ប្រទេសអ៊ីស្រាអែល៖ ខាងក្រោមនេះគឺជាព្រឹត្តការណ៍ចុងក្រោយគិតត្រឹមម៉ោង១១ និង២៩នាទីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងជម្លោះរវាងប្រទេសអ៊ីស្រាអែល និងរដ្ឋប៉ាឡេស្ទីន៖
គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលបានប្រកាសពីព្រឹត្តការណ៍សង្គ្រាមកាលពីថ្ងៃអាទិត្យបន្ទាប់ពីមានការវាយយ៉ាងចាស់ដៃដ៏គួរឱ្យភ្ញាក់ផ្អើលដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានសម្លាប់ជនស៊ីវិលអ៊ីស្រាអែលយ៉ាងហោចណាស់ ៧០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល ហើយការវាយបកវិញតាមអាកាសរបស់កម្លាំងអ៊ីស្រាអែលសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤១៣នាក់នៅក្នុងតំបន់ហ្កាហ្សា។
ទាហានអ៊ីស្រាអែលបានបន្តការវាយប្រហារតាមអាកាសទៅលើទីតាំងជាច្រើនកន្លែងនៅក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាសកំពុងប្រយុទ្ធជាមួយទាហានអ៊ីស្រាអែលនៅលើទឹកដីនៃប្រទេសអ៊ីស្រាអែល។ លោក ដាញែល ហាហ្ការ៉ី កងកម្លាំងការពារជាតិអ៊ីស្រាអែលបាននិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ានៅតែបន្តគ្រប់គ្រងក្នុងតំបន់មួយចំនួននៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីល្ងាចថ្ងៃអាទិត្យ នៅពេលដែលទាហាននៃកងកម្លាំងការពារជាតិអ៊ីស្រាអែលបានប្រយុទ្ធគ្នាជាមួយពួកគេ។
លោក ហ្សាកា ដែលជាសមាជិកនៃសេវាកម្មសង្គ្រោះអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមសង្រ្គោះបានប្រមូលក្មេងស្រី និងក្មេងប្រុស ដែលនៅសល់ប្រមាណជា ២៦០នាក់ដែលកំពុងចូលរួមនៅក្នុងពិធីបុណ្យណូវ៉ា។ ពិធីបុណ្យណូវ៉ា គឺជាពិធីប្រគំតន្ត្រីនៅតំបន់ដីស្រែជនបទក្បែររបងព្រំដែនរវាងតំបន់ហ្គាហ្សា និងប្រទេសអ៊ីស្រាអែល។
អ្នកចូលរួមក្នុងពីធីបុណ្យជាច្រើននាក់នៅបាត់ខ្លួនមិនទាន់រកឃើញនៅឡើយកាលពីយប់ថ្ងៃអាទិត្យ។ អ្នកប្រើបណ្តាញសង្គមជាច្រើនបានសម្រុកទាក់ទងស្វែងរកសាច់ញាតិ និងមិត្តភក្តិរបស់ពួកគេ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសបានលបវាយឆ្មក់ទៅលើពិធីបុណ្យ និងទៅលើតំបន់ផ្សេងៗទៀតនៅក្នុងតំបន់ ខណៈដែលការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលទៅលើជនស៊ីវិលអ៊ីស្រាអែលមានទាំងការបាញ់គ្រាប់រ៉ូកែតរាប់ពាន់គ្រាប់។
ខាងសហរដ្ឋអាមេរិក
លោក ឡូយ អូស្ទីន រដ្ឋមន្ត្រីការពារជាតិអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា មន្ទីបញ្ចកោណកំពុងតែបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំងជាច្រើនគ្រឿង ទៅភាគខាងកើតតំបន់សមុទ្រមេឌីទែរ៉ាណេដើម្បីបង្ហាញការគាំទ្រដល់ប្រទេសអ៊ីស្រាអែលនៅពេលមានជម្លោះកាន់តែតានតឹងរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។
លោក អូស្ទីន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោកបានដឹកនាំដោយផ្ទាល់នូវក្រុម នាវាចម្បាំង USS Gerald R. Ford Carrier Strike Group ដែលក្នុងនោះមាននាវាដឹកយន្តហោះ នាវាចម្បាំងមីស៊ីល នាវាចម្បាំងបាញ់ទម្លាក់គ្រាប់មីស៊ីលជាច្រើនគ្រឿង ទៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ។
ប្រមុខការពារជាតិបាននិយាយថា “មន្ទីបញ្ចុកោណបានចាត់វិធានការដើម្បីបន្ថែមយន្តហោះច្បាំង Air Force F-35 យន្តហោះច្បាំង F-15 យន្តហោះច្បាំង F-16 និងកងយន្តហោះចម្បាំង១០គ្រឿងទៅកាន់តំបន់ជម្លោះ។ លោកបានបន្ថែមថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់ឱ្យកងកម្លាំងការពារអ៊ីស្រាអែលជាបន្ទាន់នូវឧបករណ៍ និងធនធានបន្ថែម រួមទាំងគ្រាប់បែកជាច្រើនគ្រាប់ផងដែរ។
ចំណែកឯ ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣ បានពិគ្រោះគ្នាជាបន្ទាន់យ៉ាងសម្ងាត់បន្ទាប់ពីមានការវាយប្រហារដ៏ធំទៅលើប្រទេសអ៊ីស្រាអែលដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលកានកាប់នៅក្នុងតំបន់ហ្គាហ្សា។ ក្រុមប្រឹក្សាសន្តិសុខមិនមានធ្វើលិខិតស្នាមអ្វីឡើយ បន្ទាប់ពីកិច្ចប្រជុំសម្ងាត់នោះ។ លោក រ៉ីយ៉ាដ ម៉ានសួរ ឯកអគ្គរដ្ឋទូត
ប៉ាឡេស្ទីននៃអង្គការសហប្រជាជាតិបាននិយាយនៅមុនពេលប្រជុំពិគ្រោះគ្នាដែលថានិទណ្ឌភាពរបស់ប្រទេសអ៊ីស្រាអែល និងអសកម្មអន្តរជាតិគឺត្រូវស្តីបន្ទោសចំពោះស្ថានភាពបច្ចុប្បន្ន។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “វាជាប្រវត្តិសាស្ត្រមួយដ៏គួរឱ្យសោកស្តាយ ដែលប្រព័ន្ធផ្សព្វផ្សាយនិងអ្នកនយោបាយមួយចំនួនបានចាប់ផ្តើមគិតគូ នៅពេលដែលជនជាតិអ៊ីស្រា
អែលជាច្រើននាក់ត្រូវបានសម្លាប់រួចហើយ។ នេះមិនមែនជាពេលវេលាដែលត្រូវទុកឱ្យប្រទេសអ៊ីស្រាអែលធ្លាក់ចុះទ្វេដងលើជម្រើសដ៏គួរឱ្យភ័យខ្លាចរបស់ខ្លួននោះទេ។ នេះគឺជាពេលមួយសម្រាប់ប្រាប់ប្រទេសអ៊ីស្រាអែលថា ប្រទេសអ៊ីស្រាអែលត្រូវផ្លាស់ប្តូរផ្លូវទៅរកសន្តិភាព ដែលទាំងជនជាតិប៉ាឡេស្ទីន និងជនជាតិអ៊ីស្រាអែលមិនត្រូវបានសម្លាប់។”
ប្រទេសបង់ក្លាដែស យោងតាមក្រសួងការប្រទេសបង់ក្លាដែសបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសបង់ក្លាដេសបានផ្តន្ទាទោសលើជម្លោះប្រដាប់អាវុធដែលកំពុងកើតឡើងរវាងប្រទេសអ៊ីស្រាអែល និងប្រទេសប៉ាឡេស្ទីន និងបានសម្តែងការសោកស្តាយចំពោះការស្លាប់និងការរងរបួសនៃជនស៊ីវិលស្លូតត្រង់ជាច្រើននាក់។
មន្ត្រីក្រសួងការប្រទេសបង់ក្លាដែសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេស
បង់ក្លាដែសគូសបញ្ជាក់ថា ការកើនឡើងនៃជម្លោះ និងអំពើហិង្សាមិនបានផ្តល់ផលប្រយោជន៍ដល់ភាគីណាមួយឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារថា “យើងជំរុញដល់ទាំងប្រទេស
អ៊ីស្រាអែល និងប្រទេសប៉ាឡេស្ទីន ប្រឹងអត់ធ្មត់ជាអតិបរមា និងសូមអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ដើម្បីបញ្ចៀសការបាត់បង់ជីវិតជនស្លូតត្រង់បន្ថែមទៀតពីភាគីទាំងសងខាង”។
នៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ប្រទេសបង់ក្លាដែសនៅតែបន្តអះអាងថា ការរស់នៅក្រោមការកាន់កាប់របស់ប្រទេសអ៊ីស្រាអែល និងការតាំងទីលំនៅដោយបង្ខំក្នុងទឹកដីប៉ាឡេស្ទីននឹងមិននាំមកនូវសន្តិភាពនៅក្នុងតំបន់នោះទេ។
ក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា “យ៉ាងណាមិញ ប្រទេសបង់ក្លាដែសគាំទ្រដំណោះស្រាយរវាងរដ្ឋទាំងពីរ រដ្ឋប៉ាឡេស្ទីន និងរដ្ឋអ៊ីស្រាអែល ដោយការរស់នៅក្បែរគ្នាជារដ្ឋឯករាជ្យ គ្មានការកាន់កាប់ ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ២៤២ និងលេខ៣៣៨ ដែលអាចនាំមកនូវសន្តិភាព និងស្ថិរភាពក្នុងតំបន់៕”
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃ១០ ខែតុលា ឆ្នាំ២០២៣