ប្រភពព័ត៌មាន ពី RT ចេញផ្សាយថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩
យោងតាមប្រភពរបាយការណ៍ថ្មីមួយបង្ហាញឱ្យដឹងថា ក្រុមអ្នកបើកយន្តហោះរបស់ទួរគីអាចនឹងត្រូវគេដកចេញពីការចូលរួមក្នុងវគ្គវិធីបណ្តុះបណ្តាលយន្តចម្បាំង F-៣៥ ដោយសារទីក្រុង វ៉ាស៊ីនតោនចង់បង្ខំឱ្យប្រទេសសម្ព័ន្ធមិត្តណាតូដកខ្លួនចេញពីកិច្ចព្រមព្រៀងទិញប្រព័ន្ធការពារដែនអាកាស S-៤០០ ពីប្រទេសរុស្ស៊ី។
ប្រភពព័ត៌មានអនាមិកចំនួនពីរប្រាប់ភ្នាក់ងារ Reuters នៅថ្ងៃអង្គារថា អាមេរិកកំពុងពិចារណាយ៉ាងហ្មត់ចត់អំពីការផ្អាកការហ្វឹកហ្វឺនយន្តហោះចម្បាំង F-៣៥ របស់ប្រទេសទួរគី ដោយមិនបញ្ជាក់លម្អិតថា ការសម្រេចចិត្តនេះធ្វើរួច ឬនៅទេ។ ថ្មីៗនេះមានអាកាសយានិកទួរគីចំនួន ៤នាក់ និងបុគ្គលិកយោធាចំនួន ៤៧នាក់ឈរជើងនៅមូលដ្ឋានទ័ពអាកាស Luke ក្នុងរដ្ឋ Arizona ជាទីដែលពួកគេទទួលបានវគ្គបង្រៀនអំពីរបៀបគ្រប់គ្រងយន្តហោះបំបាំងកាយជំនាន់ទីប្រាំ។
ទោះបីជាយ៉ាងណាក៏ដោយក្រុងអង់ការ៉ាក៏មានវគ្គហ្វឹកហ្វឺនយោធារបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីដើម្បីប្រើប្រាស់ប្រព័ន្ធការពារអា កាស S-៤០០ ដែលជាប្រព័ន្ធដំបូងនឹងបញ្ជូនទៅកាន់ប្រទេសទួរគីនៅរដូវក្តៅ។ រដ្ឋាភិបាលរបស់ប្រធានាធិបតី Recep Erdogan អះអាងថា លោកត្រូវការយន្តចម្បាំង F-៣៥ និងប្រព័ន្ធ S-៤០០របស់ប្រទេសរុស្ស៊ីដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួននៅក្នុងតំបន់មានបញ្ហា។
ទោះជាយ៉ាងណា សហរដ្ឋអាមេរិកកំពុងព្យាយាមប្រើយុទ្ធសាស្ត្របង្ខំឱ្យក្រុងអង់ការ៉ាដកកិច្ចព្រមព្រៀងទិញប្រព័ន្ធការពារតម្លៃ ២,៥ ពាន់លានដុល្លារជាមួយទីក្រុងម៉ូស្គូ។ ប្រទេសទួរគីបញ្ជាទិញយន្តចម្បាំង F-៣៥ ចំនួន ១០០ គ្រឿង និងនៅតែបន្តអះអាងថា ត្រូវតែមានការដឹកជញ្ចូនប្រគល់យន្តចម្បាំង ចាប់តាំងពីទីក្រុងអង់ការ៉ាវិនិយោគទឹកប្រាក់ចំនួន ១,២៥ពាន់លានដុល្លារទៅក្នុងការផលិតផ្នែកខ្លះនៃគ្រឿងយន្តហោះដូចស្លាប ហ្គាសម្រាប់ចត និងផ្ទាំងសម្រាប់បង្ហាញការបើកបររបស់យន្ដហោះ។
ដោយអះអាងថា ដៃគូដ៏ល្អរបស់ណាតូគួរតែទិញអាវុធពីសហរដ្ឋអាមេរិកនោះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនប្រកាសបញ្ឈប់ការបញ្ជូនឧបករណ៍ផលិតយន្តចម្បាំង F-៣៥ ទៅឱ្យប្រទេសទូរគីនៅចុងខែមីនា។ នៅសប្ដាហ៍មុនក្រុងអង់ការ៉ា និយាយថា ពួកគេកំពុងរៀបចំដើម្បីទទួលទណ្ឌកម្មដ៏មានសក្តានុពលពីសហរដ្ឋអាមេរិកខណៈដែលក្រុងវ៉ាស៊ីនតោនកំពុងគំរាមកំហែងដាក់ទណ្ឌកម្មក្រោមច្បាប់ទណ្ឌកម្ម (CAATSA) ។
ក្រុមហ៊ុន Lockheed Martin បញ្ជូនយន្តចម្បាំង F-៣៥ ចំនួនពីរគ្រឿងទៅឱ្យប្រទេសទួរគីនៅខែមិថុនាឆ្នាំមុន និងពីរគ្រឿងបន្ថែមទៀតនៅខែមេសានេះ ប៉ុន្តែយន្តហោះនៅតែមិនទាន់ចាកចេញពីទឹកដីសហរដ្ឋអាមេរិក។ ក្រុងអង់ការ៉ាសង្ឃឹមថា នឹងមានការដឹកយន្ដចម្បាំងដល់ មូលដ្ឋានអាកាសម៉ាឡាតាក្នុងប្រទេសទួរគីនៅខែវិច្ឆិកា។