គេហទំព័រ Wikileaks ទម្លាយឯកសារសម្ងាត់រាប់ពាន់ពាក់ព័ន្ធនឹង “សមត្ថភាពចូលលួចទិន្នន័យទាំងអស់របស់ CIA”

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៧

គេហទំព័រ WikiLeaks ប្រកាសថាខ្លួននឹងចាប់ទម្លាយឯកសារសម្ងាត់ចំបាច់ធំបំផុតរាប់ពាន់របស់ទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក CIA ពាក់ព័ន្ធទៅនឹងការលួចទិន្នន័យក្នុងទូរស័ព្ទឆ្លាតវៃជាច្រើន និងកម្មវិធីបណ្តាញសង្គមសម្រាប់ផ្ញើសារដ៏ពេញនិយមជាច្រើនដូចជា WhatsApp។ ឯកសារសម្ងាត់សរុបចំនួន៨,៧៦១ បានបង្ហាញជាសាធារណៈដែលជាផ្នែកមួយនៃ “Year Zero” ជាផ្នែកដំបូងនៃលំដាប់ព័ត៌មានដែលបែកធ្លាយពីទីភ្នាក់ងារសម្ងាត់ដែលអង្គការទំលាយការសម្ងាត់នេះហៅថា Vault 7។​ ក្នុងសេចក្តីថ្លែងការណ៍របស់គេហទំព័រ WikiLeaks និយាយថា “Year Zero” បានទម្លាយលម្អិតពាក់ព័ន្ធកម្មវិធីលួចទិន្នន័យសម្ងាត់ជាសកលរបស់ទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក CIA ដែលក្នុងនោះវាបានប្រឆាំងនឹងផលិតផលជាច្រើនរបស់អាមេរិក និងអឺរ៉ុបក្នុងនោះរួមមាន Windows របស់ក្រុមហ៊ុន Microsoft ផលិតផល iPhone របស់ក្រុមហ៊ុន Apple ផលិតផល Android របស់ក្រុមហ៊ុន Google និងទូរទស្សន៍ Samsung បំលែងទៅជាមេក្រូ។ យោងតាមការចុះផ្សាយឯកសារសម្ងាត់សំខាន់រាប់ពាន់នេះ ឧបករណ៍ Mobile Devices Branch (MDB) របស់ទីភ្នាក់ងារសម្ងាត់ CIA​ បានអភិវឌ្ឍ Tools និង Systems ជាច្រើនដើម្បីចូលលួចទិន្នន័យសម្ងាត់ក្នុងទូរស័ព្ទឆ្លាតវៃដែលពេញនិយម និងធ្វើការបញ្ជាពីចម្ងាយឱ្យទូរស័ព្ទឆ្លាតវៃទាំងនោះបញ្ជូនទិន្នន័យ ទីតាំង ការទំនាក់ទំនងជាសំឡេង និងអក្សរផងដែរ។ កាមេរ៉ា និងមេក្រូរបស់ទូរស័ព្ទឆ្លាតវៃក៏គេអាចលួចធ្វើសកម្មភាពពីចម្ងាយបានដូចគ្នា។ ការប្រើប្រាស់ Tools និងបច្ចេកទេសចូលលួចទិន្នន័យនេះអនុញ្ញាតឱ្យទីភ្នាក់ងារ CIA លួចចូលក្នុងកម្មវិធីបណ្តាញសង្គមជាច្រើនដូចជា WhatsApp, Signal, Telegram, Weibo, Confide និង Cloackman មុនពេល Encryption ទិន្នន័យនេះបើយោងតាមការអះអាងរបស់ WikiLeaks នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅលើគេហទំព័រ។ យោងទៅតាមត្រាពេលវេលារបស់ទីភ្នាក់ងារសម្ងាត់ CIA នៅលើឯកសាររាប់ពាន់នេះបង្ហាញថាកាលបរិច្ឆេទគឺនៅនៅចន្លោះឆ្នាំ២០១៣ និង២០១៦។ នៅក្នុងការវិភាគរបស់ Wikileaks ទៅលើ “Year Zero” បានលម្អិតអំពីបច្ចេកទេសមួយដែលមានឈ្មោះថា “Weeping Angel” ដែលអាចបំលែងទិន្នន័យរបស់ទូរទស្សន៍ឆ្លាតវៃទៅលើមេក្រូបាន។ ការវាយប្រហារប្រឆាំងទៅនឹងទូរទស្សន៍របស់ក្រុមហ៊ុន Samsung ពួកគេប្រើប្រាស់បច្ចេកទេស “Weeping Angel” ជាមួយនឹង MI៥ តាមរយៈ “Fake-Off” Mode ដែលអាចកត់ត្រាការសន្ទនាបានបើទោះបីជាឧបករណ៍នេះបិទក៏ដោយ៕