ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៦
ភាគច្រើននៃប្រជាពលរដ្ឋសហភាពអឺរ៉ុបជឿថាក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS នឹងបន្តការគំរាមកំហែងធ្ងន់ធ្ងរមកលើតំបន់អឺរ៉ុបក្នុងរយៈពេល៥ឆ្នាំទៀត ហើយការវាយប្រហារដូចនៅប៉ារីសកាលពីខែ វិច្ឆិកា ឆ្នាំ២០១៥ អាចកើតឡើងជាថ្មីម្តងទៀត នេះបើយោងតាមការស្ទង់មតិថ្មីៗ។ យោងតាមការស្ទង់មតិ ៣៦ភាគរយឆ្លើយថា “វាទំនងពិតជាអាច” ថាការវាយប្រហារដូចនៅទីក្រុងប៉ារីសអាចកើតឡើងនៅក្នុងប្រទេសរបស់ពួកគេ។ ហើយ៥០ភាគរយទៀតជឿថាការវាយប្រហារបែបនេះ “ទំនងជា” អាចកើតឡើង។ មានតែ១៣ភាគរយទេដែលគិតថាការវាយប្រហាររបស់ក្រុមឧទ្ទាម IS នឹងមិនកើតឡើងក្នុងតំបន់អឺរ៉ុបនាពេលអនាគតឆាប់ៗនោះទេ។ តំបន់អឺរ៉ុបនៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីមានការវាយប្រហារភេរវកម្មថ្មីៗនៅក្នុងប្រទេសបារាំង និងប្រទេសបែលហ្ស៊ិកដែលសម្លាប់ជិវិតមនុស្សប្រមាណជា ១៨០នាក់នោះ។ របាយការណ៍ជាច្រើនលើកឡើងថាក្រុមឧទ្ទាម IS កំពុងរៀបចំផែនការដើម្បីវាយប្រហារទីក្រុងនានានៅក្នុងអឺរ៉ុបក្នុងឆ្នាំនេះ៕