តើម៉ាស៊ីនកុំព្យូទ័ររបស់អ្នកឆ្លងមេរោគដោយរបៀបណា?

0

ក្តីបារម្មណ៍របស់អ្នកប្រើប្រាស់កុំព្យូទ័រ ឬឧបករណ៍បច្ចេកវិទ្យា នោះគឺការឆ្លងមេរោគដែលអាចនាំហានិភ័យដល់ព័ត៌មាននានា និងឯកជនភាពទិន្នន័យផ្ទាល់ខ្លួន ឬអាជីវកម្មរបស់ផងខ្លួន។ដោយមើលឃើញក្តីព្រួយបារម្មណ៍ និងកំនើននៃចំនួនម៉ាស៊ីនកុំព្យូទ័រ ឬឧបករណ៍បច្ចេកវិទ្យានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងឆ្លងមេរោគ។ ក្រុមការងារនៃនាយកដ្ឋានព័ត៌មានវិទ្យាសូមលើកយកសកម្មភាពទាំង០៥ ដែលជាហេតុផលចម្បង​ ធ្វេីឲ្យម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នកឆ្លងមេរោគ៖

សកម្មភាពទី១៖ ការចុចលើឯកសារភ្ជាប់ (Attachement) ដែលផ្ញើចូលប្រអប់អ៊ីម៉ែលរបស់អ្នក ដោយពុំបានធ្វើការត្រួតពិនិត្យប្រភព និងផ្ទៀងផ្ទាត់ជាមួយម្ចាស់សារ។ ឯកសារភ្ជាប់មួយចំនួនត្រូវបានបន្លំផ្ញើដោយជនខិលខូច ដែលមានបំណងចម្លងមេរោគកុំព្យូទ័រ។

សកម្មភាពទី២៖ ការភ្ជាប់ឧបករណ៍ផ្ទុកទិន្នន័យចល័ត (USB Flash, Memory Card) ដែលមានផ្ទុកមេរោគ ហើយវាមានសមត្ថភាពចម្លងទៅកាន់ម៉ាស៊ីនកុំព្យូទ័ររបស់អ្នក និងទៅកាន់ម៉ាស៊ីនកុំព្យូទ័រផ្សេងទៀតបានយ៉ាងលឿន។

សកម្មភាពទី៣៖ ការទាញយកឯកសារ ឬកម្មវិធីពីបណ្តាញអ៊ីនធើណេត ដែលពុំមានប្រភពច្បាស់លាស់។ កម្មវិធី ឬឯកសារមួយចំនួនបានបង្កប់នូវកូដមេរោគ (Malicious Code) ដែលហៅថា Malware ហើយវានឹងចម្លងទៅកាន់ម៉ាស៊ីនកុំព្យូទ័ររបស់អ្នកនៅពេលដំឡើងកម្មវិធីទាំងនោះ។

សកម្មភាពីទី៤៖ ការប្រើប្រាស់កម្មវិធីក្រេក (Priate/Crack Software)។ តាមរយ:របាយការណ៍របស់ក្រុមហ៊ុនកម្មវិធីកម្ចាត់មេរោគកុំព្យូទ័រ Kaspersky បង្ហាញថាចំនួនកុំព្យូទ័រមួយចំនួនធំ នៅកម្ពុជាកំពុងឆ្លងមេរោគ ដែលជាប្រភេទមេរោគឆ្លងដោយការប្រើប្រាស់កម្មវិធី Crack ប្រព័ន្ធប្រតិបត្តិការ Windows។

សកម្មភាពីទី៥៖ ការចូលទស្សនាគេហទំព័រផ្ទុក និងចម្លងមេរោគ។ អ្នកប្រើប្រាស់មួយចំនួនធំ ពុំទាន់បានដឹងទេថា មេរោគកុំព្យូទ័រមួយចំនួននាពេលបច្ចុប្បន្នមានសមត្ថភាពចម្លងដោយពុំត្រូវការចុចលើមេរោគ ពោលគឺចម្លងទៅកាន់ម៉ាស៊ីនអ្នកប្រើប្រាស់តាមរយ:ចន្លោះសុវត្ថិភាពក្នុងកម្មវិធី Internet Browser ប៉ុណ្ណោះ។ ជាឧទាហរណ៍៖ ការចូលទៅកាន់គេហទំព័រអាសអាភាស គេហទំព័រក្នុងបណ្តាញ Darknet ជាដើម។

ដើម្បីការពារម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នកពីការឆ្លងមេរោគ សូមអនុវត្តវិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖

– ដំឡើងកម្មវិធីកម្ចាត់មេរោគ ដែលមានអាជ្ញាប័ណ្ណ និងធ្វើបច្ចុប្បន្នភាពឲ្យបានទៀងទាត់

– ធ្វើការផ្ទៀងផ្ទាត់ប្រភពនៃសារអ៊ីម៉ែលដែលមានការសង្ស័យ

– ធ្វើការស្កេនមេរោគលើឧបករណ៍ផ្ទុកទិន្នន័យចល័ត (USB Flash, Memory Card) មុននឹងប្រើប្រាស់

– ពុំត្រូវប្រើប្រាស់កម្មវិធី Crack និងតំឡើងកម្មវិធីដែលពុំមានប្រភពច្បាស់លាស់

– ពុំត្រូវប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រក្រុមហ៊ុន ឬអង្គភាព ចូលទៅកាន់គេហទំព័រខុសច្បាប់​ (ឧទាហរណ៍៖​ គេហទំព័រអាសអាភាស​ គេហទំព័រចែកចាយកម្មវិធីបំពានអាជ្ញាប័ណ្ណ​ ជាដេីម)

LEAVE A REPLY

Please enter your comment!
Please enter your name here