អង្គការ​សហប្រជាជាតិ​ជំរុញឲ្យ​ប្រើ​កម្មវិធី​កុំព្យូទ័រ​ថ្មីមួយ ដើម្បី​តាម​ស្ទាក់​អ្នក​ដំណើរ​ភេរវកម្ម

0

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រកាសឲ្យដឹង កាលពីថ្ងៃអង្គារ ទី៧ឧសភា អំពីការដាក់ឲ្យប្រើប្រាស់ ដោយឥតគិតថ្លៃ នូវកម្មវិធីកុំព្យូទ័រមួយ ឈ្មោះថា Go Travel ទៅឲ្យប្រទេសសមាជិកទាំងអស់។ កម្មវិធីកុំព្យូទ័រថ្មីនេះ គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ប្រមូលទិន្ន័យ ដែលមានទិសដៅ តាមស្ទាក់អ្នកដំណើរ តាមជើងយន្តហោះ ឬតាមផ្លូវទឹកណា ដែលគួរឲ្យសង្ស័យ ថាអាចជាក្រុមភេរវកម្ម។

Go Travel គឺជាកម្មវិធីកុំព្យូទ័រ ផលិតដោយអ្នកជំនាញនៃប្រទេសហូឡង់ នៅឆ្នាំ២០១៨ ហើយបានប្រគល់ទៅឲ្យអង្គការសហប្រជាជាតិ។ កម្មវិធី ដែលគេបានចំណាយប្រាក់ផលិត ដល់ទៅជាង១០លានដុល្លារនេះ នឹងបើកឲ្យប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងអស់ យកទៅប្រើប្រាស់ ដោយឥតគិតថ្លៃ ដើម្បីសហការគ្នា ទប់ស្កាត់ចរាចរណ៍ របស់បណ្តាញភេរវកម្មអន្តរជាតិ។

នៅចំពោះមុខអង្គសន្និបាទអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី ៧ឧសភា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា បញ្ហាភេរវកម្ម គឺជាវិបត្តិរួមរបស់គ្រប់គ្នាទូទាំងពិភពលោក។ ប្រឈមនឹងបញ្ហានេះ គឺមានតែការរួមគ្នា សហការគ្នាឲ្យណែន ដើម្បីតាមទប់ស្កាត់ ស្ទាក់ រារាំង សកម្មភាពភេរវកម្ម។ ដោយរំលឹកអំពីករណីភេរវកម្មថ្មីៗ នៅកេនយ៉ា នៅស្រីលង្កា និងនៅណូវែល សេឡង់ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ​ បានអះអាងថា កម្មវិធីកុំព្យូទ័រ Go Travel នឹងអាចជួយឲ្យប្រទេសទាំងអស់បាន។

យោងតាមមន្ត្រីអង្គការសហប្រជាជាតិ ប្រទេសមួយចំនួននៅ តំបន់ដើមបូព៌ា និងនៅអាស៊ី អាចត្រូវការប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ យកទៅប្រើ ព្រោះថាតាមប្រទេសទាំងនោះ គឺពុំមានប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីចាប់​ ឬតាមដាន អត្តសញ្ញាណរបស់អ្នកដំណើរ ដែលមានប្រសិទ្ធភាពខ្ពស់នោះទេ។ ជាក់ស្តែង ស្រីលង្កា អ៊ីរ៉ាក់ និងម៉ារ៉ុក បានបង្ហាញការចាប់អារម្មណ៍ ចង់បានកម្មវិធី Go Travel នេះយកទៅប្រើ។

គួររំលឹកថា ក្រោយបរាជ័យបាក់ទ័ព របស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅស៊ីរី និងនៅអ៊ីរ៉ាក់ មានការព្រួយបារម្ភច្រើន អំពីករណីធ្វើដំណើរត្រលប់ទៅប្រទេសដើមវិញ ឬទៅប្រទេសផ្សេងទៀត របស់ពួកជីហាតភេរវកម្ម។ ក្រុមជីហាត អាចធ្វើសកម្មភាពភេរវកម្ម បានគ្រប់ពេល និងគ្រប់ទីកន្លែង បើសិនជាគ្មានការតាមដានស្ទាក់ តាមមធ្យោបាយធ្វើដំណើរ ឲ្យមានប្រសិទ្ធិភាព​ទេនោះ។

កម្មវិធី Go Travel នឹងមានតួនាទីប្រមូលទិន្នន័យមកផ្គុំគ្នា ខ្វែងគ្នា រវាងប្រទេសសហការទាំងអស់ ដើម្បីកំនត់មុខសញ្ញា លើអត្តសញ្ញាណរបស់អ្នកដំណើរណាម្នាក់ ដែលគួរឲ្យសង្ស័យ។ តែយ៉ាងណា អ្នកជំនាញ អះអាងថា ប្រទេសសហការប្រើកម្មវិធីនេះទាំងអស់ មានសិទ្ធិកំណត់ ថាទិន្នន័យណាខ្លះ ដែលអាចចែករំលែកគ្នា​ ជាមួយប្រទេសដទៃ ដើម្បីធានាសិទ្ធិនៃការការពារទិន្នន័យឯកជន របស់ប្រជាជនខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here