ក្រុមហ៊ុនចិន Huawei បានប្រកាសយល់ព្រមចុះកិច្ចព្រមព្រៀងពិសេសមួយ ជាមួយរដ្ឋាភិបាលឥណ្ឌា ស្តីពីការសហការតភ្ជាប់បច្ចេកវិទ្យា 5G នៅក្នុងដែនដីមហាយក្សលេខពីរប្រចាំទ្វីបអាស៊ីមួយនេះ។ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យរដ្ឋាភិបាលឥណ្ឌា ដាក់បម្រាមជាអចិន្រ្តៃយ៍លើ Huawei ប្រសិនបើ Huawei ធ្វើឲ្យមានការលេចធ្លាយផ្នែកប្រព័ន្ធសុវត្ថិភាពណាមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នាល្ងាចថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។
នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំនៅប្រទេសឥណ្ឌា លោក ចាយ ជិន (Jay Chen) បានប្រកាសថា ក្រុមហ៊ុនលោករីករាយនឹងចុះកិច្ចព្រមព្រៀងដែលធានាថា គ្មានការលួចបង្កប់ឧបករណ៍តាមដានសម្ងាត់ (Backdoor) ជាមួយរដ្ឋាភិបាលឥណ្ឌា ហើយ Huawei ក៏ស្ម័គ្រចិត្តរើប្រព័ន្ធ Servers ទាំងអស់របស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាតែម្តងផងដែរ។
ខណៈរដ្ឋាភិបាលឥណ្ឌាបានប្រកាសថា នឹងដាក់ដំណើរការសាកល្បងបណ្តាញសេវា 5G ក្នុងរយៈពេល ០៣ខែខាងមុខ Huawei ធ្លាប់បានស្នើឡើងថា ឥណ្ឌាអាចធ្វើតេស្តឧបករណ៍របស់ខ្លួនដោយឥតគិតថ្លៃ ដើម្បីរកមើលការពិតថា តើមានបញ្ហាសុវត្ថិភាពពិតដូចពាក្យចចាមអារ៉ាមដែរ ឬក៏អត់។
គួរជម្រាបថា ការប្រកាសនេះធ្វើឡើងមុនពេលរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ត្រូវមកបំពេញទស្សនកិច្ចនៅឥណ្ឌា។ សហរដ្ឋអាមេរិកបានចោទប្រកាន់ក្រុមហ៊ុន Huawei ថា មានលួចបង្កប់ឧបករណ៍សម្ងាត់ (Backdoor) នៅក្នុងផលិតផលទូរគមនាគមន៍របស់ខ្លួន ដើម្បីជួយរដ្ឋាភិបាលចិនស៊ើបការណ៍សម្ងាត់លើបណ្តាប្រទេសនានា ដែលប្រើប្រាស់សម្ភារៈរបស់ Huawei។
ព្រោះតែហេតុផលដូចគ្នានេះហើយ ទើបទីក្រុងវ៉ាស៊ីនតោនបានសម្រេចហាមមិនឲ្យនាំចូលបរិក្ខាផ្សេងៗរបស់ Huawei និងមិនឲ្យមានការលក់បច្ចេកវិទ្យាក៏ដូចជា Software ពីក្រុមហ៊ុនអាមេរិកទៅឲ្យក្រុមហ៊ុនចិនមួយនេះថែមទៀត។ ទោះបីជាបែបនេះក្តី គ្មានប្រទេសណាមួយបានរកឃើញថា ឧបករណ៍បច្ចេកវិទ្យារបស់ Huawei មានបង្កប់ Backdoor នោះឡើយ ខណៈក្រុមអ្នកពិនិត្យពិច្ច័យរបស់សហភាពអឺរ៉ុប ក៏ធ្លាប់បានចេញលទ្ធផលអង្កេតរបស់ខ្លួនកន្លងទៅនេះដែរថា គ្មានឧបករណ៍ស៊ើបការណ៍សម្ងាត់អ្វីឡើយ ក្នុងផលិតផលទាំងអស់របស់ Huawei៕