ជនភៀសខ្លួនដែលព្យាយាមចាកចេញពីទីក្រុងហ្វាលូចា ( Fallujah ) ដែលកាន់កាប់ដោយក្រុមឧទ្ទាម ISIS បន្ទាប់ពីកងទ័ពអ៊ីរ៉ាក់បើកការវាយប្រហារវាយដណ្តើមក្រុងមកវិញនោះ បាននិយាយថា ពួកគេត្រូវរស់ដោយភាពស្រេកឃ្លានលុះត្រាតែពួកគេសុខចិត្តចូលបំរើក្នុងក្រុមនោះពួកគេនឹងទទួលបានការផ្គត់ផ្គង់អាហារ។ ក្រុមរដ្ឋអ៊ីស្លាម IS បានកាន់កាប់ទីក្រុងបុរាណ Fallujah នេះចាប់តាំងពីខែឧសភាឆ្នាំ ២០១៤។ នៅពេលដែលប្រជាជននៅក្នុងទីក្រុង Fallujah ខ្វះខាតស្បៀងអាហារ សមាជិកនៃក្រុមភេរវកម្មនេះទៅកាន់គេហដ្ឋាននីមួយៗដោយសន្យានឹងផ្គត់ផ្គង់ម្ហូបអាហារប្រសិនបើគ្រួសារនោះយល់ព្រមចូលរួមជាមួយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមនេះ។ គួរបញ្ជាក់ផងដែរថា ប្រជាជនមិនមានលទ្ធភាពក្នុងការទិញម្ហូបអាហារពីក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមចាប់តាំងពីរដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់ឈប់បើកប្រាក់ខែតាំងពីឆ្នាំមុន នៅពេលដែលទីក្រុងហ្វាលូចា និងបណ្តាទីក្រុងផ្សេងៗទៀតនៅក្នុងតំបន់ធ្លាក់ទៅក្នុងការកាន់កាប់របស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមនេះ។