រដ្ឋាភិបាលអង់គ្លេសបានឱ្យដឹងថា មានការគំរាមកំហែងខ្ពស់នៃការវាយប្រហារប្រឆាំងជនបរទេសនៅក្នុងផ្សារទំនើបនៅ ប្រទេសអាហ្វ្រិកខាងត្បូង។ ការព្រមាននេះ ចាត់ទុកតំបន់ផ្សារទំនើបនៅ មជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុង ចូហាននិសបឺច និងទីក្រុង ខេបថោន ដែលត្រូវបាន គេចាត់ទុកជាទីក្រុងទេសចរណ៍របស់ប្រទេសអាហ្វ្រិកខាងត្បូង ជាតំបន់គោលដៅសំខាន់ក្នុងការវាយប្រហារដែលបានគ្រោងទុកគួរឱ្យសង្ស័យ។ ប្រទេសអាហ្វ្រិកខាងត្បួង មានប្រជាជនជនបរទេស និងភ្ញៀវទេសចរ យ៉ាងច្រើន ប៉ុន្តែកម្រត្រូវបានផ្សារភ្ជាប់ជាមួយក្រុមសកម្មប្រយុទ្ធអ៊ិស្លាមនិយម។ កាលពីថ្ងៃសៅរ៍ សហរដ្ឋអាមេរិកបានព្រមានពលរដ្ឋរបស់ខ្លួនពីការវាយប្រហារដែលអាចធ្វើបានដោយក្រុមសកម្មប្រយុទ្ធអ៊ិស្លាមនិយម នៅលើអាគារ ឬ ផ្សារទំនើប របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ក្នុងអំឡុងពេលបុណ្យរ៉ាម៉ាដាន។ ដោយឡែក រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបាននិយាយថាប្រទេសខ្លួនមានសុវត្ថិភាព បន្ទាប់ពីការព្រមានរបស់សហរដ្ឋអាមេរិក។ វាមិនច្បាស់ទេថា មូលហេតុអ្វីដែលបានបង្កឱ្យមានការព្រមានជាបន្ទាន់នេះ។ គួរបញ្ជាក់ថា មិនមានក្រុមសកម្មប្រយុទ្ធដែលគេស្គាល់ប្រតិបត្តិការនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងនោះទេ វាមានតែ ប្រជាជនម៉ូស្លីមមួយចំនួនតូចប៉ុណ្ណោះ។