ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៦
ប្រធានាធិបតីទួរគី លោក តាយីប អឺដូហ្គេន និយាយថាប្រទេសទួរគីនឹងចាត់វិធានការដោយខ្លួនឯងដើម្បីដោះស្រាយជាមួយការវាយប្រហារលើទីក្រុងតាមព្រំដែនគីលីស ប្រសិនបើប្រទេសនេះមិនទទួលបានជំនួយពីខាងក្រៅប្រទេសដែលជាសញ្ញាមួយសម្រាប់ទីក្រុងអង់ការ៉ា អាចនឹងមានឆន្ទះក្នុងការធ្វើសកម្មភាពប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមលើទីក្រុងនេះ។ លោកនិយាយនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអន្តរជាតិនៃអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាមក្នុងទីក្រុងអ៊ីស្តង់ប៊ុលថាពួកយើងនឹងដោះស្រាយបញ្ហានេះដោយខ្លូនឯងប្រសិនបើពួកយើងមិនទទួលបានជំនួយក្នុងការការពារគ្រាប់រ៉ូកែតដែលវាយប្រហារនៅក្នុងទីក្រុងគីលីស។ គួរបញ្ជាក់ថាទីក្រុងគីលីសជាទីក្រុងដែលគ្រាន់តែឆ្លងកាត់ព្រំដែនពីតំបន់ដែលគ្រប់គ្រងដោយក្រុមរដ្ឋអ៊ីស្លាមនៃប្រទេសស៊ីរី បានស្ថិតក្រោមការបាញ់គ្រាប់រ៉ូកែតជាញឹកញាប់នៅក្នុងសប្តាហ៍នេះ។ មន្រ្តីទួរគីនិយាយថារដ្ឋាភិបាលទីក្រុងអង់ការ៉ាត្រូវការជំនួយបន្ថែមទៀតពីក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកក្នុងការការពារតាមព្រំដែនរបស់ខ្លួន៕