នាវាចម្បាំងអាម៉េរិកកំពុងធ្វើដំណើរក្បែរកោះក្នុងសមុទ្រចិនខាងត្បូងដែលទាមទារដោយទីក្រុងប៉េកាំង

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៧

បើទោះបីជារដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងការដោះស្រាយទៅលើកម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងក៏ដោយកាលពីថ្ងៃអង្គារទី១០ ខែតុលានេះ មន្ត្រីអាមេរិក៣រូបប្រាប់ទៅកាន់សារព័ត៌មានរ៉យទ័រថានាវាពិឃាតរបស់កងនាវាចរអាមេរិកមួយគ្រឿងធ្វើដំណើរក្បែរប្រជុំកោះដែលអះអាងដោយប្រទេសចិនថាជាដែនសមុទ្រចិនខាងត្បូង។ ប្រតិបត្តិការនេះគឺជាការប៉ុនប៉ងចុងក្រោយបំផុតដើម្បីប្រឆាំងនឹងអ្វីដែលក្រុងវ៉ាស៊ីនតោនមើលឃើញថាជាការខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការកំណត់នូវសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងដែនទឹកយុទ្ធសាស្រ្ត។ ប៉ុន្តែនេះមិនមែនជាការបង្កហេតុដូចសកម្មភាពមុនៗដែលត្រូវធ្វើឡើងចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីកាលពីខែមករានោះទេ។ ក្រុមមន្រ្តី (អនាមិក) និយាយថា នាវាពិឃាតឈ្មោះថា Chafee អនុវត្តប្រតិបត្តិការធម្មតាដើម្បីប្រឆាំងទៅនឹង “ការទាមទារដែនសមុទ្រហួសកម្រិត” នៅជិតកោះប៉ារ៉ាសែល (Paracel) ក្នុងចំណោមប្រជុំកោះតូចៗ ថ្មប៉ប្រះទឹក និងឆ្នេរសមុទ្រក្នុងខណៈដែលប្រទេសចិនមានជម្លោះដែនដីជាមួយប្រទេសជិតខាងរបស់ខ្លួន។ នៅខែក្រោយនេះ លោក ត្រាំ នឹងធ្វើដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទ្វីបអាស៊ីដោយរួមទាំងការឈប់នៅក្នុងប្រទេសចិនដែលលោកត្រូវដាក់សម្ពាធឱ្យធ្វើអ្វីបន្ថែមទៀតដើម្បីទប់ស្កាត់ប្រទេសកូរ៉េខាងជើង។ គួរបញ្ជាក់ផងដែរថាប្រទេសចិនគឺជាអ្នកជិតខាង និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងជើង។ កាលពីខែសីហានៅពេលនាវាពិឃាតរបស់កងនាវាចរអាមេរិកចូលមកក្នុងចម្ងាយ១២ម៉ាយល៍នៅកោះសិប្បនិម្មិតដែលកសាងឡើងដោយប្រទេសចិននៅក្នុងសមុទ្រចិនភាគខាងត្បូងនោះ។ កាលពីថ្ងៃអង្គារក្រុមមន្រ្តីនិយាយថានាវាពិឃាតបើករំកិលមកជិតប៉ុន្តែមិនស្ថិតនៅក្នុងជួរកោះនោះទេ។ ការកំណត់ដែនដី១០ម៉ាយល៍គឺជាការទទួលស្គាល់ជាអន្តរជាតិ ដូចនេះការបើកសំដៅចូលទៅក្នុងប្រជុំជួរកោះនោះមានន័យថាសហរដ្ឋអាមេរិកមិនទទួលស្គាល់ការទាមទារទឹកដីរបស់ប្រទេសចិននោះទេ។ មន្ទីរបញ្ចកោណមិនធ្វើអត្ថាធិប្បាយដោយផ្ទាល់លើប្រតិបត្តិការនេះទេ ប៉ុន្តែនិយាយថាសហរដ្ឋអាមេរិកអនុវត្តប្រតិបត្តិការសេរីខាងនាវាចរណ៍ជាទៀងទាត់ហើយនឹងបន្តធ្វើដូច្នេះទៀត។ កាលពីអតីតកាលប្រទេសចិនក៏ជំទាស់ទៅនឹងប្រតិបត្តិការរបស់អាមេរិកបែបនេះផងដែរដោយនិយាយថាទង្វើររបស់ពួកគេធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន។ ការអះអាងរបស់ប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូងដែលឆ្លងកាត់ការជួញដូរតាមនាវាមានតម្លៃដល់ទៅ៥ពាន់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនោះត្រូវជំទាស់ដោយប្រទេសប្រ៊ុយណេ ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន តៃវ៉ាន់ និងប្រទេសវៀតណាម។ សហរដ្ឋអាមេរិកនិយាយថា ខ្លួនចង់ឃើញការចូលរួមកាន់តែច្រើននៅក្នុងប្រតិបត្តិការដឹកជញ្ជូនដោយសេរីនៅក្នុងដែនសមុទ្រចិនភាគខាងត្បូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here