ប្រភពព័ត៌មានពី mitv News ចេញផ្សាយថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៦
ប្រទេសកូរ៉េខាងត្បូងបានលើកឡើងជាថ្មីម្ដងទៀតថារដ្ឋាភិបាលទីក្រុងសេអ៊ូល នឹងមិនទទួលស្គាល់ថាប្រទេសកូរ៉េខាងជើងជាប្រទេសមានអាវុធនុយក្លេអ៊ែឡើយ បើទោះជាប្រទេសកូរ៉េខាងជើងបានប្រកាសខ្លួនឯងក្នុងអំឡុងសមាជគណបក្សពលករថាកូរ៉េខាងជើងជាប្រទេសមានអាវុធនុយក្លេអ៊ែរក៏ដោយ។ ការប្រកាសរបស់ទីក្រុងសេអ៊ូលធ្វើឡើងក្រោយពីទីក្រុងព្យុងយ៉ាងអះអាងថានឹងពង្រឹងសមត្ថភាពនុយក្លេអ៊ែរការពារខ្លួនទាំងបរិមាណ និងគុណភាពដែលជាសេចក្ដីសម្រេចធ្វើឡើងក្នុងសមាជគណបក្សពលករដែលជាបក្សកាន់អំណាចក្នុងប្រទេសកូរ៉េខាងជើងដែលទើបធ្វើឡើងម្ដងក្នុងរយៈពេល ៣៦ឆ្នាំ។ សេចក្ដីប្រកាសដែលបញ្ជាក់ខ្លួនឯងថាជារដ្ឋមានអាវុធនុយក្លេអ៊ែរត្រូវបានអនុម័តក្រោមការត្រួតពិនិត្យរបស់គណកម្មការមជ្ឈិមបក្សក្នុងថ្ងៃទី ៣ នៃសមាជគណបក្ស។ លោក មូន សាងយុន អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងនិយាយថាតាមរយៈគោលជំហរដែលស្របតាមសហគមន៍អន្តរជាតិមានន័យថាកូរ៉េខាងត្បូងនឹងមិនទទួលស្គាល់កូរ៉េខាងជើងថាជាប្រទេសមានអាវុធនុយក្លេអ៊ែរឡើយ ហើយរដ្ឋាភិបាលកូរ៉េខាងត្បូងនៅតែបន្តជំរុញដល់កូរ៉េខាងជើងឲ្យលះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនតាមរយៈទណ្ឌកម្ម និងការដាក់សម្ពាធផ្សេងៗ។ សូមបញ្ជាក់ថាប្រទេសកូរ៉េខាងជើងត្រូវបានអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មបន្ថែមទៀតក្រោយពីប្រទេសនេះសាកល្បងនុយក្លេអ៊ែរកាលពីខែ មីនា និងការបាញ់មីស៊ីលកាលពីខែមុន ប៉ុន្តែប្រទេសនេះនៅតែរឹងទទឹងចំពោះការដាក់សម្ពាធទាំងឡាយដោយបន្តធ្វើសកម្មភាពអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល៕