ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា ទូរទស្សន៍នៅតែជាឧបករណ៍អេឡិចត្រូនិច ដែលត្រូវបានប្រើប្រាស់ច្រើនបំផុតនៅអាមេរិក គឺប្រើប្រាស់ច្រើនជាងឧបករណ៍វៃឆ្លាតសព្វថ្ងៃ សម្រាប់ក្មេងៗ។ លោកWeiwei Chenជាអ្នកនិពន្ធមួយរូបនៃការសិក្សាស្រាវជ្រាវនេះ បាននិយាយថា ការរកឃើញពិតជាគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឧបករណ៍ចល័តមាននៅគ្រប់ទីកន្លែង ប៉ុន្ដែទូរទស្សន៍នៅតែជាឧបករណ៍សាមញ្ញសម្រាប់កុមារនៅអាមេរិក។
ក្រុមស្រាវជ្រាវបានបង្ហាញរបាយការណ៍ ទាក់ទងនឹងការប្រើឧបករណ៍ចល័តនៅអាមេរិក ចន្លោះពីឆ្នាំ១៩៩៧ដល់២០១៤ រកឃើញថាក្មេងៗអាយុពី២ឆ្នាំឡើងទៅ ជាមធ្យមចំណាយពេលពី១,៣ម៉ោងទៅ៣ម៉ោងក្នុងមួយថ្ងៃ ជាមួយឧបករណ៍ចល័តទាំងនេះ។
របាយការណ៍បញ្ជាក់ទៀតថា ចំពោះក្មេងអាយុចន្លោះពី៣ដល់៥ឆ្នាំ បានចំណាយពេលប្រមាណ២,៥ម៉ោងក្នុងមួយថ្ងៃ នៅមុខកញ្ចក់ទូរទស្សន៍។ សេចក្ដីណែនាំស្ដីពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឆ្នាំ២០១៦ បានឲ្យដឹងថា ក្មេងអាយុពី២ដល់៥ឆ្នាំ ចំណាយពេលជាង១ម៉ោងក្នុងមួយថ្ងៃ ទៅលើប្រព័ន្ធឌីជីថល៕