ប្រភពព័ត៌មាន TASS ផ្សាយថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩
លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃពុធថា ប្រទេសរុស្ស៊ី និងប្រទេសកម្ពុជាកំពុងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងគ្រប់វិស័យទាំងអស់ និងចូលរួមយ៉ាងសកម្មក្នុងឆាកសកលរួមទាំងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងការគំរាមកំហែងតាមអ៊ីនធឺណិត។ អ្នកការទូតលើកឡើងថា “រុស្ស៊ី និងកម្ពុជាកំពុងអនុវត្តវិធីសាស្រ្តរួមមួយចំពោះដំណោះស្រាយបញ្ហាភាគច្រើនលើរបៀបវារៈអន្ដរជាតិអនុលោមទៅតាមគោលការណ៍នៃការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់បណ្តារដ្ឋអធិបតេយ្យភាព មិនទទួលយកបញ្ហាស្តង់ដារពីរក្នុងទំនាក់ទំនងអន្តរជាតិ និងមិនអាចទទួលយកបានចំពោះការផ្តួល រដ្ឋាភិបាលក្រៅច្បាប់តាមរយៈ “បដិវត្តពណ៌” ដែលទទួលឥទ្ធិពលមកពីខាងក្រៅ”។ បច្ចុប្បន្ន ទីក្រុងម៉ូស្គូ និងទីក្រុងភ្នំពេញកំពុងពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទាក់ទងនឹងលក្ខខណ្ឌថ្មី និងការពិតរបស់អន្តរជាតិ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូយោធាកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាប្រធានមជ្ឈមណ្ឌលប្រឆាំងអំពើភេរវកម្មថ្នាក់ជាតិទៅកាន់ប្រទេសរុស្ស៊ីដែលប្រព្រឹត្តទៅក្នុងខែមីនា ភាគីទាំងពីរពិភាក្សាអំពីតួនាទីរបស់ខ្លួនលើបញ្ហាសំខាន់ៗទាំងអស់។ ឯកអគ្គរដ្ឋទូតរុស្ស៊ីមានប្រសាសន៍ថា ការពិគ្រោះយោបល់ផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមបរិបទចាស់ និងថ្មីចំពោះសន្តិសុខ រួមទាំងបញ្ហាអំពើភេរវកម្មតាមអ៊ីនធឺណេត។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
លោក Tsvetkov បញ្ចាក់ថា ពាណិជ្ជកម្មរវាងប្រទេសរុស្ស៊ី និងប្រទេសកម្ពុជានៅឆ្នាំ២០១៨កើនឡើង ២១,៥ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុនដែលមានចំនួនលើស ២០២លានដុល្លារអាមេរិក។ លោកគូសបញ្ជាក់បន្ថែមថា “មានក្រុមហ៊ុនរបស់ប្រទេសរុស្ស៊ីកាន់តែច្រើន ដែលមានចំណាប់អារម្មណ៍ក្នុងការចូលទីផ្សារកម្ពុជាឱ្យបានឆាប់រហ័ស”។ លោកបន្ថែមថា “សហគ្រាសក្នុងតំបន់ត្រៀមខ្លួនដើម្បីបង្កើនការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសរុស្ស៊ី” ។ ជាមួយនឹងការបន្ថែមគុណតម្លៃ និងធ្វើពាណិជ្ជកម្មទៅវិញទៅមក (កំណើននៃសកម្មភាពវិនិយោគខ្ពស់)ដោយប្រទេសរុស្ស៊ី និងកម្ពុជាមានចំណាប់អារម្មណ៍ដូចគ្នានៅតែជាកិច្ចការសំខាន់។
ការពង្រឹងក្របខ័ណ្ឌច្បាប់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី
បេសកជនរុស្ស៊ីចង្អុលបង្ហាញថា រយៈពេលចុងក្រោយនៃកិច្ចសហប្រតិបត្តិការរវាងក្រុងម៉ូស្គូនិងរាជធានីភ្នំពេញត្រូវបានកត់សម្គាល់ដោយមានការច្របាច់បញ្ចូលគ្នានៃក្របខណ្ឌច្បាប់ទ្វេភាគី។ នៅឆ្នាំ២០០៥ ដល់ឆ្នាំ២០១៤ កិច្ចព្រមព្រៀងរវាងប្រទេសរុស្ស៊ី និងកម្ពុជាចំនួន១៧ ចុះហត្ថលេខាក្នុងអំឡុងពេលប្រាំឆ្នាំចុងក្រោយនេះ ដោយភាគីទាំងអស់ចុះហត្ថលេខាលើឯកសារទ្វេភាគីចំនួន៤៥ ច្បាប់ដែលគ្របដណ្តប់ស្ទើរតែគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋទាំងពីរ។ “ក្នុងចំណោមឯកសារដែលចុះហត្ថលេខាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានកិច្ចព្រមព្រៀងនិងអនុស្សរណៈគ្រប់គ្រងកិច្ចសហប្រតិបត្តិការក្នុងវិស័យទំនាក់ទំនងពីចម្ងាយ ការប្រយុទ្ធប្រឆាំងនឹងការលាងលុយ ការគាំទ្រដល់ការវិនិយោគ ការអភិវឌ្ឍជាដៃគូក្នុងការការពារសុខភាពវប្បធម៌ កីឡា និងប្រព័ន្ធផ្សព្វផ្សាយដ៏ធំ និងការច្របាច់បញ្ចូលគ្នានៃកិច្ចសហប្រតិបត្តិការនៅកម្រិតអន្តរសភា” នេះបើយោងតាមការរាយការណ៍របស់លោក Tsvetkov។
កិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិល
បេសកជនរូបនេះបន្តថា ប្រទេសរុស្ស៊ី និងកម្ពុជាកំពុងតែជំរុញ និងពង្រីកចំណងទំនាក់ទំនងរវាងសង្គមស៊ីវិលរបស់ពួកគេ។ អ្នកកាទូតមានប្រសាសប៍ថា “យើងមើលឃើញថា ចំណាប់អារម្មណ៍ និងកិច្ចសហប្រតិបត្តិការ និងការសិក្សាភាសារុស្ស៊ី ដែលយើងគាំទ្រយ៉ាងពេញលេញបង្ហាញខ្លួនឡើងវិញនៅក្នុងប្រទេសកម្ពុជា ហើយកំពុងតែមានភាពរីកចម្រើនជារៀងរាល់ថ្ងៃ ជាពិសេសយើងនឹងបន្តបន្ថែមកម្មវិធីអាហារូបករណ៍ដល់និស្សិតកម្ពុជា រួមទាំងផ្តល់ការគាំទ្រចំពោះទំនាក់ទំនងរវាងប្រជាជន និងរំលឹកនូវចំណងមិត្តភាពរបស់យើងមកវិញ”។ ការបង្កើតទំនាក់ទំនងដោយផ្ទាល់ និងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិម៉ូស្គូ (MGIMO) និងវិទ្យាស្ថានជាតិនៃទំនាក់ទំនងការទូត និងទំនាក់ទំនងអន្តរជាតិរបស់កម្ពុជាគឺជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ចុងក្រោយបំផុត។ លោក Tsvetkov មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាប្រវត្តិសាស្រ្តអំពីទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងកម្ពុជាក្នុងការរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរបន្ថែមទៀត។ ឯកអគ្គ រដ្ឋទូតធ្វើសេចក្តីសរុបថា “យើងត្រូវបន្ថែមការផ្លាស់ដល់ប្តូរនិស្សិត និងទំនាក់ទំនងមនុស្សធម៌ និងវប្បធម៌ និងសូមអរគុណចំពោះអនាគតប្រជាជនរុស្ស៊ី និងប្រជាជនកម្ពុជាសម័យទំនើប ដែលពួកគេនឹងអាចយល់ពីគ្នាបានកាន់តែប្រសើរឡើង ហើយទំនាក់ទំនងរវាងរដ្ឋរបស់យើងនឹងកាន់តែរឹងមាំ”៕