Botnet គឺជាម៉ាស៊ីនកុំព្យូទ័រ ទូរស័ព្ទដៃវ័យឆ្លាត (Smart phone) ទូរទស្សន៍វ័យឆ្លាត (Smart TV) ទូរទឹកកកវ័យឆ្លាត (Smart Refrigerator) ឬកាម៉េរ៉ាសុវត្ថិភាព (CCTV) ដែលបានឆ្លងមេរោគ (Trojan Horse) និងកំពុងបញ្ជាពីចម្ងាយពីសំណាក់ឧក្រិដ្ឋជន (Bot master) តាមរយ:បណ្តាញអ៊ីនធឺណេត (Command & Control – C&C)។
នៅពេលដែលឧបករណ៍ទាំងនោះក្លាយជា Botnet ឧក្រិដ្ឋជនអាចប្រើប្រាស់ឧបករណ៍ទាំងនោះ ដើម្បីប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា មួយចំនួនដូចខាងក្រោម៖
– ប្រើប្រាស់ Botnet ដើម្បីវាយប្រហារប្រព័ន្ធដំណើរការបច្ចេកវិទ្យា ដែលជាគោលដៅ (Distributed Denial of Service – DDOS)
– ប្រើប្រាស់ Botnet ក្នុងយុទ្ធនាការផ្ញើរសារអេឡិចត្រូនិក ផ្សាយពាណិជ្ជកម្ម (Spam Mail) បញ្ឆោតលួចព័ត៌មាន (Phishing) ពង្រាយមេរោគ (Malware Compaign) ឬប្រតិបត្តិការឆបោកប្រាក់ (Money Fraud)
– ធ្វើចារកម្ម ឬលួចទិន្នន័យពីឧបករណ៍រងគ្រោះ ធ្វើឲ្យលេចធ្លាយឯកសារ ឬគម្រាមទារប្រាក់ពីជនរងគ្រោះជាថ្នូរនឹងឯកសារសម្ងាត់មួយចំនួន (រូបថត វីដេអូ ឯកសារហិរញ្ញវត្ថុ។ល។) ដែលពាក្យបច្ចេកទេសហៅថា Blackmail
– ប្រើប្រាស់ឧបករណ៍រងគ្រោះ ដើម្បីផ្ទុកឯកសារខុសច្បាប់ផ្សេងៗ ដែលឧក្រិដ្ឋជនបានលួចពីជនរងគ្រោះដទៃទៀត លើបណ្តាញអ៊ីនធឺណេត
– ដាក់ជួល ឬលក់ឧបករណ៍រងគ្រោះ (Botnet) ក្នុងទីផ្សារងងឹត (Darknet market) ឲ្យទៅឧក្រិដ្ឋជនដទៃផ្សេងទៀត
ដើម្បីការពារឧបករណ៍ខាងលើកុំឲ្យក្លាយជា Botnet អ្នកប្រើប្រាស់គួរគប្បីអនុវត្តន៍វិធីសាស្ត្រដូចខាងក្រោម៖
– ប្រើប្រាស់កម្មវិធីដែលមានអជ្ញាប័ណ្ណត្រឹមត្រូវ (License) ជៀសវាងទាញយកកម្មវិធី Crack មកប្រើប្រាស់ (កម្មវិធីលើបណ្តាញអ៊ីនធឺណេត Filesharing បណ្តាញទំនាក់ទំនងសង្គម ឬប្រព័ន្ធ Torrent)
– ដំឡើង និងប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ (Antivirus / Internet Security Endpoint)
– ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីក្នុងឧបករណ៍បច្ចេកវិទ្យា (Patch)
– ធ្វើការកំណត់ ឬដំឡើងប្រព័ន្ធការពារសន្តិសុខ ដូចជា៖ សិទ្ធិប្រើប្រាស់ (Access Rights) សិទ្ធិបញ្ជា (Remote Access) បើកប្រព័ន្ធអង្កេត និងវិភាគការវាយប្រហារ (IDS/IPS) ដែលមានក្នុងឧបករណ៍ទាំងនោះជាដើម។