ផ្កាយរណបអង្គការ NASA ដែលនៅក្បែរព្រះច័ន្ទ នៅតែមិនអាចរកឃើញយានឥណ្ឌា ដែលចុះចតបរាជ័យកាលពីខែមុន

0

យានឥណ្ឌាដែលចុះចតបរាជ័យនៅលើផ្ទៃព្រះច័ន្ទ នៅតែមិនទាន់រកឃើញទៀត បន្ទាប់ពីផ្កាយរណប LRO របស់ ទីភ្នាក់ងារអវកាសអាមេរិក NASA បានហោះឆ្លងកាត់តំបន់ដែលជាគោលដៅចុះចតរបស់យានឥណ្ឌាជាលើកទីពីរ។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩។

យានចុះចតរបស់ឥណ្ឌាឈ្មោះថា Vikram ជាផ្នែកនៃបេសកកម្មទៅឋានព្រះច័ន្ទ Chandrayaan-2 ហើយកាលពីថ្ងៃទី០៦ ខែកញ្ញា យាននេះត្រូវបានបញ្ជាឲ្យទៅចុះចតនៅលើផ្ទៃព្រះច័ន្ទ ប៉ុន្តែកំឡុងពេលព្យាយាមធ្វើបែបនោះ ក្រុមការងារនៃទីភ្នាក់ងារអវកាស ឥណ្ឌា ISRO ក៏បានដាច់ការទាក់ទងជាមួយយានរបស់ខ្លួន។ ទីភ្នាក់ងារ ISRO បានអះអាងថា ខ្លួនបានប្រទះឃើញយាន Vikram ដែលធ្លាក់ទៅលើផ្ទៃព្រះច័ន្ទ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។

ក្រុមការងារនៃផ្កាយរណប LRO បានបញ្ជាក់ថា ពួកគេមិនមែនចង់ចេះចង់ដឹងរឿងរបស់ឥណ្ឌាឡើយ ប៉ុន្តែគន្លងធ្វើដំណើររបស់ ផ្កាយរណបនោះ គឺត្រូវឆ្លងកាត់តំបន់ដែលជាគោលដៅចុះចតរបស់យានឥណ្ឌា ជារៀងរាល់មួយខែម្តង ហើយការងាររបស់វា គឺសិក្សាអំពីផ្ទៃរបស់ព្រះច័ន្ទ។ គិតមកទល់ពេលនេះ ផ្កាយរណប LRO បានគោចរជុំវិញព្រះច័ន្ទអស់រយៈពេលជាងមួយទសវត្សរ៍ ហើយ។ ទាក់ទងនឹងការរកឃើញយាន Vikram អង្គការ NASA បានលើកឡើងថា យានឥណ្ឌាដែលធ្លាក់នៅកន្លែងបាំងស្រមោល ងងឹត ឬក៏នៅក្រៅទីតាំងដែលផ្កាយរណប LRO បានសំឡឹងមើល។

គួរជម្រាបថា ទោះយានចុះចតរបស់ខ្លួនបានទទួលបរាជ័យក៏ដោយ បេសកកម្ម Chandrayaan-2 នៅតែកំពុងបន្តទៅមុខដដែល ដោយផ្កាយរណបមួយគ្រឿងដែលកំពុងគោចរនៅជុំវិញព្រះច័ន្ទ បានប្រមូលទិន្នន័យវិទ្យាសាស្រ្តជាបន្តបន្ទាប់ ដើម្បីបញ្ជូនមក កាន់ អ្នកវិទ្យាសាស្រ្តឥណ្ឌានៅឯផែនដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here