ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមានមូលដ្ឋាននៅប្រទេសចិន កំពុងរីកលូតលាស់យ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាមការរីកចម្រើននេះដែរ គេសម្លឹងឃើញថាមានក្រុមហ៊ុន ៧ នឹងធ្វើឲ្យកក្រើកវិស័យសហគ្រាសបច្ចេកវិទ្យានាថ្ងៃអនាគត។
១. Baidu
គេឲ្យឈ្មោះថា Google នៃប្រទេសចិន ព្រោះជាប្រព័ន្ធស្វែងរកដ៏ល្បីមួយក្នុងប្រទេសចិន ដោយអាចរកចំណូលបានច្រើនលើសលប់ពីការផ្សព្វផ្សាយពាណិជ្ជកម្ម។ មិនតែប៉ុណ្ណោះក្រុមហ៊ុន Baidu ក៏ផលិតផែនទី, ព័ត៌មាន, ប្រពន្ធផ្ទុកទិន្នន័យលើអាកាស, ប្រព័ន្ធទូរទស្សន៍តាមអ៊ីនធឺណិត និង ផលិតផលជាច្រើនទៀត។
ក្រៅពីសេវាកម្មអ៊ីនធឺណិត ក្រុមហ៊ុននេះក៏បានឈោងចាប់យកការទូទាត់លុយតាមអេឡិចត្រូនិកដោយមានឈ្មោះថា Baidu Wallet និង សេវាកម្មដឹកជញ្ជូនចំណីអាហារនៅក្នុងទីក្រុងប្រមាណ ៧០ នៅប្រទេសចិន ដែលមានឈ្មោះថាសេវាកម្ម Waimai។ មិនទាន់ចប់ទេ ក្រុមហ៊ុននេះក៏បានធ្វើការលើរថយន្តបើកបរដោយគ្មានមនុស្សទៀតផង។
២. Alibaba
មនុស្សភាគច្រើនប្រហែលជាស្គាល់ហើយថា Alibaba ជាក្រុមហ៊ុនលក់ទំនិញអនឡាញរបស់ចិនដែលមានកេរ្តិ៍ឈ្មោះល្បីលើពិភពលោក។ Yahoo មានកាន់កាប់ហ៊ុន ១៥% ក្នុងក្រុមហ៊ុន Alibaba នេះដោយមានតម្លៃប្រហែល ៣០ ពាន់លានដុល្លារ ដែលតម្លៃនេះគឺច្រើនជាងតម្លៃនៃជំនួញស្នូលរបស់ Yahoo ទៅទៀត។
៣. Tencent
ពេលខ្លះត្រូវបានគេហៅថាជា Facebook របស់ប្រទេសចិន។ ក្រុមហ៊ុននេះមានកេរ្តិ៍ឈ្មោះតាមរយៈកម្មវិធីផ្ញើសារ QQ.com និង កម្មវិធីទំនាក់ទំនង WeChat ដោយបានក្លាយជាក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមធំទីពីរលើសកលលោកតាមពីក្រោយ Facebook ហើយកំពុងបន្តរីកចម្រើនឥតឈប់ឈរ។ WeChat ផ្ទុះខ្លាំងចាប់តាំងពីដំណើរការដំបូងនៅឆ្នាំ ២០១០ រហូតដល់ឆ្នាំ ២០១៣ មានអ្នកប្រើប្រាស់ ២០០ លាននាក់ ហើយនៅឆ្នាំ ២០១៦ កើនដល់ ៧០០ លាននាក់។
៤. JD.com
អាចនិយាយបានថាជា Amazon ប្រចាំប្រទេសចិន ប៉ុន្តែតាមពិត JD.com បាននាំមុខ Amazon លើចំណុចមួយចំនួន។ បន្ទាប់ពីដឹងថា ៧០% នៃការត្អូញត្អែររបស់អតិថិជនខ្លួនមានពាក់ព័ន្ធនឹងការដឹកជញ្ជូន ហេតុនេះ JD.com ក៏បានបង្កើនសេវាដឹកទំនិញដោយខ្លួនឯង។
បច្ចុប្បន្ននេះ JD.com មានផ្ដល់សេវាកម្មដឹកជញ្ជូនក្នុងថ្ងៃតែមួយ (ទិញថ្ងៃនេះដឹកឲ្យនេះ) ទៅកាន់អតិថិជន ៦០០ លាននាក់នៅប្រទេសចិន និង សេវាដឹកជញ្ជូននៅថ្ងៃបន្ទាប់ (ទិញថ្ងៃនេះបានស្អែក) នៅពេញប្រទេសចិន។ ក្រុមហ៊ុនក៏បានសិក្សាលើការដឹកជញ្ជូនទំនិញដោយប្រើកូនយន្តហោះ (Drone) ផងដែរ។
៥. Didi
ជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មដឹកដំណើរដ៏ធំរបស់ប្រទេសចិនដែលជាគូប្រជែងដ៏ធំរបស់ក្រុមហ៊ុនអាមេរិក Uber។ បច្ចុប្បន្នក្រុមហ៊ុននេះមានផ្ដល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរប្រមាណ ១០ លានដងក្នុងមួយថ្ងៃនៅប្រទេសចិន ប្រៀបនឹង Uber នៅទូទាំងពិភពលោកមានតែប្រមាណ ២ លានដងប៉ុណ្ណោះ។
ចាប់ដំណើរការនៅឆ្នាំ ២០១២ មកទល់សព្វថ្ងៃនេះមានបុគ្គលិកបម្រើការ ៥ ០០០ នាក់ និងមានតម្លៃ ១៦ ពាន់លានដុល្លារ។ អ្វីគួរឲ្យចាប់អារម្មណ៍ខ្លាំង Didi ថែមទទួលបានការបណ្ដាក់ទុន ១ ពាន់លានដុល្លារពី Apple កាលពីឆ្នាំ ២០១៦ ទៀតផង។
៦. Huawei
មិនត្រឹមតែរីកខ្លាំងក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែ Huawei ក៏បានវិវឌ្ឍខ្លួនក្លាយជាក្រុមហ៊ុនស្មាតហ្វូនដ៏ធំមួយលើពិភពលោក។ ជាក់ស្ដែងនៅឆ្នាំ ២០១៦ Huawei បានក្លាយជាក្រុមហ៊ុនលំដាប់ទី ៣ លក់ចេញស្មាតហ្វូនបានច្រើនជាងគេ ដោយលក់បាន ១៣៨,៨ លានគ្រឿង ស្មើនឹង ៩,៣% នៃទីផ្សារសកល។
៧. Xiaomi
និយាយដល់ក្រុមហ៊ុនទូរសព្ទគូប្រជែងធំបំផុតរបស់ Huawei មិនមែន Apple ឬ Samsung នោះទេ តែគឺជា Xiaomi ដែលជាក្រុមហ៊ុនរួមសញ្ជាតិតែមួយ។ ម៉ូដែលទូរសព្ទដែលទទួលបានការគាំទ្រជាងគេគឺ “Mi” ដែលបានអូសទាញអ្នកគាំទ្របានជាសហគមន៍មួយមានសមាជិក ១៧០ លាននាក់នៅជុំវិញពិភពលោក។
កាលពីឆ្នាំទៅ Xiaomi បានធ្វើឲ្យកេរ្តិ៍ឈ្មោះខ្លួនល្បីខ្លាំងមួយកម្រិតទៀតបន្ទាប់ពីបង្ហាញចេញ Xiaomi Mi Mix ជាស្មាតហ្វូនដែលស្ទើរតែគ្មានគែមអេក្រង់៕