រដ្ឋាភិបាល អ៊ីរ៉ាក់ ប្រកាសថា ពុំមានជីវពលរដ្ឋឥស្លាម នៅក្នុងទីក្រុង ហ្វាលូចា តទៅទៀតឡើយ

0

ប្រភពព័ត៌មានពី washingtonpost ចេញផ្សាយថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦

សង្កាត់ចុងក្រោយក្នុងទីក្រុង ហ្វាលូចា ត្រូវបានរំដោះ ជាអ្វីដែលបញ្ជាក់ថា ទីក្រុង ហ្វាលូចា ដែលជាមូលដ្ឋានធំបំផុតទីពីររបស់ក្រុមរដ្ឋឥស្លាមប្រចាំក្នុងប្រទេស អ៊ីរ៉ាក់ ស្ថិតក្រោមការគ្រប់គ្រងរបស់ទាហានរដ្ឋាភិបាល អ៊ីរ៉ាក់ ទាំងស្រុង ហើយមេបញ្ជាការដឹកនាំប្រតិបត្តិការរំដោះទីក្រុង ហ្វាលូចា បានប្រកាសជោគជ័យទាំងស្រុងក្នុងប្រតិបត្តិការដែលចាប់ផ្ដើមកាលពីថ្ងៃទី 23 ឧសភា ។ ទាហាន អ៊ីរ៉ាក់ បានចូលដល់កណ្ដាលទីក្រុង ហ្វាលូចា កាលពីសប្ដាហ៍មុន ប៉ុន្តែជីវពលរដ្ឋឥស្លាម នៅលាក់ខ្លួនក្នុងសង្កាត់មួយចំនួន ដែលទាមទារឲ្យមានការបោសសម្អាតរយៈពេលជាច្រើនថ្ងៃ ។ កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រតិបត្តិការបោសសម្អាតនេះបានបញ្ចប់ ដោយបានសម្លាប់ ចាប់ខ្លួន ក្រុមជីវពលរដ្ឋឥស្លាម និងមួយចំនួនរត់ភៀសខ្លួនចេញពីទីក្រុង ។ ប្រតិបត្តិការរំដោះទីក្រុង ហ្វាលូចា គឺជាផ្នែកមួយនៃការរំដោះទីតាំងជាច្រើនដែលក្រុមរដ្ឋឥស្លាមដណ្ដើមពីទាហាន អ៊ីរ៉ាក់ ចាប់តាំងពីឆ្នាំ 2014 ក្រោមជំនួយពីយន្តហោះរបស់ក្រុមចម្រុះដឹកនាំដោយអាមេរិក ។ ជោគជ័យក្នុងទីក្រុង ហ្វាលូចា មានសារសំខាន់សម្រាប់យុទ្ធនាការឈានទៅរកការរំដោះមូលដ្ឋានធំបំផុតរបស់ក្រុមរដ្ឋឥស្លាមក្នុងប្រទេសអ៊ីរ៉ាក់ គឺទីក្រុង មូស៊ុល ។

Untitled