ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៦
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយកាលពីថ្ងៃអង្គារអោយដឹងថា ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS កាន់កាប់ប្រជាជនដែលចាត់ទុកជាទាសករប្រមាណជាង ៣,៥០០នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ដែលភាគច្រើននៃប្រជាជនដែលឃុំខ្លួនទាំងនោះជាស្ត្រីនិងកុមារមកពីសហគមន៍យ៉ាហ្ស៊ីឌី (Yazidi) របស់ប្រទេសអ៊ីរ៉ាក់។ របាយការណ៍ដែលចេញជារួមដោយការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិងបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិក្នុងប្រទេសអ៊ីរ៉ាក់បានបញ្ជាក់ថាប្រជាជនប្រមាណជា ៣,៥០០នាក់ “បច្ចុប្បន្នត្រូវឃុំខ្លួនអោយធ្វើជាទាសករ” ដោយក្រុមរដ្ឋអ៊ីស្លាម (IS, ISIS/ISIL) នេះ។ របាយការណ៍បាននិយាយថា “ប្រជាជនទាំងអស់ដែលត្រូវឃុំខ្លួនភាគច្រើនជាស្ត្រីនិងកុមារពីសហគមន៍យ៉ាហ្ស៊ីឌី (Yazidi) និងមួយចំនួនទៀតពីសហគមន៍ផ្សេងៗទៀត”។ របាយការណ៍ក៏បានបញ្ជាក់ថាក្រុមសកម្មប្រយុទ្ធដែលបានគ្រប់គ្រងទឹកដីមួយផ្នែកធំក្នុងប្រទេសជិតខាងប្រទេសស៊ីរីថាបានប្រព្រឹត្តការរំលោភបំពានជាច្រើន “ក្នុងករណីមួយចំនួនដូចជា ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍”។ របាយការណ៍ក៏បានលម្អិតអំពីការសម្លាប់ដោយបាញ់ កាត់ក្បាល ការកិនពីលើ ការដុតទាំងរស់ និងបោះទម្លាក់មនុស្សចេញពីកំពូលនៃអគារខ្ពស់ៗជាដើម។ របាយការណ៍ក៏បានបញ្ជាក់ថាអង្គការសហប្រជាជាតិមានព័ត៌មានទាក់ទងនឹងការសម្លាប់ទាហានកុមារ និងផ្ទៀងផ្ទាត់របាយការណ៍ដែលលើកឡើងថាកុមារពី ៨០០ ទៅ ៩០០ នាក់ក្នុងទីក្រុង Mosul ត្រូវបានចាប់ខ្លួនអោយបំរើយោធានិងសាសនា។ យោងតាមអង្គការសហប្រជាជាតិ ក្រុម IS ជីហាដ បានចាប់ខ្លួនស្ត្រីនិងក្មេងស្រីដែលមានអាយុ ១២ឆ្នាំរាប់ពាន់នាក់សម្រាប់លក់ជាទាសករផ្លូវភេទ ឬសម្រាប់ផ្តល់ឱ្យទៅពួកសកម្មប្រយុទ្ធជារង្វាន់។