ប្រទេស​ប៉ា​គី​ស្ថាន​ជម្រុញ​ឱ្យ​ក្រុម​តា​លី​បង់​ចាប់ផ្តើម​ចរចា​សន្តិភាព​ជាមួយរ​ដ្ឋា​ភិ​បាលអា​ហ្វ​ហ្គា​នី​ស្ថាន

0

ប្រទេស​ប៉ា​គី​ស្ថាន​ជម្រុញ​ឱ្យ​ក្រុម​តា​លី​បង់​ធ្វើការ​ពិភាក្សាគ្នា​ជាមួយ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​ន​ស្ថាន​ឲ្យ​បានឆាប់ៗ ដើម្បី​បញ្ចប់​ជម្លោះ​ដែលមាន​រយៈពេល​ជាច្រើន​ទសវត្ស ដោយ​ប្រាប់​មន្ត្រី​ដែល​ចុះទៅ​សួរសុខទុក្ខ​ថា ការសន្ទនា​គ្នា​រវាង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ក្រុម​តា​លី​បង់​នឹង​អាច​ធានាបាន​នូវ​ស្ថេរភាព​នៅក្នុង​តំបន់។

ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​ប៉ា​គី​ស្ថាន​លោក Shah Mahmood Qureshi និង​គណៈប្រតិភូ​តា​លី​បង់​នៅ​ថ្ងៃ​អង្គារ​ធ្វើឡើង​នៅពេលដែល​ដំណើរការ​សន្តិភាព​រប​ស់​ប្រទេស​អា​ហ្គា​ន​ស្ថាន​នៅតែមាន​ការជាប់គាំង​ដោយសារតែ​មានការ​ខ្វែង​គំនិត​គ្នា​លើ​ការដោះដូរ​អ្នកទោស។

លោក Qureshi មានប្រសាសន៍​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ក្រោយពី​បាន​ជួប​ជាមួយគណៈប្រតិភូ​ដឹកនាំ​ដោយ​ប្រធានការិយាល័យ​នយោបាយ​របស់​តា​លី​បង់​គឺ​លោក Mullah Abdul Ghani Baradar ថា៖ “ប្រទេស​ប៉ា​គី​ស្ថាន​ចង់ឃើញ​កិច្ចពិភាក្សា​រវាង​ប្រទេស​អា​ហ្វ​ហ្គា​ន​ស្ថាន​ចាប់ផ្តើម​នៅពេលឆាប់ៗដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិភាព និង​ស្ថេរភាព​ក្នុង​តំបន់។ កិច្ចពិភាក្សា​រវាង​ក្រុម​តា​លី​បង់ និង​គណៈកម្មាធិការ​រ​បស់​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​ន​ស្ថាន​នឹងធ្វើ​ឡើង​នៅ​រដ្ឋធានី Doha ក្រោយពី​មានការ​បញ្ចប់​ការដោះដូរ​អ្នកទោស​រវាង​ភាគី​ទាំងពីរ “។

ប៉ុន្តែ​ការដោះដូរ​ត្រូវបាន​ពន្យារពេល​ដោយមាន​ការខ្វែងគំនិត​គ្នា​រវាង​ក្រុម​តា​លី​បង់ និង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន។ លើសពីនេះ​ក៏មាន​ការព្រួយបារម្ភ​ផងដែរ​អំពី​ការកើនឡើង​នូវ​អំពើហិង្សា​ដែល​អ្នកការទូត​និយាយថា ត្រូវការ​ទំនុកចិត្ត​បន្ថែម​សម្រាប់​កិច្ចពិភាក្សា​នេះ។ រហូតមកដល់​ពេលនេះ ក្រុម​ប្រដាប់អាវុធ​បាន​បដិសេធ​លើ​ការអនុវត្ត​បទ​ឈប់​បាញ់​មុនពេល​មាន​កិច្ចពិភាក្សា​ចាប់ផ្តើម។

លោក Qureshi មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​ថា “យើង​បាន​ពិភាក្សា​លើ​បញ្ហា​ដ៏​ស្មុគស្មាញ និង​វិធី​ទាំងឡាយណា​ដែល​អាចជា​ដំណោះស្រាយ​លើ​បញ្ហា​ទាំងនោះ” ។ ទោះបីជា​មិនទាន់​ច្បាស់​ថា ការកាត់បន្ថយ​អំពើ​ហឹ​ង្សា​ត្រូវបាន​ពិភាក្សា​ក៏ដោយ​អ្នកការទូត​និយាយថា កងកម្លាំង​ប៉ា​គី​ស្ថាន​ដែលជា​អ្នក​នាំមុខគេ​ក្នុង​តំបន់​បាន​ជម្រុញឱ្យមាន​ការកាត់បន្ថយ​អំពើ​ហឹ​ង្សា និង​បើកផ្លូវ​សម្រាប់​កិច្ចចរចា​សន្តិភាព។

កិច្ចប្រជុំ​នៅ​ថ្ងៃ​អង្គារ​នេះ​ក៏មាន​ការចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Faiz Hameed ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​អន្តរ​សេវាកម្ម (ISI) របស់​ប៉ា​គី​ស្ថាន​ផងដែរ។

ក្រុមអ្នកវិភាគ​និយាយថា ភ្នាក់ងារ​ចារកម្ម​ធ្លាប់មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ប្រដាប់អាវុធ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែលមាន​ជាប់ទាក់ទង​នឹង​ការ​លុកលុយ​របស់​សហភាពសូវៀត​មកលើ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ចុង​ទសវត្ស​ឆ្នាំ១៩៨០ និង​បន្ត​អនុវត្ត​ឥទ្ធិពល​មួយចំនួន​លើ​ក្រុម​តា​លី​បង់។

ប៉ុន្តែ​ភាព​តានតឹង​នៅតែមាន​កម្រិត​ខ្លាំង​វ​វាង Islamabad  និង​ទីក្រុង​កា​ប៊ុល​ដោយ​រដ្ឋបាល​របស់លោក​ប្រធានាធិបតី Ashraf Ghani ធ្លាប់បាន​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ចំពោះ​ការចោទប្រកាន់ថា ប្រទេស​ប៉ា​គី​ស្ថាន​ជា​ជម្រក​ផ្តល់​មូលនិធិ និង​ផ្គត់ផ្គង់​ដល់​ក្រុម​តា​លី​បង់។ ប្រទេស​ប៉ា​គី​ស្ថាន ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ចំនួន៣ ដែល​ទទួលស្គាល់​ក្រុម​តា​លី​បង់ នៅពេលដែល​ក្រុម​តា​លី​បង់​គ្រប់គ្រង​ក្នុងប្រទេស​នេះ​នៅ​ចន្លោះ​ឆ្នាំ១៩៩៦ និង​ឆ្នាំ២០០១។ ប្រទេស​ប៉ា​គី​ស្ថាន​បាន​បដិសេធ​ចំពោះ​ការលើកឡើង​នេះ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Aljazeera ផ្សាយ​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here