បេសកកម្មរបស់ទីភ្នាក់ងារ IAEA ក្នុងប្រទេសកម្ពុជា រកឃើញថាមានវឌ្ឍនភាពអំពីការរៀបចំសន្តិសុខនុយក្លេអ៊ែរ និងការជំរុញឱ្យមានការកែលម្អជាបន្តបន្ទាប់

0

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានបញ្ចប់បេសកកម្មរបស់ខ្លួនជាអ្នកផ្តល់ប្រឹក្សាដល់ប្រទេសកម្ពុជាដែលផ្តោតលើការវាយតម្លៃទៅលើផ្នែកសន្តិសុខនុយក្លេអ៊ែររបស់ប្រទេស និងសារធាតុវិទ្យុសកម្មផ្សេងទៀតដែលស្ថិតនៅក្រៅពីការគ្រប់គ្រងបទប្បញ្ញត្តិ (MORC)។ ក្រុមការងារនិយាយថា ប្រទេសកម្ពុជាបានអនុវត្តវិធានការជាច្រើនដើម្បីរុករក និងឆ្លើយតបចំពោះឧក្រិដ្ឋកម្ម ឬសកម្មភាពជាច្រើនដែលគ្មានការអនុញ្ញាតដោយចេតនាពាក់ព័ន្ធនឹងសម្ភារៈទាំងនោះ។ បន្ថែមពីនេះ ក្រុមការងារក៏លើកទឹកចិត្តប្រទេសកម្ពុជាឱ្យកែលម្អទៅលើក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិរបស់ខ្លួន រួមទាំងការធ្វើលំហាត់អនុវត្តល្អៗមួយចំនួនផងដែរ។

បេសកកម្មនេះ ដែលបានធ្វើឡើងតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រព្រឹត្តទៅពីថ្ងៃទី ១១ ដល់ថ្ងៃទី ២២ ខែធ្នូ និងមានការចូលរួមពីក្រុមអ្នកជំនាញអន្តរជាតិចំនួនប្រាំបួនដែលមានដូចជា ប្រទេសហ្វាំងឡង់ ហុងគ្រី ជប៉ុន ម៉ារ៉ុក ប៉ាគីស្ថាន សហរដ្ឋអាមេរិក វៀតណាម និងទីភ្នាក់ងារ  IAEA ។ គួរបញ្ជាក់ផងដែរថា នេះ​ជា​បេសកកម្ម​លើក​ទី​ពីរ​សម្រាប់​ប្រទេស​កម្ពុជា។

សម្រាប់បេសកកម្មផ្តល់សេវាកម្មប្រឹក្សាសន្តិសុខនុយក្លេអ៊ែរអន្តរជាតិ (INSServ) មានគោលបំណងជួយរដ្ឋជាច្រើនក្នុងការទប់ស្កាត់ រុករក និងឆ្លើយតបកាន់តែប្រសើរឡើងចំពោះអំពើឧក្រិដ្ឋកម្ម និងចេតនានានាដែលគ្មានការអនុញ្ញាតពាក់ព័ន្ធនឹងនុយក្លេអ៊ែរ ឬសារធាតុវិទ្យុសកម្មផ្សេងទៀត ដែលគេស្គាល់ថាជា MORC ដែលអាចត្រូវបាត់ គេលួច ការបោះចោលមិនត្រឹមត្រូវ ឬ មិន​ត្រូវ​បាន​រក្សា​ទុក​ និង​ចាត់​ចែងអោយបានត្រឹមត្រូវ​។

បេសកកម្មនេះមានគោលបំណងពិនិត្យមើលស្ថានភាពសន្តិសុខនុយក្លេអ៊ែរបច្ចុប្បន្នទាក់ទងនឹងសារធាតុ MORC នៅប្រទេសកម្ពុជា និងការផ្តល់អនុសាសន៍អំពីរបៀបពង្រឹងវាស្របតាមការណែនាំអន្តរជាតិ និងការអនុវត្តដ៏ល្អបំផុត។ ក្រុមការងារបានដឹកនាំកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយមន្ត្រីជាច្រើនរូបមកពីក្រសួងរ៉ែ និងថាមពល អគ្គនាយកដ្ឋានគយ និងរដ្ឋាករ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងអាជ្ញាធរជាតិហាមឃាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម (NACW)

ក្រុមការងារ INSServ បានទៅទស្សនាកំពង់ផែស្វយ័តភ្នំពេញ (PPAP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PPIA) ដើម្បីវាយតម្លៃទៅលើវិធាននៃការរាវរក និងការឆ្លើយតបនៅនឹងកន្លែងតែម្តង។ ក្រុមការងារក៏បានចុះទៅកាន់វិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍របស់ NACW នៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ។

លោក Khammar Mrabit អតីតអគ្គនាយកទីភ្នាក់ងារសន្តិសុខ និងសុវត្ថិភាពនុយក្លេអ៊ែរ និងវិទ្យុសកម្មរបស់ប្រទេសម៉ារ៉ុក និងជាសមាជិកសភាប្រទេសម៉ារ៉ុក និយាយថា “ប្រទេសកម្ពុជាបានបង្កើតមូលដ្ឋានរឹងមាំសម្រាប់របបសន្តិសុខនុយក្លេអ៊ែរដ៏ទូលំទូលាយមួយ ។ យើងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរបស់ប្រទេសកម្ពុជាក្នុងបេសកកម្មនេះ ហើយយើងសង្ឃឹមថាអនុសាសន៍ និងការសំណូមពររបស់យើងនឹងមានប្រយោជន៍សម្រាប់ការកែលម្អបន្ថែមទៀតនាពេលខាងមុខ”។

ក្រុម​ការងារ​​និយាយ​ថា កម្ពុជា​បាន​អនុវត្តនូវ​ធាតុ​ជា​ច្រើន​នៃ​ក្របខ័ណ្ឌ​ច្បាប់ និង​បទប្បញ្ញត្តិ​ទាក់ទង​នឹង MORC។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមការងារក៏ផ្តល់អនុសាសន៍ឱ្យប្រទេសកម្ពុជាបង្កើតច្បាប់នុយក្លេអ៊ែរជាតិ និងផ្តល់សច្ចាប័នលើវិសោធនកម្មនៃអនុសញ្ញាស្តីពីការការពាររូបវន្តនៃសម្ភារៈនុយក្លេអ៊ែរ និងអនុសញ្ញាអន្តរជាតិសម្រាប់ការបង្ក្រាបអំពើភេរវកម្មនុយក្លេអ៊ែរ។ សម្រាប់អនុសាសន៍បន្ថែមទៀតរួមមានការបង្កើតហេដ្ឋារចនាសម្ព័ន្ធជាតិ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលប្រកបដោយនិរន្តរភាព ដើម្បីបង្កើនសមត្ថភាពរាវរក និងការឆ្លើយតបដែលមានស្រាប់របស់ប្រទេសកម្ពុជា។

ការអនុវត្តល្អៗជាច្រើនត្រូវគេកំណត់អត្តសញ្ញាណ រួមទាំងការចាត់ថ្នាក់នៃបទល្មើសនៅក្នុងក្របខ័ណ្ឌច្បាប់របស់ប្រទេស ការស្កេនចាប់វិទ្យុសកម្មនៃកុងតឺន័រនាំចូល និងនាំចេញទាំងអស់នៅកំពង់ផែ PPAP និង PAS ការប្រើប្រាស់កម្មវិធីទូរស័ព្ទ IAEAឈ្មោះ  TRACE (កម្មវិធី Tool សម្រាប់ការជូនដំណឹងវិទ្យុសកម្ម និងការវាយតម្លៃទំនិញ) ក៏ដូចជាការបង្កើតនូវការគ្រប់គ្រងចំណេះដឹង និងវិធានការអភិវឌ្ឍន៍វិជ្ជាជីវៈសម្រាប់បុគ្គលិកដែលមានទំនួលខុសត្រូវលើសុវត្ថិភាពនុយក្លេអ៊ែរ។

លោកស្រី Elena Buglova នាយកផ្នែកសន្តិសុខនុយក្លេអ៊ែរនៃទីភ្នាក់ងារ IAEA មានប្រសាសន៍ថា “យើងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រជាបន្តដល់ប្រទេសកម្ពុជា នៅពេលដែលពួកគេអនុវត្តអនុសាសន៍បេសកកម្ម IAEA INSServ ដើម្បីបង្កើនប្រព័ន្ធរាវរក និងឆ្លើយតបសន្តិសុខនុយក្លេអ៊ែរ និងវិធានការនានាដែលពាក់ព័ន្ធនឹង MORC”

បេសកកម្ម INSServ របស់ទីភ្នាក់ងារ  IAEA គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់ខ្លួនដើម្បីជួយដល់រដ្ឋសមាជិកក្នុងការពង្រឹងរបបសន្តិសុខនុយក្លេអ៊ែររបស់ពួកគេទាក់ទងនឹង MORC ។ ទីភ្នាក់ងារនេះនឹងផ្តល់សេវាកម្មជាច្រើននៅក្នុងតំបន់នេះ រួមមាន ដំបូន្មានរបស់អ្នកជំនាញ ការបណ្តុះបណ្តាល និងការគាំទ្រឧបករណ៍ ដើម្បីជួយរដ្ឋជាសមាជិកការពារប្រឆាំងនឹងឧក្រិដ្ឋកម្ម ឬអំពើដែលគ្មានការអនុញ្ញាតដោយចេតនាពាក់ព័ន្ធនឹងសម្ភារៈទាំងនោះ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា “បេសកកម្ម INSServ លើកទីពីរនេះ នឹងជួយយើងក្នុងការធ្វើឱ្យប្រសើរឡើងនូវរបបសន្តិសុខនុយក្លេអ៊ែររបស់កម្ពុជា ដោយគិតគូរពីការអនុវត្ត និងជំនាញអន្តរជាតិ។ យើងជឿជាក់យ៉ាងមុតមាំថា គ្មានប្រទេសតែមួយអាចដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនៃសន្តិសុខនុយក្លេអ៊ែរក្នុងភាពឯកោបានទេ។ ពិភពលោកដែលមានសុវត្ថិភាពចាប់ផ្តើមដោយកិច្ចសហប្រតិបត្តិការនៃគ្រប់ប្រទេស គ្រប់ទីភ្នាក់ងារ និងបុគ្គលពាក់ព័ន្ធទាំងអស់”។ សម្រាប់សេចក្តីព្រាងនៃការរកឃើញ និងអនុសាសន៍ត្រូវបានដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ហើយរបាយការណ៍ចុងក្រោយនឹងត្រូវបានបង្ហាញក្នុងរយៈពេលប្រហែលបីខែ។

ប្រវត្តិនៃបេសកកម្ម

បេសកកម្មនេះគឺជាបេសកកម្ម INSServ លើកទី 86 ដែលធ្វើឡើងដោយ IAEA ចាប់តាំងពីកម្មវិធីនេះចាប់ផ្តើមក្នុងឆ្នាំ 2006។

បេសកកម្ម INSServ ផ្អែកលើគោលការណ៍ណែនាំរបស់ INSServ ដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំ 2019 ក្នងការជួយរដ្ឋជាច្រើនដើម្បីបង្កើត ថែរក្សា និងពង្រឹងរបបសន្តិសុខនុយក្លេអ៊ែររបស់ពួកគេ ដែលទាក់ទងនឹងនុយក្លេអ៊ែរ និងសារធាតុវិទ្យុសកម្មផ្សេងទៀតក្រៅពីការគ្រប់គ្រងបទប្បញ្ញត្តិ។

បេសកកម្មនេះបានផ្តល់ដំបូន្មានឯករាជ្យលើការអនុវត្តឧបករណ៍អន្តរជាតិ រួមជាមួយនឹងការណែនាំរបស់ទីភ្នាក់ងារ IAEA ស្តីពីការការពារ ការរាវរក និងការឆ្លើយតបចំពោះអំពើឧក្រិដ្ឋ និងចេតនាដែលគ្មានការអនុញ្ញាតពាក់ព័ន្ធនឹងនុយក្លេអ៊ែរ និងសារធាតុវិទ្យុសកម្មផ្សេងទៀតក្រៅពីការគ្រប់គ្រងបទប្បញ្ញត្តិ៕

https://www.iaea.org/newscenter/pressreleases/iaea-mission-to-cambodia-finds-progress-in-nuclear-security-arrangements-encourages-continued-improvement

LEAVE A REPLY

Please enter your comment!
Please enter your name here