ក្រុមអ្នកស្រាវជ្រាវសិង្ហបុរីថ្មីៗនេះ បានប្រកាសពីជោគជ័យមួយ គឺពួកគេបានរកឃើញវិធីសាស្ដ្រកែច្នៃកាកសំណល់ប្លាស្ទិក ទៅជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃវិញ។ កាកសំណល់ប្លាស្ទិកនេះ កំពុងបង្កជាវិបត្ដិយ៉ាងធ្ងន់ធ្ងរដល់ពិភពលោក ព្រោះវាបានបំពុលដល់បរិស្ថាន ដោយសារតែភាពមិនរលាយរបស់វា ទោះបីកប់ក្នុងទឹកឬដីរាប់ឆ្នាំ។
តែយ៉ាងណាមិញ ក្រុមអ្នកវិទ្យាសាស្ដ្រមកពីសាកលវិទ្យាល័យជាតិសិង្ហបុរី និងវិទ្យាស្ថានបច្ចេកវិទ្យាផលិតកម្មសិង្ហបុរី បានរកឃើញវិធីកែច្នៃកាកសំណល់ទាំងនេះហើយ។ វាត្រូវអាចយកទៅកែច្នៃជាអាវធំពាក់ពីខាងក្រៅដើម្បីការពារកម្ដៅ ច្នៃជាម៉ាស់ស្រូបកាបូនឌីអ៊ុកស៊ីតក្នុងអំឡុងពេលមានភ្លើងឆេះ ច្នៃជាឧបករណ៍អ៊ីសូឡង់ការពារកម្ដៅនិងសំឡេង និងច្នៃជាសម្ភារៈសម្អាតប្រេងកំពប់ជាដើម។ ដោយសារតែក្នុងមួយឆ្នាំៗ កាកសំណល់ប្លាស្ទិកប្រមាណជា៨លានតោនត្រូវបានបោះចោលក្នុងសមុទ្រ ដូច្នេះក៏មិនបារម្ភពីកង្វះវត្ថុធាតុដើមសម្រាប់យកទៅកែច្នៃដែរ៕