករា។ ផ្អែកតាមលទ្ធផលស្ទាបស្ទង់មតិដដែល ក្នុងចំណោមបណ្តាញផ្សព្វផ្សាយព័ត៌មានកាសែតសរសេរ វិទ្យុ ទូរទស្សន៍ និងតាមអ៊ីធ័រនែត វិទ្យុបន្តរក្សាចំណាត់ថ្នាក់ដដែលតាំងពី ២០ឆ្នាំកន្លងមក ពោលជាប្រព័ន្ធផ្សព្វផ្សាយដែលទទួលបានជំនឿទុកចិត្តច្រើនលើសគេ។ លទ្ធផលនៃការសិក្សានេះបានធ្លាក់មក ចំពេលដែលចលនាអាវកាក់លឿងកំពុងបន្តក្បួនបាតុកម្ម។ ទោះជាយ៉ាងនេះក្តី ពលរដ្ឋបារាំងចំនួន ៦៧% បន្តតាមដានព័ត៌មានយ៉ាងយកចិត្តទុកដាក់ដែលផ្សាយតាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ។ លោកហ្គីយ៉ូម ហ្គូប៊ែរ នាយកកាសែត La Croix បានយល់ឃើញថា នេះជាមេរៀនសំខាន់ដែលគេអាចទាញចេញពីលទ្ធផលនៃការសិក្សាមួយនេះ។
« អ្វីដែលគួរចាប់អារម្មណ៍មុនដំបូងគេ គឺផលប្រយោជន៍យ៉ាងធំធេងសម្រាប់ព័ត៌មានដែលនៅក្នុងឆ្នាំ ២០១៩ នេះ មានជាប់ពាក់ព័ន្ធនឹងបច្ចុប្បន្នក្តៅគគុកមួយចំនួន រួមមាន ក្បួនបាតុកម្មរបស់ចលនាអាវកាក់លឿង ពលរដ្ឋមិនទាន់មានជំនឿទុកចិត្តលើការងាររបស់រដ្ឋាភិបាល ហើយគ្រប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក៏បានទទួលរងការរិះគន់ដែរ។
អ្វីដែលយើងបានឮក្នុងរយៈពេលប៉ុន្មានខែ និងប៉ុន្មានសប្តាហ៍កន្លងទៅនេះ គឺពួកអាវកាក់លឿងបានសម្តែងអារម្មណ៍ និងស្តីបន្ទោសលើគ្រប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលបានផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយដូចដែលពួកគេរង់ចាំ និងចង់បាន។ នេះហើយជាបញ្ហាធំរបស់យើងក្នុងអាជីពជាអ្នកកាសែតដើម្បីពន្យល់ពួកគេថា យើងឈរនៅកណ្តាល មិនលំអៀង ហើយយើងបានប្រើឧបករណ៍បច្ចេកទេសការងារគ្រប់ប្រភេទទាំងអស់។
គេមិនអាចយករាល់សម្លេងដើមទាំងស្រុងទៅផ្សព្វផ្សាយទាំងអស់បានទេ ពោលគេត្រូវចម្រាញ់ជ្រើសរើស ហើយនៅក្នុងជម្រើសទៀតសោតក៏មិនមែនផ្អែកលើមនោគមន៍វិជ្ជាទេ។ នៅពេលមានសម្លេងពីរដែលត្រូវជ្រើសយកមួយ គេត្រូវយកសម្លេងច្បាស់ល្អ និងមានការពន្យល់ច្បាស់លាស់។ ពេលខ្លះ វាអាចនាំឲ្យយើងទាត់ចោលនូវគំនិតយល់ឃើញដែលមិនច្បាស់លាស់ ឬបូរបាច់ច្រើន »៕