ប្រទេសអ៊ីស្រាអែល៖ កងកម្លាំងការពារជាតិអ៊ីស្រាអែលនិយាយកាលពីថ្ងៃចន្ទថា យោធាអ៊ីស្រាអែលបានបាញ់ផ្លោងចូលទៅក្នុងទឹកដីប្រទេសលីបង់បន្ទាប់ពីមានការបាញ់គ្រាប់រ៉ូកែតទៅលើទឹកដីភាគខាងជើងប្រទេសអ៊ីស្រាអែល។
កងកម្លាំងការពារជាតិអ៊ីស្រាអែលបានផុសលើបណ្តាញសង្គមធ្វីតធ័រមានខ្លឹមសារថា៖ “ដើម្បីឆ្លើយតប ទៅនឹងការបាញ់គ្រាប់រ៉ូកែតចេញពីប្រទេសលីបង់ទៅលើទឹកដីភាគខាងជើងនៃប្រទេសអ៊ីស្រាអែលពីល្ងាចមិញ កងពលកាំភ្លើងធំនៃកងកម្លាំងការពារជាតិអ៊ីស្រាអែលបានបាញ់ផ្លោងកំណត់គោលដៅទៅលើទីតាំងដែលបានបាញ់គ្រាប់នៅក្នុងប្រទេសលីបង់។”
គ្រាប់រ៉ូកែតដែលបាញ់ចេញពីប្រទេសលីបង់ធ្លាក់ចំទីវាលធំនៅពេលយប់ក្បែរសហគមន៍គីបប៊ុតនៅភាគខាងជើងប្រទេសអ៊ីស្រាអែល ដោយពុំមានរបាយការណ៍បង្ហាញពីការខូចខាត និងរបួសនោះទេ។
ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវសម្រាប់ហេតុការណ៍បាញ់គ្រាប់រ៉ូកែតនោះទេ។
អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែលលោក រ៉េនកូចេវ បានប្រាប់ទៅកាន់វិទ្យុរ៉េសិតបិតថា អ្នកបាញ់គ្រាប់រ៉ូកែតទំនងជាពួប៉ាឡេស្ទីន។
គួរបញ្ជាក់ផងដែរថា ឧបទ្ទវហេតុនេះបានកើតឡើងបន្ទាប់ពីមានភាពតានតឹងលើករណីប៉ះទង្គិចគ្នារវាងប៉ូលិសអ៊ីស្រាអែល និងអ្នកគោរពបូជាប៉ាឡេស្ទីននៅឯព្រះវិហារអាល់អាសានៅភាគខាងកើតទីក្រុងយេរ៉ូសាឡឹម៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន huaxia ចុះផ្សាយថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២