នៅថ្ងៃចន្ទទី ២៨មករានេះ ក្រសួងយុត្តិធម៌អាមេរិកបានសម្រេចធ្វើការចោទប្រកាន់ ជាផ្លូវការ ក្រុមហ៊ុនHuawei ព្រមទាំងសាខាចំនួនពីរទៀត ពីបទប៉ុនប៉ងរំលោភទណ្ឌកម្មដែលអន្តរជាតិដាក់ប្រឆាំងនឹងអ៊ីរ៉ង់ និងពីបទបានលួចបច្ចេវិទ្យាពីក្រុមហ៊ុនអាមេរិក។ ជាសរុបក្រុមហ៊ុនចិន រងការបទចោទប្រកាន់ចំនួន២៣ករណី។ ការចោទប្រកាន់ជាផ្លូវការនេះ ធ្វើឡើងតែពីរថ្ងៃមុនការចាប់ផ្តើមកិច្ចពិភាក្សារកដំណោះស្រាយបញ្ចប់សង្គ្រាមពាណិជ្ជកម្ម។
គ្រប់គ្នាដឹងហើយអំពីករណីអាមេរិកចោទ ក្រុមហ៊ុនHuaweiយ៉ាងណានោះ ប៉ុន្តែនៅល្ងាចថ្ងៃ ចន្ទម្សិលមិញ អាមេរិកបានធ្វើការចោទប្រកាន់ជាផ្លូវការ និងជាការចោទប្រកាន់ ដ៏ធ្ងន់ធ្ងរ បើមើលទៅលើទម្រង់នៃសេចក្តីប្រកាស។
អាជ្ញាធរអាមេរិក តំណាងដោយឥស្សរជន១១រូប មានជាអាទិ៍ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្តីទី រដ្ឋមន្ត្រីក្រសួងសន្តិសុខផ្ទៃក្នុង មហាផ្ទៃ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម នាយកភ្នាក់ងារចារកិច្ចFBI ព្រមទាំងរដ្ឋអាជ្ញារពីររូបមកពីញូវយ៉ក និងវ៉ាស៊ីនតោន បានបង្ហាញវត្តមានរួមគ្នាលើវេទិកា ប្រកាសធ្វើការចោទប្រកាន់ ក្រុមហ៊ុន Huawei និងសាខារបស់ក្រុមហ៊ុនចំនួនពីរទៀត ពីបទរំលោភទណ្ឌកម្មអ៊ីរ៉ង់ និងលួចបច្ចេកវិទ្យាអាមេរិក។ ជាសរុបក្រុមហ៊ុនយក្សផ្នែកទូរសព្ទនិងទូរគមនាគមន៍ចិន ត្រូវជាប់ចោទនៅតុលាការសហព័ន្ធ វ៉ាស៊ីនតោន ចំនួន១០ករណី និង១៣ករណី នៅតុលាការក្រុងញូវយ៉ក។
តុលាការក្រុងញូវយ៉ក បានធ្វើការចោទប្រកាន់ក្រុមហ៊ុន Huawei ថាបានរំលោភទណ្ឌកម្មអាមេរិកដែលដាក់ប្រឆាំងនឹងអ៊ីរ៉ង់ ចាប់ពីឆ្នាំ២០០៧មក ដោយបានបន្លំធនាគារអន្តរជាតិ ក្នុងការផ្តោះប្តូរលុយរាប់លានដុល្លារជាមួយអ៊ីរ៉ង់។ ឯតុលាការរដ្ឋវ៉ាស៊ីនតោនវិញ បានចោទពីបទលួចការណ៍សម្ងាត់ពាណិជ្ជកម្ម អេឡិចត្រូនិក ព្រមទាំងលួចចម្លង កាលពីឆ្នាំ២០១២ បច្ចេកវិទ្យារ៉ូបូរបស់ក្រុមហ៊ុនT-mobile ដែលជាក្រុមហ៊ុនទូរស័ព្ទដ៏ធំមួយរបស់អាមេរិក។
អាជ្ញាធរអាមេរិកបានបន្ទោសក្រុមហ៊ុន Huawei និងសាខា ចំពោះសកម្មភាពផ្តល់ប្រាក់រង្វាន់ដល់គ្រប់បុគ្គលិកនៅពេលលួចការណ៍សម្ងាត់ របស់ក្រុមហ៊ុនដទៃផ្សេងនៅទូទាំងពិភពលោកបាន។ រដ្ឋមន្ត្រីស្តីទីក្រសួងយុត្តិធម៌ បានពន្យល់ថាមានភស្តុតាង ជាសារអ៊ីមែលរវាងបុគ្គលិក Huaweiនៅអាមេរិកនិងនៅចិន ឆ្លើយឆ្លងគ្នា ផ្តល់រង្វាន់ជាថ្នូរនឹងការផ្តល់ព័ត៌មានដែលលួចបាន។ ទង្វើបែបនេះ មិនមែនជាសកម្មភាពល្មើសរបស់បុគ្គលិកណាម្នាក់ទេ តែជានយោបាយរបស់ក្រុមហ៊ុន សម្រេចដោយថ្នាក់លើ។
បត្យាប័នលោកស្រីប្រធានហិរញ្ញវត្ថុ ?
ម្សិលមិញនេះ តុលាការអាមេរិកក៏បានធ្វើការចោទប្រកាន់ជាផ្លូវការដែរ លោកស្រី ម៉េង វ៉ាន់ចូវ ដែលជានាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហួរវៃ និងជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុនផងនោះ ពីបទរំលោភទណ្ឌកម្មអ៊ីរ៉ង់។ បើមានបទចោទប្រកាន់របស់តុលាការហើយ ដំណើរការធ្វើបត្យាប័នក៏នឹងអាចចាប់ផ្តើមដែរ។ រដ្ឋមន្ត្រីស្តីទី ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកនឹងដាក់សំណើសុំធ្វើបត្សាប័នលោកស្រី ម៉េងវ៉ាន់ចូវ ជាផ្លូវការ ឱ្យបានមុនថ្ងៃទី ៣០មករាស្អែកនេះ។ តុលាការកាណាដា នឹងបើកសវនាការស្តីអំពីការធ្វើបត្យប័នលោកស្រី ម៉េង វ៉ាន់ចូវ នៅថ្ងៃទី ៦កុម្ភៈ ខាងមុខ។
សូមរំលឹកថា ចាប់ខ្លួននៅថ្ងៃទី ១ធ្នូ ២០១៨ នៅក្រុងវ៉ាន់កូវ័រ ប្រទេសកាណាដា និងជាប់ឃុំនៅក្នុងគេហដ្ឋាន ករណីលោកស្រី ម៉េង វ៉ាន់ចូវ បានធ្វើឱ្យទំនាក់ទំនងរវាងចិននិងកាណាដា ធ្លាក់ស្រុតយ៉ាងខ្លាំង។ ក្នុងអត្ថន័យជាការសងសឹកកាណាដា ដែលចាប់ខ្លួនលោកស្រីម៉េងវ៉ាន់ចូវ តាមសំណើអាមេរិក ចិនបានកាត់ទោសប្រហារជីវិតពលរដ្ឋម្នាក់ ពីបទរត់ពន្ធគ្រឿងញៀនម្នាក់ និងចាប់ខ្លួនជនជាតិកាណាដាពីរនាក់ផ្សេងទៀត ក្នុងនោះម្នាក់ជាអតីតមន្ត្រីការទូតផង។
គេមិនដឹងថានៅពេលកាណាដាព្រមធ្វើបត្យាប័ន តើចិននឹងក្តៅក្រហាយ និងបញ្ចេញប្រតិកម្មយ៉ាងណាទេ។
សំណុំរឿង Huawei គ្មានពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្ម
ចិនបានបញ្ចេញប្រតិកម្ម ចោទសហរដ្ឋអាមេរិកវិញថា ប្រើឧបាយកលនយោបាយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា “សហរដ្ឋអាមេរិកបានបើអំណាចរដ្ឋ មកវាយប្រហារ និងបង្ខូច ក្រុមហ៊ុនចិន ដើម្បីច្របាច់កបន្ថប់សកម្មភាពរកស៊ីដ៏ស្របច្បាប់ និងត្រូវត្រឹមត្រូវ »។
ប៉ុន្តែអាជ្ញាធរអាមេរិកបានដឹងច្បាស់ណាស់ ថាឧបនាយករដ្ឋមន្ត្រីចិន ត្រូវធ្វើដំណើរមកវ៉ាស៊ីនតោន ដើម្បីចរចារកដំណោះស្រាយបិទបញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយនឹងអាមេរិក។ លោកឧបនាយករដ្ឋមន្ត្រី ត្រូវចូលជួបលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នៅថ្ងៃពុធទៀត។ ហេតុដូច្នេះហើយបានជា ក្រោយពីប្រកាសធ្វើការចោទប្រកាន់ក្រុមហ៊ុនចិនជាផ្លូវការហើយ រដ្ឋមន្ត្រីស្តីទីក្រសួងយុត្តិធម៌អាមេរិកថ្លែងព្រមានអាជ្ញាធរចិនដោយចំៗជាមុនតែម្តង « ចិនត្រូវមានទំនួលខុសត្រូវធ្វើយ៉ាងណាឱ្យពលរដ្ឋនិងក្រុមហ៊ុនចេះគោរពច្បាប់”។ ជារបៀបបង្ការ ដោយជូនដំណឹងជាផ្លូវការ ជាមុនតែម្តង។
សម្រាប់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកយល់ថា តុលាការជូនដំណឹងជាមុនហើយ ហើយរឿងរ៉ាវនេះ គ្មានពាក់ព័ន្ធសោះនឹងការចរចាពាណិជ្ជកម្ម។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក៏ដូចគ្នា លោកមានសុទដ្ឋិនិយមហើយបានប្រកាសថាលទ្ធផលនៃជំនួបចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងជឿនលឿនខ្លាំង៕