ការវាយប្រហាររបស់ពួកតាលីបង់ជាបន្តបន្ទាប់បានសម្លាប់មនុស្សយ៉ាងហោចណាស់១៦នាក់នៅទីក្រុងកាប៊ុល

0

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៧

ការវាយប្រហារដោយធ្វើអត្តឃាត២លើកបានកើតឡើងនៅពេលថ្ងៃត្រង់ម៉ោងក្នុងស្រុក (០៧:៣០ GMT) កាលពីថ្ងៃពុធដោយបានកំណត់ទិសដៅនៅស្ថានីយ៍ប៉ូលិសមួយ និងការិយាល័យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មួយ។ អ្នកនាំពាក្យរបស់ពួកតាលីបង់លោក Zabihullah Mujahid អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ ការវាយប្រហារលើកដំបូងកាលពីថ្ងៃពុធបានចាប់ផ្តើមនៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តមួយបានបំផ្ទុះគ្រាប់បែករបស់គាត់នៅខាងក្រៅស្ថានីយប៉ូលិសដែលនៅក្បែរកន្លែងហ្វឹកហ្វឺនយោធាស្ថិតនៅភាគខាងលិចនៃទីក្រុងនេះ។ បន្ទាប់មកមានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះខ្លួនឯងនៅខាងក្រៅទីភ្នាក់ងារស៊ើបការណ៍របស់អាហ្វហ្គានីស្ថានដែលស្ថិតនៅភាគខាងកើតទីក្រុងកាប៊ុល។ ដំបូងក្រុមមន្រ្តីប៉ូលិសបានឲ្យដឹងថាមានមនុស្ស៣នាក់ស្លាប់នៅក្នុងការវាយប្រហារនេះ ប៉ុន្តែរហូតមកដល់ថ្ងៃនេះតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់១៦នាក់ស្លាប់ និង៤៤នាក់រងរបួស។ ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីពួកតាលីបង់សម្លាប់ប៉ូលិស១២នាក់នៅក្នុងខេត្ត Helmand ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន៕