បើតាមរបាយការណ៍របស់ TechCrunch បានឲ្យដឹងថា Facebook បានដំណើរការកម្មវិធីទាញយកទិន្នន័យផ្ទាល់ខ្លួន ពីក្រុមយុវជនដែលខ្លួនឲ្យជាថ្នូរនឹងទឹកប្រាក់ ២០ ដុល្លារក្នុងមួយខែ ដោយកម្មវិធីនេះដំណើរការ ៣ ឆ្នាំមកហើយ។ ក្នុងរបាយការណ៍នោះបានលើកឡើងថា Facebook បានឲ្យលុយប្រហែលជា ២០ ដុល្លារ ប្រចាំខែ ដល់ក្រុមយុវជនដែលមានអាយុចន្លោះពី ១៣ ដល់ ២៥ ឆ្នាំ ជាថ្នូរនឹងការឲ្យដំឡើងកម្មវិធី Faceboook Research នៅក្នុងទូរសព្ទរបស់ពួកគេរួមមានទាំង iOS និង Android។ កម្មវិធីនោះ នឹងបញ្ជូនទិន្នន័យទាក់ទងនឹងការឆែកអ៊ីនធឺណិត និងការតាមដានទូរសព្ទពួកគេ ទៅកាន់ Facebook វិញ។
កម្មវិធី Facebook Research នេះនឹងដំឡើង custom root certified ដែលអាចឲ្យ Facebook មើលឃើញនូវ សារ e-mails ការស្វែងរកក្នុងគេហទំព័រ និងសកម្មភាពនានាក្នុងការឆែកអ៊ីនធឺណិត។ កាន់តែលើសនោះ គឺកម្មវិធីនេះបានស្នើសុំឲ្យអ្នកប្រើប្រាស់ថតអេក្រង់ (Screenshot) បញ្ជីដែលខ្លួនធ្លាប់បញ្ជាទិញទំនិញលើ Amazon ឲ្យមើលទៀតផង។
សូមបញ្ជាក់ផងដែរថា នេះមិនមែនជារឿងថ្មីដែលគេទើបដឹងថា Facebook ប្រមូលទិន្នន័យអ្នកប្រើប្រាស់ដោយរបៀបនេះឡើយ។ កាលពីមុន Facebook ប្រមូលទិន្នន័យអ្នកប្រើប្រាស់តាមរយៈសេវកម្ម VPN មួយរបស់ខ្លួនឈ្មោះ Onava Protect។ កាលនោះ ទិន្នន័យដែលបានតាម Onava Protect មានប្រយោជន៍ខ្លាំងណាស់ដល់ Facebook ព្រោះវាអាចឲ្យក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះ ដឹងពីសន្ទុះរបស់គូប្រជែងទាំងថ្មីទាំងចាស់ ដោយវាផ្ដល់ឧកាសឲ្យ Facebook អាចពិចារណាក្នុងការទិញយក ឬក៏ធ្វើតាមសេវាកម្មដែលគូប្រជែងខ្លួនមាន។ មិនយូរប៉ុន្មាន Facebook ក៏សម្រេចដក Onava Protect ចេញពី App Store ដោយសារ Apple បានចាប់ផ្ដើមលើកឡើងថា Onava Protect បានបំពានគោលការណ៍ប្រមូលទិន្នន័យរបស់ខ្លួន។
បើតាមការឆ្លើយតបរបស់ Facebook បានបញ្ជាក់ថា កម្មវិធី Facebook Research នេះពិតជាមានមែន ដោយវាស្ថិតក្រោមគម្រោងដែលមានឈ្មោះថា Atlas។ ប៉ុន្តែ Facebook មិនបានលើកឡើងថា តើវាប៉ះពាល់យ៉ាងណា ដល់ភាពឯកជនអ្នកប្រើប្រាស់នោះទេ ដោយគ្រាន់តែលើកឡើងថាកម្មវិធីរបស់ខ្លួន មិនបានបំពានដល់គោលការណ៍ប្រើប្រាស់ របស់ App Store ឡើយ។